ភ្នំពេញៈ លោក សូរិយា ស៊ូប៊ែរឌី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរងការវាយប្រហារកាលពីយប់មិញខណៈលោកកំពុងផ្តល់បាឋកថាជាសាធារណៈដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ជាការរៀបចំខាងនយោបាយ។
លោកសាស្រ្តាចារ្យ ស៊ូប៊ែរឌី បានផ្តល់បាឋកថា ស្តីពីច្បាប់វិនិយោគអន្តរជាតិនៅកម្ពុជា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលមិនមែនជាប្រធានបទស្តីពីសិទិ្ធមនុស្សនោះ បានបញ្ចប់បាឋកថា និងទទួលសំណួរពីសាធារណជន ដែលមានការប្រមាថ។
និស្សិត៦នាក់បានទាញក្បាលមេក្រូមកនិយាយលើប្រធានបទស្រដៀងគ្នាជុំវិញសិទិ្ធរបស់លោក ស៊ូប៊ែរឌី នៅក្នុងការរាយការណ៍អំពីប្រទេសកម្ពុជា។ មាននិស្សិតជាច្រើននាក់ចោទសួរពីភាពមិនលម្អៀងនិងរបៀបវារៈរបស់លោក។
សំណួរនេះធ្វើឲ្យមានការទះដៃសាទរខ្លាំងៗពីនិស្សិតដែលកំពុងចូលរួមស្តាប់ក្នុងសាលប្រជុំ។
យុវនិស្សិតម្នាក់សួរថា៖ «តើលោកកំពុងធ្វើអីនៅកម្ពុជា? តើលោកបាត់បង់ការងារឬ? បើលោកនិយាយថា ស្ថានការណ៍សិទិ្ធមនុស្សនៅកម្ពុជាល្អ?»។
និស្សិតម្នាក់ទៀតបន្ទរថា៖« លទ្ធផល[ក្នុងរបាយការណ៍លោក]គឺដូចគ្នានឹងគណបក្សប្រឆាំង។ ខ្ញុំមិនមានសំណួរទេ ព្រោះខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះលោក»។
លោក ស៊ូប៊ែរឌី បានឆ្លើយនឹងសំណួររបស់និស្សិត ដោយបានថ្លែងថា បើទោះជាលោករំពឹង នឹងពិភាក្សាអំពីច្បាប់វិនិយោគ ក៏ប៉ុន្តែលោកសុំសរសើរចំពោះភាពក្លាហានរបស់ម្ចាស់សំណួរ។
លោកបន្តថា៖ «របាយការណ៍ខ្ញុំស្តីពីសិទិ្ធមនុស្សគឺផ្អែកលើការវិភាគស្ថានការណ៍នៅទីនេះ។ ខ្ញុំស្តាប់ប្រជាជនគ្រប់ស្រទាប់។ ជាមិត្តរបស់ប្រទេសកម្ពុជា ខ្ញុំផ្តល់យោបល់ស្តីពីវិធានធ្វើឲ្យអភិបាលកិច្ចនៅក្នុងប្រទេសនេះកាន់តែល្អប្រសើរ»។ លោកបន្ថែមថា អង្គការសហប្រជាជាតិមិនបង្ខិតបង្ខំទៅលើអ្នកណាម្នាក់ឡើយ។
លោកប្រាប់ក្រុមនិស្សិតថា៖ « អ្នកនឹងអរគុណខ្ញុំក្នុងរយៈពេល២០ឆ្នាំទៀត។ អ្នកនៅក្មេង ហើយមានអារម្មណ៍ក្មេងខ្ចី។ តែខ្ញុំសូមស្វាគមន៍ និងកោតសរសើរ»។
បន្ទាប់ពីការឆ្លើយរបស់លោក ស៊ូប៊ែរឌី រួចមក លោក អ៊ិច សេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានឡើងធ្វើ បាឋកថា ពេលនោះក្រុមនិស្សិតមួយក្រុមមកពីក្រុមដដែលនោះបានប្រមូលផ្តុំគ្នានៅច្រកចូល ហើយលើកបដាអំពាវនាវឲ្យដកតំណែងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ និស្សិតជាច្រើននាក់បានអង្គុយជុំវិញសាលរាប់ទាំងអ្នកដែលសួរសំណួរផងបន្ទាប់មកបានដកបដាសរសេរដៃពីក្រោមតុ និងច្រៀង «No more Surya Subedi” ជាភាសាអង់គ្លេស។
ក្រោយមកនិស្សិតបានប្រមូលផ្តុំគ្នានៅខាងក្រៅច្រកចូលពេលចប់ព្រឹតិ្តការណ៍នេះរួចបន្តច្រៀងនិងមិនព្រមទៅណា បើទោះមានសំណើពីសាកលវិទ្យាល័យក្តី។ ចុចអានបន្ត
ប្រភព ពី ភ្នំពេញប៉ុស្ត៍


0 comments:
Post a Comment