ភ្នំពេញ ៖ សំណុំរឿងជនឆបោក២ នាក់ប្ដី-ប្រពន្ធ ប្ដីឈ្មោះ អ៊ុយ សុឃុន អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ កែវ ស្រីនិច អាយុ២៥ឆ្នាំ រស់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែល បានប្រើរូបភាពជួលរថយន្ដយកទៅ បញ្ចាំនោះបាននិងកំពុង ស្ថិតក្នុងដៃសមត្ថកិច្ចស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ក្រោយពីមានជនរងគ្រោះ ដែលជាម្ចាស់រថយន្ដពិតប្រាកដបានមក ដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃជាបន្ដបន្ទាប់ ក្រោយពីពួកគេបានចាញ់បោក២នាក់ ប្ដី-ប្រពន្ធខាងលើដែលតុលាការបាន ចេញដីកាតាមចាប់ខ្លួនហើយនោះ ។
ដំបូងឡើយមានតែជនឆបោក២នាក់ ប្ដីប្រពន្ធនេះទេ ដែលបានរងនូវពាក្យ បណ្ដឹងរបស់ម្ចាស់រថយន្ដ ដែលជួលឱ្យ ប៉ុន្ដែឥឡូវនេះលេចមុខជនឆបោក២ នាក់ប្ដី-ប្រពន្ធផ្សេងទៀត ដែលប្ដីឈ្មោះ តែម បូនីតា និងប្រពន្ធឈ្មោះ ថារិទ្ធ សុខបូរមី ហើយពួកគេទាំង២នាក់នេះ ក៏បានប្រើរូបភាព ធ្វើជាជួលរថយន្ដស៊េរី ទំនើបយកទៅបញ្ចាំនិងលក់ដែរ ដែលគិត ជាទឹកប្រាក់ខ្ទង់៧ទៅ៨លានដុល្លារ ដូច្នេះ រហូតមកដល់ពេលនេះសំណុំរឿងជន ឆបោករថយន្ដឡើងដល់៤នាក់ហើយ ដែលសមត្ថកិច្ចនគរបាលកំពុងតាម ចាប់ខ្លួនក្រោយពីតុលាការចេញដីកា បញ្ជាឱ្យតាមចាប់ខ្លួននោះ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ ដែលកំពុង កាន់សំណុំរឿងឆបោកជាប្រវត្ដិសាស្ដ្រ មួយនេះ នៅព្រឹកថ្ងៃទី២៧ ខែសីហា បាន មានប្រសាសន៍ថា រហូតមកដល់ពេល នេះមានប្រជាពលរដ្ឋបានមកដាក់ពាក្យ បណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ២៥៥ពាក្យបណ្ដឹងស្មើនឹងរថយន្ដ ដែលបាត់ចំនួន៤០៨គ្រឿង ដែលពាក្យ បណ្ដឹងនេះមិនទាន់បានបូកបញ្ចូលជាមួយ ពាក្យបណ្ដឹងដែលត្រូវបានជនរងគ្រោះជា ម្ចាស់រថយន្ដពិតប្រាកដនោះប្ដឹងទៅ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏ដូច ជាស្ថាប័នសមត្ថកិច្ចផ្សេងទៀតផងទេ។
លោក ជួន ណារិន្ទ បានបន្ដថា ឥឡូវ នេះមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចោទប្រកាន់ប្ដី-ប្រពន្ធ២នាក់ផ្សេងទៀត ប្ដីឈ្មោះ តែម បូនីតា និងប្រពន្ធឈ្មោះ ថារិទ្ធ សុខបូរមី ដែលពួកគេទាំង២នាក់ ក៏បានប្រើរូបភាពបោកយករថយន្ដតាមរយៈ ធ្វើជាជួល ហើយយកទៅបញ្ចាំស៊ីដាច់ ហើយពួកគេទាំង២នាក់ជួលតែរថយន្ដ ស៊េរីទំនើប និងគិតជាទឹកប្រាក់ដែលពួកគេ បោកយកទៅនោះខ្ទង់៧-៨លានដុល្លារ ។
