ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កំពុងតែចាត់ការលើបណ្តឹងរបស់ នាយិកាសម្អាងការលុច្ស អ្នកស្រី ឈឹម វត្តី ដែលបានដាក់ពាក្យប្តឹងមន្ត្រីថ្នាក់ខ្ពស់នៅក្រសួងមហាផ្ទៃ ពីររូបនិងកូនចៅក្រោមបញ្ជា និងមន្ត្រីតំណាងអយ្យការអមសាលាដំបូងភ្នំពេញមួយរូប និងដើមបណ្តឹងទៅ ACU ចោទពីបទបានប្រើអំពើហិង្សាបង្កឲ្យគាត់ពិការដៃស្តាំមួយជីវិត។ នេះបើតាមលោកប្រធាន ACU អះអាងកាលពីម្សិលមិញ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃអង្គារថា ACU ទទួលបានបណ្តឹងរបស់អ្នកស្រី ឈឹម វត្តី រួចហើយ។ លោកមានប្រសាសន៍ថា ៖ «ខ្ញុំទទួលបានបណ្តឹងរបស់គាត់រួចហើយហើយ ACU ឥឡូវនេះ កំពុងតែធ្វើការលើរឿងនេះ»។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយលោកប្រធាន ACU មិនបានអធិប្បាយលម្អិតអំពីកិច្ចការរបស់ ACU លើសំណុំរឿងនេះទេ។
នៅក្នុងពាក្យបណ្តឹងអ្នកស្រី ឈឹម វត្តី អាយុ ៥៨ ឆ្នាំ មុខរបរជាពាណិជ្ជករ និងជានាយិកាសម្អាងការលុច្សបានប្តឹង លោកឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ឈាង មុន្នី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងកូនចៅក្រោមបញ្ជា លោកព្រះរាជអាជ្ញារង ខៀវ ផល្លា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយនិង ឈ្មោះ ហ៊ី ទូច ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ដែលធ្វើឲ្យដៃស្តាំរបស់គាត់ដែលបាក់ត្រូវពិការអស់មួយជីវិត។
ពាក្យបណ្តឹងអ្នកស្រី ឈឹម វត្តី ផ្ញើទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីព្រឹកថ្ងៃអង្គារ អ្នកស្រីបានចោទប្រកាន់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះលោកឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ឈាង មុន្នី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ព្រមទាំងកូនចៅក្រោមបញ្ជា និងលោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃនិងយង់ឃ្នងដោយប្រើកម្លាំងនគរបាលប្រដាប់អាវុធចំនួន៦ទៅ៧នាក់មកព័ទ្ធចាប់រូបគាត់កំពុងនៅក្នុងឡានកូនកំលោះឈ្មោះ តុល បូរិត និងបានមកចាប់កន្ទ្រាក់ដៃគាត់ដែលបាក់និងកំពុងអបឆ្អឹងបណ្តាលឲ្យពិការអស់មួយជីវិត។
អ្នកស្រី ឈឹម វត្តី បាននិយាយថា៖ «មានកម្លាំងប្រដាប់អាវុធប្រុសៗចំនួន៦ ទៅ៧នាក់ មកព័ទ្ធជុំវិញឡានខ្ញុំជិះ ពេលនោះនាងខ្ញុំបានទៅសួរពួកគាត់ថា តើមានរឿងអ្វី? ស្រាប់តែឮសំឡេងស្រែកខ្លាំងៗថា ចាប់វាយកទៅដាក់ក្នុងឡានឲ្យលឿន(ឡាននោះពណ៌ខ្មៅបិទកញ្ចក់ជិតជិះមកអែបនឹងឡានកូនកំលោះតុល បូរិត ដើម្បីចាប់ខ្លួននាងខ្ញុំ។ ក្នុងនោះមានមនុស្សមាឌធំម្នាក់ជាអ្នកទាញកន្ទ្រាក់ដៃបាក់និងម្នាក់ទៀតជាអ្នកទាញជើងខ្ញុំអូសពីក្នុងឡានម្នាក់ទៀតកញ្ឆក់ទូរស័ព្ទពីនាងខ្ញុំមិនឲ្យខ្ញុំទូរស័ព្ទបានហើយបានវាសដៃចំភ្នែកស្តាំខ្ញុំធ្វើឲ្យចេញឈាមក្រហមពេញភ្នែក។ រួចមកចាក់សោបើកទ្វារឡានរបស់កូនកំលោះ ដឹកនាងខ្ញុំ និងកូនស្រីនាងខ្ញុំទៅកាន់ក្រសួងមហាផ្ទៃតែម្តងហើយដែលភ្លាមៗនោះដៃនាងខ្ញុំ ចាប់ផ្តើមហើមប៉ោងខ្មៅ ព្រោះតែការទាញកន្រ្តាក់ចំឆ្អឹងដែលទើបតែនឹងវះកាត់រួចធ្វើឲ្យឆ្អឹងត្រូវបាក់បន្ថែមទៀត»។
