គណកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជា (គ.ជ.ប) នៅថ្ងៃទី១១ សីហា នេះ បានប្រកាសនូវផែនការប្រកាសលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃច័ន្ទស្អែកនេះ ។ សេចក្តីប្រកាសនេះបានធ្វើប្រជាពលរដ្ឋម្ចាស់ឆ្នោតខ្លះ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ។
ដើមឡើយ គ.ជ.ប គ្រោងប្រកាសលទ្ធផលថ្ងៃទី១០ខែសីហា។ក្រោយ មកគ.ជ.ប បានធ្វើការផ្លាស់ប្តូរការប្រកាសនេះរហូតដល់ក្រុមការងារ ចម្រុះរវាងគណបក្សជាប់ឆ្នោតទាំងពីរ និងគណកម្មការចម្រុះដែលមានវត្តមានរបស់អង្គការជំនាញបោះឆ្នោតក្រៅរដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិ ធ្វើជាអ្នកសង្កេតការណ៍បញ្ចប់ការងាររបស់ពួកគេសិន ។ ប៉ុន្តែភ្លាមៗ នៅថ្ងៃទី១១ សីហា នេះ គ.ជ.ប ប្រកាសថា ខ្លួននឹងប្រកាសលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ជាបណ្តោះអាសន្ននៅថ្ងៃទី១២ ខែសីហា វិញ ។
សេចក្តីប្រកាសនេះ ក៏បានញ៉ាំងអោយមនុស្សជាច្រើនមានមន្ទិលថា គ.ជ.ប ស្ថិតនៅក្រោមបញ្ជារបស់នរណាម្នាក់ឬក្រុមណាមួយដែលមានអំណាច ហើយក្រុមអ្នកមានចម្ងល់ខ្លះដែលមានទំព័របណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះចម្ងល់របស់ពួកគេជាបន្តបន្ទាប់នៅថ្ងៃអាទិត្យទី១១ សីហា នេះ ។
គេរំពឹងថា គ.ជ.ប នឹងពន្យល់អំពីមូលហេតុនៃការសម្រេចចិត្តប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលខ្លួនគ្រោងនឹងធ្វើនៅថ្ងៃស្អែកនេះ ៕
ប្រភពពី Free Press Magazine
Read more: http://www.cambodiapage.info/


0 comments:
Post a Comment