មិនដូចពីការគ្រោងទុកឡើយ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដានោះ នៅថ្ងៃទី១២ខែសីហានេះវិញ ខណៈគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត មិនទាន់ត្រូវបានបង្កើតឡើង។
ការផ្លាស់ប្តូរជំហរលឿនបែបនេះ នាំឲ្យមានអង្គការឃ្លាំមើលការបោះឆ្នោតជាង៤០ សម្តែងការខកចិត្ត។ សេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៏បោះឆ្នោត បានហៅការសម្រេចចិត្តរបស់គជប នេះថាធ្វើឲ្យមានការប្រឈម នៃការចរចារវាងគណបក្សធំទាំងពីរដែលឈ្នះអាសនៈ និងបង្កើនភាពតានតឹងដែលមានស្រាប់ របស់អ្នកបោះឆ្នោត ហើយអាចនឹងធ្វើឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិច បានបន្ថែមលើសេចក្តីថ្លែងការណ៏នោះថា ការប្រកាសលទ្ធផលមុនពេលស៊ើបអង្កេតភាពមិនប្រក្រតីនេះ ធ្វើឲ្យមានមន្ទិលថា គ.ជ.ប រងគំនាបពីអ្នកនយោបាយកាន់អំណាច ៖ “យើងគិតថាប្រហែលជាមានបញ្ហាអីនៅពីក្រោយខ្នងហ្នឹងតិច បានជា គជប ខ្លួនឯងមានការប្រែប្រួលយ៉ាងឆាប់រហ័សយ៉ាងនេះ ខ្ញុំជឿថា អាចមានពាក់ព័ន្ធបញ្ហានយោបាយ”។
ថ្វីត្បិត គ.ជ.ប ប្រកាសលទ្ធផលមែន តែខ្លួនមិនទាន់បែងចែកអាសនៈនូវឡើយ។ ប៉ុន្តែសំឡេងឆ្នោតសរុបដែលគណបក្សធំៗពីរឈ្នះច្រើនដាច់គេនោះគឺ គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ ដោយសំឡេងសរុបប្រមាណ ៣២៣៥៩៦៩ និងគណបក្សសង្គ្រោះជាតិ បានតាមប្រកិតដោយសំឡេង ២៩៤៦១៧៦ ទូទាំងប្រទេស។ បើតាមចំនួននេះ គណបក្សប្រឆាំងចាញ់គណបក្សកាន់អំណាចចំនួន ២៨៩៧៩៣សំឡេង។
មន្ត្រីគណបក្សប្រជាជនកម្ពុជា រំពឹងថា ខ្លួនឈ្នះបាន៦៨អាសនៈ ហើយថាគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែក្រោយមកគណបក្សប្រឆាំងអះអាងថា ខ្លួនឈ្នះគណបក្សកាន់អំណាចវិញ ដោយទទួលបានយ៉ាងតិច៦៣អាសនៈ នៃអាសនៈសរុប១២៣។
បើតាមអ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី វិភាគលើទិន្ន័យសរុបដែល គ.ជ.ប ប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សសង្គ្រោះជាតិអាចស្រូបបានអាសនៈកើនឡើង។ ចំណែកគណបក្សប្រជាជនកម្ពុជា អាចបន្តជ្រុះបាត់បន្ថែមទៀត ៖ “គណបក្សប្រជាជនអាចថយ ប្រហែលជាមួយ ឬក៏បី ហើយគណបក្សសង្គ្រោះជាតិ អាចឡើងទៅមួយ ឬក៏បីអាសនៈ អាហ្នឹងដូចជានៅសៀមរាប នៅក្រចេះ នៅកណ្តាលអីជាដើម។ល។”។
ប៉ុន្តែស្រាប់លោក ហង្ស ពុទ្ធា ប្រយ័ត្នប្រយែងក្នុងការបែងចែកអាសនៈនេះ ៖ “ប្រុងប្រយ័ត្នមែនទែន ចាំមើលតួលេងហ្នឹងហើយចាំយើងចែករក បើនិយាយមួយម៉ាត់ទៅវាអាចមានបញ្ហា”។
ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប នៅថ្ងៃទី១២ខែសីហានេះ ផ្ទុយនឹងព្រះរាជសារបស់ព្រះមហាក្សត្រ ដែលបានឲ្យដឹងថា លទ្ធផលអាចនឹងប្រកាសចន្លោះពីថ្ងៃទី១៤ខែសីហាដល់ថ្ងៃទី៨ខែកញ្ញា។ លោក កែម ឡី យល់ថា ចំណាត់ការរបស់ គ.ជ.ប ធ្វើឡើងតាមឆន្ទៈអ្នកនយោបាយមានអំណាចជាជាងធ្វើតាមនីតិវិធីច្បាប់ ៖ “ខ្ញុំគិតថា ការប្រកាសនេះ អាចបង្កើនឡើងនៅកម្លាំងនយោបាយ អាចបង្កើតឡើងនូវភាពតានតឹង អាចបង្កើនឡើងនូវភាពស្មុគស្មាញនៅក្នុងការសម្របសម្រួលដើម្បីបង្កើតគណៈកម្មការឯករាជ្យ”។
ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប នេះ ក៏ចំពេលដែលព្រះមហាក្សត្រយាងចេញពីកម្ពុជាទៅប្រទេសចិន នៅថ្ងៃចន្ទនេះ។
លោកបណ្ឌិត សុខ ទូច វិភាគថា ការយាងចេញទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រ ដោយសារអ្នកនយោបាយមិនធ្វើតាមព្រះរាជតំរិះរបស់ទ្រង់ ៖ “ហើយអញ្ចឹងព្រះមហាក្សត្រចេញក៏មិនជាបញ្ហាដែរ ព្រោះអ្នកនយោបាយអត់ត្រូវការព្រះអង្គផងហ្នឹង ព្រះអង្គចេញក៏ស្រួលដែរ ដើម្បីកុំឲ្យពាក់ពិន ដល់អញ្ចឹងទៅព្រោះព្រះអង្គបានផ្ញើសារហ្នឹង ព្រះអង្គចង់ចូលខ្លួនក្នុងការដោះស្រាយហើយ ទោះបីជាព្រះអង្គមិនធ្វើនយោបាយទេ ព្រះអង្គគ្រាន់តែជាម្លប់សម្រាប់ផ្តល់អាជ្ញាកណ្តាល ទៅឲ្យអ្នកនយោបាយតែប៉ុណ្ណឹង”។
បើតាមលោក សុខ ទូច បើទោះជា គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្នថា គណបក្សប្រជាជនកម្ពុជានៅតែឈ្នះបន្តកាន់អំណាចទៀតក្តី តែស្ថានការណ៏រំជើបរំជួលនៅតែមាន ៖ “យើងអត់ទាន់ដឹងទេ ម៉េចបានអត់ទាន់ដឹង ពីព្រោះគ្មានប្រភពណា ប្រជាជនបើសិនជាគ្មានការគែនពលពីអ្នកនយោបាយ វាអត់អាចផ្ទុះបានទេ អញ្ចឹងទេយើងចាំមើលទិដ្ឋភាពពីរឬបីថ្ងៃទៀត”។
ស្ថានការណ៏រំជើបរំជួលនេះ ត្រូវបានអ្នកវិភាគ យល់ថា មកពីការមិនទុកចិត្តពីឯករាជ្យរបស់ គ.ជ.ប ។ បញ្ហានេះ ក៏បានធ្វើឲ្យបន្ទប់ស្ថានការណ៏បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍ រំលឹកដល់ការព្រួយបារម្ភរបស់អ្នកករាយការណ៍ពិសេស អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធមនុស្សនៅកម្ពុជា។ លោក សូរិយា ស៊ូប៊ែឌី ព្រមានថា បើដំណើរការបោះឆ្នោតធ្វើឡើងមិនផ្អែកលើការពិត និងការជឿទុកចិត្តពីម្ចាស់ឆ្នោតទេនោះ មូលដ្ឋានគ្រឹះនៃស្ថាប័ននយោបាយ និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងត្រូវរង្គោះរង្គើ ហើយប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងស្ថានភាពនៃការប្រើអំពើហិង្សា៕
- See more at: http://vodhotnews.com/15300#sthash.EupkyYRz.dpuf
Read more: http://www.cambodiapage.info/


0 comments:
Post a Comment