អ្នកស្រី ឈឹម វត្តី បានបន្តថា ៖ «បច្ចុប្បន្នគឺនាងខ្ញុំ ត្រូវទទួលការឈឺចាប់រហូត ហើយមន្ទីរពេទ្យបួននៅវៀតណាម បានប្រាប់ថា មិនអាចដកដែកដែលដាក់នៅក្នុងដៃបានទេ។ ការប្រព្រឹត្តអំពើឃោរឃៅនេះបានធ្វើឲ្យនាងខ្ញុំបាត់បង់ការងារក្នុងរបរចិញ្ចឹមកូន បុគ្គលិកចិញ្ចឹមខ្លួន ការងារក្រុមប្រឹក្សាខណ្ឌ ការងារជាអនុប្រធានកិត្តិយស អនុប្រធានសាខាកាកបាទក្រហមខណ្ឌ និងការងារទីប្រឹក្សាសភាពាណិជ្ជកម្ម។ បន្ថែមក្នុងនោះ ជំងឺបេះដូងរបស់ខ្ញុំ ត្រូវរើឡើងវិញទៀតផង»។
អ្នកស្រី ឈឹម វត្តី បន្តទៀតថា៖ «នាងខ្ញុំ សូមឯកឧត្តម មេត្តាជួយរកយុត្តិធម៌និងជួយពិនិត្យវែកញែកឲ្យច្បាស់ពីការប្រើអំពើហិង្សាដ៏កម្រោលប្រៀបបានចាប់ជំរិតប្លន់សម្លាប់ដែលធ្វើឲ្យនាងខ្ញុំភ័យខ្លាចយ៉ាងខ្លាំងព្រោះប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវសោះចុះហេតុអ្វីបានជាឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា លោកវរសេនីយ៍ ឈាង មុន្នី ព្រមទាំងកូនចៅក្រោមបញ្ជា និងលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ ឃុបឃិតជាមួយជនខិលខូច ឈ្មោះ ហ៊ី ទូច ប្រើទឹកប្រាក់មកបង្វែរសំណុំរឿងរដ្ឋប្បវេណី ទៅជារឿងព្រហ្មទណ្ឌកម្រិតធ្ងន់ទៅវិញ»។
លោកឧត្តមសនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបដិសេធការចោទប្រកាន់របស់អ្នកស្រី ឈឹម វត្តី ហើយថា សមត្ថកិច្ចលោកមិនបានវាយឬធ្វើឲ្យគាត់បាក់ដៃនោះទេ។
លោកអះអាងថា ដៃឆ្វេងរបស់អ្នកស្រី ឈឹម វត្តី គឺបានបាក់កដៃពីមុនមកហើយត្រូវរបួស។ វាមិនមែនប៉ូលិសលោកធ្វើឲ្យបាក់នោះទេ។ លោកប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖ «យើងមិនបានប្រព្រឹត្តអំពើហិង្សាលើរូបគាត់ ឬធ្វើឲ្យដៃរបស់គាត់បាក់ដូចដែលគេបានចោទប្រកាន់ទេយើងគ្រាន់តែអញ្ជើញគាត់មកជួបសមត្ថកិច្ចដើម្បីសាកសួរនៅឯក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចេញសែកគ្មានប្រាក់។ ប៉ុន្តែជានិច្ចកាលគាត់មិនមកតាមការអញ្ជើញទេ»។ លោកបញ្ជាក់ថា ៖ «យើងមិនបានរំលោភច្បាប់ទេ។ យើងគ្រាន់តែបំពេញភារកិច្ចតាមដីការបស់តុលាការដើម្បីនាំខ្លួនគាត់ឲ្យចូលមកឆ្លើយបំភ្លឺតែប៉ុណ្ណោះ»។ លោកអ៊ិន បូរ៉ា បានថ្លែងបន្តថា អ្នកស្រី ឈឹម វត្តី ត្រូវលោកហ៊ី ទូច(ជាពាណិជ្ជករ)ប្តឹងពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ ។ ខាងសមត្ថកិច្ចនគរបាលឃាត់ខ្លួនគាត់ ហើយនាំគាត់មកក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣តាមដីការបស់លោក ខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣។
លោក ខៀវ ផល្លា បានថ្លែងថា លោកមិនបានដឹងឬពាក់ព័ន្ធនឹងរបួសរបស់អ្នកស្រី ឈឹម វត្តី ទេ។ លោកបញ្ជាក់ថា នោះគឺជាកិច្ចការរបស់នគរបាល។
លោកព្រះរាជអាជ្ញារងអះអាងដែរថា៖ « ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានចេញដីកាកោះហៅគាត់ចំនួនបីលើកឲ្យចូលខ្លួនមកបំភ្លឺជុំវិញការចេញសែកគ្មានសាច់ប្រាក់តាមឯកសាររបស់នគរបាល។ប៉ុន្តែ ខ្ញុំមិនបានដឹងពីរបួស ឬការធ្វើឲ្យគាត់បាក់ដៃទេ»៕ NR
_________________
ប្រភព ពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment