គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:53 AM
កណ្តាលៈ ស្រី ណាក់ ជា​គិលានុបដ្ឋាកយិកា អាយុ ២៦ ឆ្នាំ មិន​ដែល​មាន​បញ្ហា​ជាមួយ​នឹង​ការ​បោះឆ្នោត​ពី​មុន​មក​ទេ។
ប៉ុន្តែ​ចំពោះ​ការ​បោះឆ្នោត​លើក​នេះ​ឈ្មោះ​នាង​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បង្វែរ​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស ប្រឆាំង ដែល​ប្តេជ្ញា​បណ្តេញ «ជនជាតិ​វៀតណាម» មិន​ឲ្យ​បោះឆ្នោត។
ស្រី ណាក់ បាន​ប្រាប់​ថា​បាន​ឮ​ការ​ស្រែក​ថា៖ «នាង​ក៏​ជា​យួន​ដែរ ដេញ​នាង​ចេញ!»។
អ្នក​នាង​បន្ត​ថា៖ «ពួក​គេ​និយាយ​ថា ខ្ញុំ​យួន​គឺ​ដោយ​សារ​តែ​ស្បែក​ខ្ញុំ​ស។ បើ​វា​ជា​ការ​ពិត​នោះ រាល់​ជនជាតិ​កម្ពុជា​ទាំង​អស់​ដែល​រាង​ស្គម​និង​ស្បែក​ស​ដូច​ខ្ញុំ នឹង​មិន​ហ៊ាន​ទៅ​បោះឆ្នោត​ទេ​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​ព្រោះ ខ្លាច​ថា​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ»។
ដូច​ប្រជាជន​កម្ពុជា​មួយ​ចំនួន ស្រី ណាក់ បាន​បាត់​ឯកសារ​អត្តសញ្ញាណ​នាង​នៅ​មុន​ការ​បោះឆ្នោត ហើយ​បាន​ដាក់​ពាក្យ​សុំ​អត្តសញ្ញាណ​បណ្តោះ​អាសន្ន​ដែល​អាច​អនុញ្ញាត​ឲ្យ​នាង​មាន​សិទ្ធិ​បោះឆ្នោត​បាន។
តែ​ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​នៅ​ឃុំ ក្បាលកោះ មន្រ្តី​បោះឆ្នោត​បាន សួរ​អំពី​ឯកសារ​បោះឆ្នោត​របស់​នាង និង​សិទ្ធិ​បោះឆ្នោត។
នៅ​ក្នុង​បន្ទប់​ក្បែរ​គ្នា​នោះ​ហ្វូង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កំពុង​តែ​បណ្តេញ​ជន​វៀតណាម​ពីរ​នាក់​ដែល​ចោទ​ប្រកាន់​ថា​ជា​អ្នក​បោះឆ្នោត​សញ្ជាតិ​វៀតណាម​ខុស​ច្បាប់​ហើយ​ភ្លាមៗ​បន្ទាប់​ពី​នោះ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​បាន​បែរ​ទៅ​រក​អ្នក​នាង (ស្រី ណាក់) ដែរ​ហើយ​បាន​បណ្តេញ​នាង​ចេញ​ធ្វើ​ឲ្យ​នាង​ទទួល​នូវ​បទ​ពិសោធ​នៃ​អ្វី​ដែល​នាង ជឿ​ថា បណ្តាល​មក​ពី​ផល​វិបាក​នៃ​ការ​ចែក​បក្ខពួក​និង​ប្រកាន់​ពូជ​សាសន៍​ដែល​ស្ទើរ​តែ​ជា​ការ​រើសអើង​ពូជសាសន៍​រាលដាល​ដល់​កន្លែង​ផ្សេងៗ​នៅ​ថ្ងៃ​បោះឆ្នោត។
អ្នក​នាង​បន្ត​ថា ៖ «ខ្ញុំ​មិន​គាំទ្រ​វៀតណាម [ខុស​ច្បាប់] ឲ្យ​បោះឆ្នោត​ទេ ប៉ុន្តែ ប្រសិន​បើ​ជនជាតិ​វៀតណាម​បាន​រស់​នៅ​ទី​នេះ​អស់​រយៈ​ពេល ៣០ ឆ្នាំ​ហើយ​មាន​ឯកសារ​សិទ្ធិ​ពេញ​លេញ ពួក​គេ​គឺជា [ជនជាតិ​កម្ពុជា]…ប្រសិន​បើ​អ្នក​រស់​នៅ​អាមេរិក ឬ​នៅ​ប្រទេស​ដទៃៗ ហើយ​ទទួល​បាន​សញ្ជាតិ​នោះ អ្នក​អាច​បោះឆ្នោត​បាន​ទេ»។
ដោយ​មិន​គិត​ថា ជនជាតិ​ភាគ​តិច​មាន​ដើម​កំណើត​មក​ពី​ណា​នោះ​ទេ គ្រួសារ​របស់ ស្រី ណាក់ បាន​ចុះ​បញ្ជី​ជា​ប្រជាជន​នៅ​ឃុំ ក្បាលកោះ រយៈ​ពេល ១៤ ឆ្នាំ​ហើយ ហើយ​មាន​ឯកសារ​ជា​ភ័ស្តុតាង។
ដោយ​ចាក​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​ទាំង​ប្រញាប់​ប្រញាល់​ជាមួយ​ម្តាយ​និង​មាន​ការ​ភិត​ភ័យ​នៅ​ព្រឹក​ថ្ងៃ​បោះឆ្នោត​នោះ ស្រីណាក់ ត្រូវ​បាន​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​នោះ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​នៅ​ពេល​ដែល​ហ្វូង​ក្រុម​មនុស្ស​នោះ​បាន​ចាក​ចេញ​ទៅ​បាត់ ប៉ុន្តែ នាង​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​ដោយ​សារ​ហ្វូង​មនុស្ស​នោះ​នៅ​ប្តេជ្ញា​រង់ចាំ​ដេញ​យួន​មិន​ឲ្យ​បោះឆ្នោត។
