គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:23 PM
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ជា​ថ្មី​ថា​នឹង​​ធ្វើ​មហា​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ខាង​មុខ​ប្រឆាំង​នឹង​លទ្ធផល​បោះ​​ឆ្នោត។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ​ជាង ១​ពាន់​នាក់​នៅ​ទី​រួម​ខេត្ត​តាកែវ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​មិន​រាថយ​ថា គណបក្ស​ប្រឆាំង​​មួយ​នេះ​នឹង​កៀរគរ​អ្នក​គាំទ្រ​ធ្វើ​បាតុកម្ម​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
លោក សម រង្ស៊ី និយាយ​នៅ​ថ្ងៃ​ទី​៦ សីហា ថា លោក​នឹង​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ចំពោះ​ការ​រក​យុត្តិធម៌​របស់ គ.ជ.ប សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​អះអាង​ថា បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ។
លោក សម រង្ស៊ី ដែល​នៅ​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នៅ​ឡើយ​ផង​នោះ បន្ត​ថា យន្តការ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ដណ្ដើម​ជ័យជំនះ​នេះ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​វិញ គឺ​ត្រូវ​ពឹង​អន្តរជាតិ និង​ជម្រើស​ចុង​ក្រោយ គឺ​ចលនា​មហា​បាតុកម្ម​ប៉ុណ្ណោះ។ លោក​គិត​ថា នេះ​ជា​ទី​ចុង​ក្រោយ​សម្រាប់​ស្រោចស្រង់​ប្រទេស​ជាតិ ហើយ​ជំហរ​នេះ​នឹង​មិន​ថយក្រោយ​ឡើយ។
ចំណែក​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​និយាយ​ថា បើ​ទោះ​ជា​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​តាកែវ ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ណា​ក្តី ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ដណ្ដើម​ជោគជ័យ គឺ​ស្មើ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​សម្របសម្រួល​មក​ពី​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី ដែល​ចុះ​ឃ្លាំមើល​ការ​ជួបជុំ​នេះ និយាយ​ថា កិច្ច​សន្ទនា​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ពុំ​មាន​ការ​រារាំង​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី គ.ជ.ប ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​៦ សីហា បាន​ទេ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។
នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ១​ពាន់​នាក់ លោក សម រង្ស៊ី ពុំ​បាន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​ឡើយ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គិត​ថា អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ នឹង​ទាញ​ទម្លាក់​ឲ្យ​កម្ពុជា ជួប​វិបត្តិ​ដែល​ពិបាក​នឹង​រក​ច្រកចេញ។ លោក​បន្ត​ថា យុទ្ធនាការ​របស់​លោក សម រង្ស៊ី គឺ​ជា​ចរន្ត​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិក (NICFEC) ឲ្យ​ដឹង​ថា បាតុកម្ម​នេះ​អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​តប​វិញ។ ហេតុនេះ​លោក​គឺ​ថា វា​ជា​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​និង​សន្តិសុខ។ លោក​បន្ត​ថា បើ​ទោះ​ជា​បែប​ណា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ជា​ទាមទារ​សិទ្ធិ​ដែល​បក្ស​ប្រឆាំង​ចាត់​ទុក​ថា លទ្ធផល​ឆ្នោត​ពុំ​មាន​តម្លាភាព​និង​យុត្តិធម៌។
កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​តប បើ​សិន​បក្ស​ប្រឆាំង​នៅ​បន្ត​ជំហរ​ធ្វើ​បែប​នេះ ហើយ​ទាមទារ​ឲ្យ​ពលរដ្ឋ​ ជាពិសេស​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ គួរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​បាតុកម្ម​នេះ។
ប្រភពពី៖ RFA

0 comments:

Post a Comment