ខេត្តកណ្តាល ៖ ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយតបគ្នាតប់គ្នាយ៉ាងសាហាវដូចនៅក្នុងរឿងចិនហុងកុង បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
ហេតុការណ៍វាយតបគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចបេនកាណូតលេខ១៥ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះមានគ្នា៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលទី១-ឈ្មោះ ផាត វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករលីសែង ទី២-ឈ្មោះ ហុត ខែត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាកម្មករលីសែង ទី៣-ឈ្មោះ ជឿន សាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាកម្មករលីសែង ។ទាំង៣នាក់មានទីលំនៅក្នុងភូមិកំពង់ចំម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក និងទី៤-ឈ្មោះ ឆើត រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មករលីសែង មានទីលំនោក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ។ ដោយឡែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះមានឈ្មោះ វិន ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីនគរបាលខាងលើបានបន្តថា ជនរងគ្រោះដែលត្រូវបក្ខពួកជនសង្ស័យវាយនិងដំបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីនគរបាលដដែលបានបន្តទៀតថា កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ បក្ខពួកក្រុមជនសង្ស័យមានគ្នា៥នាក់ បាននាំគ្នាអង្គុយនៅបេនកាណូតលេខ១៥ ដើម្បីរង់ចាំជិះកាណូតទៅស៊ីឈ្នួលលីសែងឲ្យគេ ខណៈពេលកំពុងអង្គុយនោះ ក៍ស្រាប់តែមានក្រុមក្មេងស្ទាវដែលជាជនជាតិវៀតណាមប្រមាណ៥ទៅ៦នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ មកធ្វើសកម្មភាពវាយទៅលើបក្ខពួកក្រុងជនសង្ស័យ បណ្តាលឲ្យក្រុមបក្ខពួកក្រុមជនសង្ស័យ៣នាក់រងរបួសស្រាល។ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវដែលជាជនជាតិវៀតណាមបាននាំគ្នារត់គេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ ស្របពេលនោះជនរងគ្រោះ និងមិត្តភក្តិដែលជាជនជាតិវៀតណាម ក៍បាននាំគ្នារត់ចេញពីកន្លែងលេងបុកប៊ីយ៉ាទៅមើលក្រុមជនសង្ស័យដែលត្រូវ ក្រុមក្មេងស្ទាវជាជនជាតិវៀតណាមវាយ បណ្តាលឲ្យរងរបួស ខណៈនោះក្រុមជនសង្ស័យនឹកស្មានថា ក្រុមជនរងគ្រោះជាបក្ខពួកក្មេងស្ទាវវៀតណាមមកវាយខ្លួនទៀត ក៍នាំគ្នាយកកាន់ដំបងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ដោយឡែកមិត្តភក្តិជនរងគ្រោះបាននាំគ្នារត់គេចខ្លួនអស់ ។
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនករបាលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យ៤នាក់ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោនៅមន្ទីរពេទ្យ តែជាអកុសល់ពេលដល់មន្ទីរពេទ្យជនរងគ្រោះ ក៍បានដាច់ខ្យល់ស្លាប់តែម្តង ដោយសាររបួសធ្ងន់ធ្ងរពេក ។
មន្ត្រីនគរបាលស្រុកលើកដែកបានបញ្ជាក់ថា កាលពីមុនដំបូងបក្ខពួកជនសង្ស័យខាងលើនេះ គឺជាជនរងគ្រោះទេ តែដោយសារពួកគេ(ក្រុមជនសង្ស័យ) មានការខឹងសម្បាជាមួយក្រុមក្មេងស្ទាវដែលជាជនជាតិវៀតណាម បានវាយមនុស្សច្រឡំ ទើបបណ្តាលឲ្យក្លាយជាជនសង្ស័យវិញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនករបាលស្រុកលើកដែក កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅធ្វើបុណ្យនៅឯប្រទេសវៀតណាមវិញ ៕



0 comments:
Post a Comment