វោហារស័ព្ទ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ថា ពួក​គេ​នឹង​ផ្តោត​ទៅ​លើ​គោល​នយោបាយ​រឹង​មាំ​សម្រាប់​ការ​បោះឆ្នោត លើក​នេះ ជា​ជាង​វោហារស័ព្ទ​ប្រឆាំង​ជាមួយ​នឹង​ជនជាតិ​វៀតណាម។
លោក សុន ឆ័យ ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​មុន​ការ​បោះឆ្នោត​ថា ៖ «នោះ​មិន​មែន​ជា​ជំហរ​របស់​គណបក្ស​ទេ អ្នក​ឃើញ​ហើយ… បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​បាន​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ​ប៉ុន្តែ​យើង​ជឿ​ថា គោល​នយោបាយ​របស់​យើង​គឺជា​រឿង​ចម្បង យើង​ត្រូវ​តែ​អនុវត្ត មិន​មែន​ជា​អ្វី​ដែល​បុគ្គល​នៅ​ពេល​ខ្លះ​បាន​និយាយ​ទៅ​តាម​អារម្មណ៍​នោះ​ទេ»។
ប៉ុន្តែ នៅ​ពេល​លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស និង​បាន​ត្រឡប់​មក​ប្រទេស​វិញ លោក​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នយោបាយ​គ្រាន់​តែ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​បោះឆ្នោត។
នៅ​ក្នុង​សុន្ទរកថា របស់​លោក លោក​បាន​ប្រើ​ពាក្យ «យួនៗៗ» ហើយ​សន្យា​និរទេស​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់។
ចំពោះ លោក សម រង្ស៊ី ប្រើ​វោហារស័ព្ទ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម គឺជា​អ្វី​ដែល​លោក​តែង​តែ​យក​មក​ប្រើ​តាំង​ពី​ការ​បោះឆ្នោត​លើក​ទី១ ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣​មក​ម៉្លេះ​ដែល​ពេល​នោះ​លោក​ជា​បេក្ខជន​តំណាង​រាស្រ្ត​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច។
នៅ​ក្នុង​ភាព​តាន​តឹង​បន្ទាប់​ពី​ការ​បោះឆ្នោត​គណបក្ស​ប្រឆាំង​អះអាង​ថា រដ្ឋាភិបាល​អនុញ្ញាត​ជនជាតិ​វៀតណាម​ខុស​ច្បាប់​រាប់​ពាន់​នាក់​មក​បោះឆ្នោត ជាមួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​បាន​ដឹក «យួន» ទាំង​ឡានៗ​ចូល​មក​ប្រទេស​កម្ពុជា។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ហាក់​មិន​ច្បាស់​អំពី​ថា តើ​បក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ផ្ទាល់​ជំរុញ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​អ្នក​បោះឆ្នោត​វៀតណាម «ខុស​ច្បាប់»។
លោក​ថ្លែង​ថា៖ «អ្នក​បាន​ឃើញ​ហើយ​ថា ពួក​គេ​មួយ​ចំនួន​គឺ​ខុស​ច្បាប់។​បើ​ពួក​គេ​ខុស​ច្បាប់​ពួកគេ​មិន​អាច​បោះឆ្នោត​បាន​ទេ​។ ខ្ញុំ​មិន​ដឹង​តើ​នរណា​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ទេ។ ភាគ​ច្រើន​នៃ​ប្រជាជន​ទាំង​នោះ​ដឹង​ច្បាស់​ជាង​ខ្ញុំ»។ «វា​ជា​សិទ្ធិ​របស់​ប្រជាជន»។
កំណើត​និង​ការ​រស់​នៅ​បើ​ទោះ​ជា​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​គឺជា​ចំណុច​ប្រកាន់​ភ្ជាប់​សំខាន់​មួយ​សម្រាប់​ប្រជាជន​ជាច្រើន ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​នយោបាយ​មួយ​ជនជាតិ​វៀតណាម‑កម្ពុជា ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ចាត់​ទុក​ដូច ស្រី ណាក់ ដែល​ត្រូវ​រារាំង​មិន​ឲ្យ​បោះឆ្នោត។
