គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:08 PM
ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​ភាព​ប្រទាញ​ប្រទង់​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ជុំវិញ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​នោះ សកម្មភាព​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​ក៏​កើត​មាន​ជា​បន្តបន្ទាប់។ សកម្មភាព​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​ការ​ផ្ទុះ​អាវុធ ប្រសិន​ពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​កើត​ឡើង។
ការ​ចល័ត​ទ័ព និង​ការ​គំរាម​ធ្វើ​មហា​បាតុកម្ម​ពី​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឲ្យ​កម្មករ​កម្មការនី​រោងចក្រ​មួយ​ចំនួន ជ្រួល​ច្របល់។ អ្នក​ខ្លះ​បាន​សុំ​ច្បាប់​ពី​ការងារ​ដើម្បី​ឈប់​សម្រាក ព្រោះ​ខ្លាច​មាន​ភាព​ចលាចល​ក្នុង​សង្គម បើ​សិន​ជា​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ពិត​មែន​នោះ។
បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ភាព​ធូរ​ស្រាល​នោះ​ទេ។ ភាព​តានតឹង​នេះ បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​ជា​ច្រើន​កន្លែង មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​មហា​បាតុកម្ម ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ការ​ប្រើ​អំពើ​ហិង្សា។
ការ​ព្រួយ​បារម្ភ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​រោងចក្រ​មួយ​ចំនួន​ជ្រួល​ច្របល់ សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ ដោយ​ហេតុ​ថា ពួក​គេ​បារម្ភ​ខ្លាច​មាន​ការ​ផ្ទុះ​អាវុធ​ណា​មួយ​ក្នុង​ពេល​បាតុកម្ម។
កម្មករ​ទាំង​នោះ​បាន​អះអាង​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សុំ​ច្បាប់​ឈប់​សម្រាក ព្រោះ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើត​មាន​អំពើ​ហិង្សា នាំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ដូច​ឆ្នាំ​១៩៩៧។
អ្នកស្រី ស្រុន សុខធី ជា​កម្មការិនី​រោងចក្រ ជូស៊ីង នៅ​សង្កាត់​ព្រែកលាភ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​ដែល​គាត់​ធ្វើ​ការ កម្មករ​ជាច្រើន​នាក់​សុំ​ច្បាប់​ឈប់​សម្រាក ដើម្បី​វិល​ទៅ​ស្រុក​កំណើត ព្រោះ​ពួក​គេ​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។ អ្នកស្រី​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ការ​ដាក់​ច្បាប់​សុំ​ឈប់​សម្រាក​កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ លោក អាត់ ធន់ បាន​បញ្ជាក់​ថា លោក​បាន​រក​ឃើញ​ថា មាន​កម្មករ​មួយ​ចំនួន​មាន​ការ​ជ្រួល​ច្របល់​បារម្ភ​ខ្លាច​មាន​ហិង្សា បើ​សិន​ជា​មាន​បាតុកម្ម​មែន​នោះ។ លោក​បាន​បន្ត​ថា ការ​ព្រួយ​បារម្ភ​របស់​ក្រុម​កម្មករ​ទាំង​នោះ​នៅ​បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ដែល គ.ជ.ប បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១២ សីហា កន្លង​ទៅ។
លោក​បាន​បន្ថែម​ថា ការ​ភ័យ​ខ្លាច​របស់​ក្រុម​កម្មករ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សុំ​ឈប់​សម្រាក​កាន់​តែ​ច្រើន​ឡើង។ ហើយ​ការ​កើន​ឡើង​នៃ​ការ​សុំ​ឈប់​សម្រាក​នេះ នឹង​ធ្វើ​ឲ្យ​រោងចក្រ​ប្រឈម​នឹង​បញ្ហា ដោយសារ​មាន​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម និង​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ និង​ឧស្សាហកម្ម​នៅ​កម្ពុជា ជាក់​ជា​មិន​ខាន។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ចាហួយ ហ្វាហ្វា (FAFA) ក្នុង​ខណ្ឌ​មានជ័យ លោក សេង គ្រី បាន​ឲ្យ​ដឹង​ថា កម្មករ​ក្នុង​សិប្បកម្ម​របស់​លោក​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ច្រើន​ពិត​មែន ហើយ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​កម្មករ​ទាំង​នោះ​សុំ​ឈប់​សម្រាក​ថា កម្មករ​មួយ​ចំនួន​សុំ​ច្បាប់​ឈប់​សម្រាក​ដើម្បី​ទៅ​ជួយ​គ្រួសារ​ធ្វើ​ស្រែ​ចម្ការ ដោយសារ​តែ​ខែ​នេះ​ជា​រដូវ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​កសិករ​នៅ​តាម​ខេត្ត។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់​បន្ថែម​ថា កម្មករ​មួយ​ចំនួន​ក៏​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។
ទោះ​បី​ជា​ក្រសួង​ការពារ​ជាតិ បាន​អះអាង​អំពី​ស្ថានភាព​ប្រក្រតី​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ក្តី ប៉ុន្តែ​ភាព​តានតឹង​រវាង​អ្នក​នយោបាយ​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​នោះ​ទេ ហើយ​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាច​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ដូច​ភាព​វឹកវរ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ជា​ដើម៕
ប្រភពពី RFA

Read more: http://www.cambodiapage.info/

0 comments:

Post a Comment