ភ្នំពេញៈ ដោយគណបក្សប្រឆាំង បន្តជំទាស់លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ហើយរដ្ឋាភិបាលមានជំហររឹងមាំ ដែលការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ នឹងមិនកើតឡើងនោះធ្វើឲ្យមានការចោទសួរថា តើបញ្ហាជាប់គាំងនេះ អាចអូសបន្លាយរយៈពេលយូរប៉ុនណា?
នៅក្នុងឆ្នាំ ២០០៨ ការគំរាមធ្វើពហិការ ប្រហាក់ប្រហែលគ្នានេះត្រូវបានបញ្ចប់ បន្ទាប់ពីគណបក្ស សម រង្ស៊ី បានធ្វើកិច្ចព្រមព្រៀងរយៈពេល ១១ ម៉ោង ជាមួយនឹងមន្រ្តីគណបក្សប្រជាជនកម្ពុជា។នៅពេល នោះ មន្រ្តីគណបក្សប្រឆាំងបានថ្លែងថា ពួកគេបានដកថយដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ។
លោកស្រី Laura Thornton នាយករបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានថ្លែងថា ប៉ុន្តែ ពេលដែលការប្រកួតប្រជែងមានកម្រិតកៀកគ្នាខ្លាំង ហើយភាពមិនប្រក្រតីមានច្រើន ការឆ្លើយតបបែបនេះ គឺមិនមានន័យ។
លោកស្រីបន្តថា៖«ក្នុងសវនកម្មរបស់យើង យើងមានលទ្ធផលដែលខុសគ្នាតិចបំផុតគឺ ៤៦,៨ ទល់នឹង ៤៦,២ ភាគរយ [នៃសំឡេងប្រជាជន]។ ជាមួយនឹងតួលេខខុសគ្នាតិចបែបនោះ ការឈ្នះតិចបែបនោះ អ្នកត្រូវគិតអំពីភាពមិនប្រក្រតីឲ្យខ្លាំង»។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំងបានថ្លែងថា គណបក្សនឹងបន្តធ្វើបែបនោះ។ លោកស្រីថ្លែងថា៖ «យើងមិនអាចដើរទៅមុខដោយគ្មានការដោះស្រាយបញ្ហាមិនប្រក្រតី ទាំងនេះឡើយ»។
លោក ស្រី សុខហួរ បានបន្តថា បើទោះបីជារដ្ឋាភិបាលបានចាត់ទុកការស៊ើបអង្កេតឯករាជ្យដែលស្នើឡើងគឺខុសច្បាប់ក្តី ប៉ុន្តែលោកស្រីច្បាស់ថា៖ «គណៈកម្មការ ដែលយើងបានស្នើសុំនឹងកើតឡើង»។
លោកស្រីបានបន្ថែមថា៖ «២ ខែក្រោយការបោះឆ្នោត រដ្ឋសភាថ្មីនឹងត្រូវបើកអង្គប្រជុំលើកទី១។ វានឹងត្រូវដោះស្រាយមុនពេលនោះ»។ ប៉ុន្តែថា តើទម្រង់នៃដំណោះស្រាយនោះអាចជាអ្វី គឺជាការប៉ាន់ស្មាន មិនច្បាស់ទេ។
លោក កែម ឡី អ្នកវិភាគបានកត់សម្គាល់ថា រដ្ឋាភិបាលអាចបែងចែកអាសនៈទៅគណបក្សតូចៗ ប្រសិនបើគណបក្សប្រឆាំងបន្តបដិសេធលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែថា ច្បាប់នោះហាក់ដូចជាអនុញ្ញាតតែក្នុងករណីគណបក្ស ទី៣កាន់អាសនៈ នៅក្នុងរដ្ឋសភាប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកថា វាមិនអាចឈានដល់ចំណុចនោះទេ។ លោកបន្ថែមថា៖«គណបក្សប្រឆាំងតែងតែប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត។ ខ្ញុំបានរៀនសូត្រពីអតីតកាល។ គេច្រានចោលលទ្ធផល បន្ទាប់មក គេទទួលយក ហើយចូលរួមក្នុងរដ្ឋសភា»។
បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្តនៅស្ងប់ស្ងៀម មន្រ្តីរដ្ឋាភិបាលបានចាប់ផ្តើមឲ្យជាសញ្ញាថា ប្រសិនបើគណបក្សប្រឆាំងបន្តច្រានចោលលទ្ធផលនៃការបោះឆ្នោត នៅពេលបណ្តឹងទាំងអស់បានដោះស្រាយរួច ពួកគេអាចប៉ះពាល់ដល់តំណែងរបស់ខ្លួនទាំងអស់គ្នា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖«ខ្ញុំគិតថាប្រសិនបើគណបក្សសង្គ្រោះជាតិ បន្តបដិសេធលទ្ធផលនៃការបោះឆ្នោត ពួកគេនឹងជាអ្នកចាញ់ ព្រោះមានច្បាប់សម្រេចបញ្ហានេះ។ សំណួរពេលនេះគឺថា តើគណបក្សសង្គ្រោះជាតិនឹងទទួលយកលទ្ធផលឬអត់ យើងរង់ចាំសេចក្តីសម្រេចរបស់ពួកគេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា ការបន្តមិនទទួលយកលទ្ធផលដោយលោក សម រង្ស៊ី ពុំមែនជារឿងថ្មីទេ។ លោកបញ្ជាក់ថា៖«គណបក្សប្រឆាំង មិនដែលគោរពលទ្ធផលនៃការបោះឆ្នោតទេ។ ពួកគេតែងតែព្យាយាមប្លន់ឆន្ទៈរបស់ប្រជាជន…ពួកគេព្យាយាមរៀបចំបាតុកម្មធំ ពួកគេតែងតែធ្លាប់ធ្វើបែបនោះ»។
លោក ផៃ ស៊ីផានបានថ្លែងទៀតថា៖«ល្បែងដែលពួកគេចង់លេងគឺ រដ្ឋសភា មិនអាចបើកអាណតិ្តរបស់ខ្លួន ដោយសារចំនួនកូរ៉ុម ពួកគេព្យាយាម និងប្រើវិធីនោះដើម្បីគាបសង្កត់គណបក្សប្រជាជន និងរដ្ឋាភិបាល ប៉ុន្តែ ដូចយើងធ្លាប់ដឹងពីឆ្នាំ ១៩៩៨ និង ២០០៣ គឺថា រដ្ឋាភិបាលនៅតែបន្ត»។
ទន្ទឹមនឹងនេះដោយបដិសេធមិនចូលអង្គុយអាសនៈ គណបក្សប្រឆាំងអាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្ត ដែលបានបោះឆ្នោតឲ្យខ្លួនដើម្បីបម្រើពួកគេ និងជាតំណាងរាស្រ្តជាប់ឆ្នោត ដែលចង់ប្រើប្រាស់អំណាចរបស់ខ្លួន។លោក ស៊ីផាន ព្រមានថា៖ «វានឹងធ្វើឲ្យមានការខកចិត្ត ហើយការខកចិត្តមិនមែនជារឿងល្អទេ»។
អ្នកវិភាគមួយចំនួនតូច បានបន្ទរអារម្មណ៍បែបនោះផងដែរ។
លោក David Chandler សាស្រ្តាចារ្យប្រវត្តិសាស្រ្តកម្ពុជា បានថ្លែងថា៖ «វានឹងមានសារៈសំខាន់ចំពោះលោក សម រង្ស៊ី និងលោក កឹម សុខា ដែលត្រូវរក្សាភាពស្ងៀមស្ងាត់ពេលនេះ ហើយអ្នកគាំទ្រពួកគេនៅសហរដ្ឋអាមេរិកក៏អ៊ីចឹងដែរ»។
ខណៈអ្នកគាំទ្រគណបក្សប្រឆាំងបានចង្អុលមាត្រា ៨៨ នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យមានវត្តមាន ៧/១០ កូរ៉ុម ដើម្បីធ្វើឲ្យអង្គប្រជុំរដ្ឋសភាមានសុពលភាព ចំនួនកំណត់នេះពុំបានបញ្ចប់រដ្ឋសភាមិនឲ្យបើកអង្គប្រជុំកាលពីមុនទេ។ ក្នុងឆ្នាំ ២០១១ តំណាងរាស្រ្តគណបក្សប្រឆាំង បានលាលែង ដោយព្យាយាមធ្វើឲ្យមានវិបតិ្តរដ្ឋធម្មនុញ្ញ ជាការតវ៉ានឹងសេចក្តីព្រាងច្បាប់ថវិកា។ ប៉ុន្មានថ្ងៃក្រោយមក ច្បាប់នេះត្រូវបានអនុម័តដោយមានវត្តមានតំណាងរាស្រ្តតែ ៨៦ នាក់ ប៉ុន្តែគឺតិចជាងតួលេខ កូរ៉ុម ដែលតម្រូវ ហើយជាការរំលោភយ៉ាងច្បាស់លើមាត្រា ៧៦ (ដែលចែងថា រដ្ឋសភាត្រូវមានសមាជិកតំណាងរាស្រ្តយ៉ាងតិច ១២០ រូប)»។