នៅ​សង្កាត់ និរោធ ខណ្ឌ មានជ័យ ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​តស៊ូ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​នៅ​ក្នុង​ប្រទេស​នេះ។
លោក សុខ យូ អាយុ ៣៧ ឆ្នាំ បាន​ពន្យល់​ដូច​អ្នក​ដទៃ​នៅ​ទីនេះ​ថា ខ្ញុំ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​បាន​បង្ខំ​ចិត្ត​ទៅ​ប្រទេស​វៀតណាម​វិញ នៅ​ឆ្នាំ ១៩៧៥ ពេល​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច។
ប៉ុន្តែ​នៅ​ឆ្នាំ ១៩៧៩ ពេល​ទ័ព​វៀតណាម​ចូល​មក​កម្ពុជា លោក យូ (ពី​មុន​ឈ្មោះ ង្វៀង) មាន​សំណាង បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​កម្ពុជា​នៅ​ទសវត្សរ៍​ឆ្នាំ ៩០ ដែល​អាច​ឲ្យ​គាត់​បោះឆ្នោត​បាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក។
កាល​ពី​ថ្មីៗ​នេះ គាត់​បាន​រើស​ផ្ទះ​នៅ​ផ្លូវ​សម្បូរ​ហាង​កាហ្វេ​វៀតណាម​ជិត ផ្សារ​ច្បារអំពៅ មក​រស់​នៅ​តំបន់​មាត់​ទន្លេ ដែល​មាន​លក្ខណៈ​ស្ងៀម​ស្ងាត់ ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ហៅ​ថា «ភូមិ យួន» បន្ទាប់​ពី​មាន​អគ្គិភ័យ​មួយ ដែល​គេ​ជឿ​ថា បង្ក​ឡើង​ដោយ​មនុស្ស​លួច​ដុត។
គាត់​ថ្លែង​ថា៖ «ខ្ញុំ​មិន​យល់​ស្រប ទាល់​តែ​សោះ​ចំពោះ​អារម្មណ៍​របស់​ប្រជាជន​ដែល​និយាយ​ថា មាន​អ្នក​បោះឆ្នោត​ជនជាតិ​វៀតណាម​អន្តោប្រវេសន៍​ខុស​ច្បាប់​ច្រើន​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ [ជា​ជនជាតិ​វៀតណាម‑កម្ពុជា] ដែល​បាន​បោះឆ្នោត​ជា​យូរ​មក​ហើយ។ យើង​គឺ​ជា​ខ្មែរ»។
ដោយ​ចង្អុល​ទៅ​កូន​ប្រុស​គាត់​ដែល​កំពុង​ដេក​នៅ​ក្នុង​អង្រឹង​នៅ​ផ្លូវ​ផ្សារ​ចង្អៀត​មួយ លោក យូ ពន្យល់​ថា គាត់​ឲ្យ​កូន​គាត់​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ខ្មែរ ដែល​ឥឡូវ​នេះ​មាន​អាយុ ១៤ ឆ្នាំ​ហើយ។
គាត់​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​កូន​របស់​ខ្ញុំ​និយាយ​វៀតណាម​ទេ​កូន​របស់​ខ្ញុំ​និយាយ វៀតណាម​តិច​តួច​ជាមួយ​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​និយាយ​សំនៀង​វៀតណាម​នោះ​ទេ នៅ​ពេល​វា​និយាយ​ខ្មែរ ពី​ព្រោះ​ថា នៅ​ពេល​វា​ធំ​ឡើង ខ្ញុំ​ចង់​ឲ្យ​វា​អាច​មាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»។
បើ​ទោះ​ជា​គាត់​មិន​ចេះ​អក្សរ​ខ្មែរ​ក៏​ដោយ ក៏​លោក យូ នៅ​តែ​អាច​បោះឆ្នោត​បាន​ដោយ​ស្រប​ច្បាប់​ហើយ​គាត់​បាន​និយាយ​ថា គាត់​គ្រាន់​តែ​មើល​ទៅ​ឡូហ្គោ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​សន្លឹក​ឆ្នោត។
នៅ​តូប​ជិត​នោះ​ដែរ អ្នក​ស្រី ចាន់ ដារ៉ា អាយុ ៥៤ ឆ្នាំ បាន​និយាយ​ថា គាត់​មិន​អាច​បោះឆ្នោត​បាន​បើ​ទោះ​បី​ជា​គាត់​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ជំនាន់​ហើយ ក៏​ដោយ។
ដូច​គ្នា​នេះ​មនុស្ស​ជាច្រើន​ទៀត​ដែរ គ្រួសារ​របស់​អ្នក​ស្រី​បាន​បាត់​លិខិត​ស្នាម​ផ្លូវ​ការ​និង​សំបុត្រ​កំណើត​ក្នុង​អំឡុង​ពេល​ចលាចល​នយោបាយ​កាល​ពី​អតីតកាល ហើយ​មិន​អាច​ធ្វើ​វា​វិញ​បាន​នៅ​កន្លែង​រស់​នៅ​ដំបូង​របស់​គាត់៕ PS
រាយការណ៍​បន្ថែមៈ David Boyle, Alezovann Janrasmey
____________________________

Read more: http://www.cambodiapage.info/

0 comments:

Post a Comment