បើតាមលោក ជួន ណារិន្ទ រហូតមក ដល់ពេលនេះកម្លាំងនគរបាលរបស់លោក បានទទួលដីកាតាមចាប់ខ្លួនប្ដី-ប្រពន្ធ ទាំង២គូខាងលើ ដែលកំពុងរត់គេចខ្លួន ។ ចំពោះរថយន្ដដែលត្រូវបានកម្លាំងនគរ បាលធ្វើការរឹបអូសជាបន្ដបន្ទាប់នៅ តាមទីតាំងចំនួន៤កន្លែង និងនៅតាម ផ្លូវនោះ ដោយមានការសម្របសម្រួល ផ្នែកផ្លូវច្បាប់ពីសំណាក់ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ លោក ជួន ណារិន្ទ ប្រាប់ថា រថយន្ដទាំងអស់ជាង១២០គ្រឿង ហើយ និងបច្ចុប្បន្នរក្សាទុកនៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ដោះស្រាយបន្ដទៀត ខណៈដែលមាន ប្រជាពលរដ្ឋកំពុងបន្ដមកដាក់ពាក្យ បណ្ដឹងទាំងនៅរាជធានីភ្នំពេញ និងនៅ តាមបណ្ដាខេត្ដ ។
ស្នងការរងនគរបាលរូបនេះបានអះអាងថា ប្រតិបត្ដិការក្នុងអំពើឆបោក ខាងលើនេះ គឺមិនខ្លាចការរិះគន់នោះ ឡើយ ពោលជាប្រតិបត្ដិការធ្វើឡើង ដើម្បីផលប្រយោជន៍រួម និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋដែលខាតបង់ដោយសារ តែលង់ខ្លួនជួលរថយន្ដទៅឱ្យប្ដី-ប្រពន្ធ ទាំង២គូនេះ ហើយការធ្វើអ្វីៗ គឺមាន បញ្ជាពីប្រធានសាលាដំបូងរាជធានី ភ្នំពេញ និងស្នងការនគរបាលរាជធានី ភ្នំពេញ ព្រមទាំងមានការដឹកនាំតាម ផ្លូវច្បាប់ពីសំណាក់លោកព្រះរាជអាជ្ញា រង មាស ច័ន្ទពិសិដ្ឋ ទៀតផង ។
ការអះអាងរបស់លោកស្នងការរង ខាងលើនេះបានធ្វើឡើងក្រោយពីមានការ រិះគន់ និងសម្ដែងការមិនពេញចិត្ដចំពោះ ម្ចាស់ទីតាំងមួយចំនួន ជាពិសេសម្ចាស់ ទីតាំងនៅខាងជើងវត្ដសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ដែលកម្លាំងនគរបាលដឹកនាំ បញ្ជាផ្ទាល់ពីលោក មាស ច័ន្ទពិសិដ្ឋ និង រូបលោកផ្ទាល់ កាលពីថ្ងៃអាទិត្យកន្លង ទៅនេះចុះទៅឆែកឆេរ និងរឹបអូសរថ យន្ដចំនួន១២គ្រឿង ក្នុងនោះមានរថយន្ដ ជនរងគ្រោះចំនួន៥-៦គ្រឿងផងដែរ ។
គួរបញ្ជាក់ថា អំពើឆបោកខាងលើ នេះ ប្រជាពលរដ្ឋខ្លះដែលរស់នៅតាម ខេត្ដសុខចិត្ដយកប្លង់ផ្ទះទៅបញ្ចាំធនាគារ ហើយយកលុយទិញរថយន្ដ ដើម្បីយក ទៅជួលបានលុយប្រចាំខែតាមប្រភេទ រថយន្ដ ដូចជារថយន្ដកាមរីឆ្លាមបាន៤០០ ដុល្លារក្នុង១ខែ, កាមរីបាឡែន និងរថយន្ដ ឡិចស៊ីស RX 300 ជាដើម ចំនួន៦០០ ដុល្លារក្នុង១ខែ ដូច្នេះដោយឃើញរក លុយបានច្រើនត្រឹមតែជួលរថយន្ដនោះ ក៏សុខចិត្ដយករថយន្ដឱ្យគេជួល ប៉ុន្ដែចុង ក្រោយទៅអស់ទាំងរថយន្ដ រីឯប្លង់ផ្ទះ ក៏នៅធនាគារដែលតម្រូវឱ្យបង់ថ្លៃការប្រាក់ប្រចាំខែទៀតផង ។
យ៉ាងណាក៏ដោយក្រោយពីទទួលបាន ពាក្យបណ្ដឹងរួចមកកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញបាននិងកំពុង ញាប់ដៃញាប់ជើងស្រាវជ្រាវ និងស្វែង រករថយន្ដរបស់ជនរងគ្រោះដែលរហូត មកដល់ពេលនេះទីតាំងចំនួន៤កន្លែង ដែលជនឆបោកយកទៅបញ្ចាំ និងលាក់ ទុកមានចំនួន៤ទីតាំងហើយ ហើយសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវរកបន្ថែមទៀត ៕
______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/?p=12169#ixzz2dEIeK5Bs


0 comments:
Post a Comment