ដូចគ្នានេះដែរ ទើបតែ ២ ខែមុន រដ្ឋសភាបានអនុម័តច្បាប់ធ្វើការផ្តន្ទាទោស ចំពោះអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម បន្ទាប់ពីបានបណ្តេញតំណាងរាស្រ្តគណបក្សប្រឆាំង ២៩ រូបដែលហាក់ដូចជារំលោភមាត្រា ៧៦ ជាថ្មីម្តងទៀត។
លោកស្រី Thornton បានចង្អុលបង្ហាញថា៖ «ច្បាប់ត្រូវបានបកស្រាយតាមវិធីជាច្រើន។ តាមពិត ខ្ញុំមិនច្បាស់ថា តើវានឹងទៅជាយ៉ាងម៉េចនោះទេ»។
ប្រសិនបើគ្មានដំណោះស្រាយ ហើយរដ្ឋាភិបាលជ្រើសរើសការអនុវត្តតាមអត្ថបទច្បាប់ ពួកគេអាចព្យាយាមបំបែកគណបក្សប្រឆាំង ដោយជ្រើសរើសយកតំណាងរាស្រ្តឲ្យបានច្រើនដែលចាំបាច់ដើម្បីចំនួន កូរ៉ុម។
លោក កែម ឡី បានបញ្ជាក់ថា៖ «គណបក្សប្រជាជន នឹងព្យាយាមបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឲ្យចូលរួមរដ្ឋាភិបាល ចម្រុះ ដើម្បីធ្វើឲ្យគណបក្សប្រឆាំងទន់ខ្សោយ ក្នុងការបោះឆ្នោតលើកក្រោយ»។
បើទោះបីជា លោកស្រី សុខហួរ ទទូចថា គណបក្សរបស់ខ្លួន នៅតែរួបរួមគ្នាក៏ដោយក៏លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចង្អុលបង្ហាញថា មានតំណាងរាស្រ្តជាប់ឆ្នោតជាច្រើន ដែលចង់ទទួលតំណែងរបស់ខ្លួន។
លោកបានគូសបញ្ជាក់ថា៖«មានផលប៉ះពាល់ គេមិនទទួលបានប្រាក់ខែ ហើយគេវិនិយោគពេលវេលា និងប្រាក់ជាច្រើនក្នុងយុទ្ធនាការឃោសនាតើអ្នកណាចង់ សម្រុះសម្រួល? តើអ្នកណាចង់មកទាក់ទងគណបក្សប្រជាជន?»។
ទន្ទឹមនឹងនេះ ដោយមួយថ្ងៃៗកន្លងផុតទៅ កំហឹងដំបូងចំពោះលទ្ធផលនៃការបោះឆ្នោតហាក់ដូចជាថយចុះ។ ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអង្គារដែលដំបូងឡើយហៅថា ការប្រមូលផ្តុំរបស់យុវជនហើយក្រោយមកបានផ្លាស់ប្តូរទៅជាការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារដោយការគប់គ្រាប់បែកនៅខាងមុខអតីតអគាររដ្ឋសភា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិស្មោះស្ម័គ្រហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការនិយាយអំពីការបះបោរ។
ប្រជាពលរដ្ឋជាច្រើន នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងនៅឡើយ ចំពោះភាពចលាចលណាមួយដែលអាចកើតឡើងប្រសិនបើគណបក្សប្រជាជននិង បក្សសង្គ្រោះជាតិ មិនព្រមអង្គុយទល់មុខគ្នារកវិធីដោះស្រាយ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment