ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ដារិន សម្រេចឃុំខ្លួនយុវវ័យ ៤នាក់ នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបើកការសាកសួរស្ទើរពេញមួយថ្ងៃ នៅថ្ងៃទី១៧ ខែសីហា។ យុវវ័យទាំង ៤នាក់នេះ ត្រូវចាប់ខ្លួនពីបទញុះញង់អោយមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។
យុវវ័យទាំង ៤នាក់នោះមានឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និងកញ្ញា សុខ ដាលីន។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានផ្ដល់មេធាវីការពារអោយយុវជន ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន ចំណែកពីររូបទៀតមានមេធាវីដែលក្រុមហ៊ុនផ្ដល់អោយ។
យោងតាមសម្ដីរបស់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន ពួកគេពុំជាប់ទាក់ទងនឹងការចែកខិត្តប័ណ្ណឡើយ គឺមានគម្រោងក្នុងការចែកជូនផ្កាមួយពាន់ទងទៅដល់កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ។ ពួកគេបានទាក់ទងនឹងមនុស្សម្នាក់តាមហ្វេសប៊ុក ដែលអះអាងថា មានចិត្តសប្បុរសបានជួយទិញផ្កាអោយ និងបានណាត់ពេលវេលាអោយអ្នកទាំង២ ទៅយកផ្កា គឺនៅក្រោយពេលយកផ្កានោះហើយដែលពួកគេត្រូវនគរបាលចាប់ខ្លួន។
ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានអោយដឹងថា តាមចម្លើយរបស់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន គឺបង្ហាញថា ពួកគេគ្រាន់តែចង់បានសន្តិភាព មិនចង់ឃើញការបង្ហូរឈាមប៉ុណ្ណោះ ដែលមិនគួរជាប់ទោសដោយសារគម្រោងជូនផ្កាបែបនេះឡើយ។
លោក អំ សំអាត៖ «បើសិនជាគាត់រកទៅឃើញថា ដូចជាគាត់ឆ្លើយអ៊ីចឹង គួរណាស់តែមានការដោះលែងគាត់ឲ្យនៅក្រៅឃុំ ពីព្រោះ អានេះបើយើងនិយាយទៅ វាទាក់ទងនឹងសិទ្ធិសេរីភាពរបស់គាត់ផងក្នុងការបញ្ចេញមតិ។ ចំណែកឯលីហ្វលេត ឬក៏ខិត្តប័ណ្ណដែលកងកម្លាំងនគរបាលរកឃើញនោះត្រូវរកឲ្យឃើញថា នរណានៅពីក្រោយខិត្តប័ណ្ណហ្នឹង! អ្នកណាជាអ្នកបង្កើតខិត្តប័ណ្ណហ្នឹងឡើង អ៊ីចឹងត្រូវតាមរកចាប់ចាប់អ្នកដែលបង្កើតខិត្តប័ណ្ណហ្នឹង មិនមែនមកចាប់ក្រុមយុវជនដែលគាត់អត់បានដឹងអី ហើយគ្រាន់តែទៅយកផ្កាទៅអី ហើយយកទៅចែកជូនហ្នឹង ហើយចាប់ខ្លួនគាត់ អាហ្នឹងវាមិនជាការល្អ ហើយវាមិនត្រឹមត្រូវទៅតាមច្បាប់ទេ»។
ចំណែកយុវជន ហ៊ើយ បូរិន បុគ្គលិកក្រុមហ៊ុនអាតូម៉ិច និងកញ្ញា ឡុង លីផេង ជាម្ចាស់រោងពុម្ពមួយកន្លែង ទំនងថាបានពាក់ព័ន្ធដល់ការបោះពុម្ពខិត្តប័ណ្ណ។ គឺពួកគេបានទាក់ទងនឹងមនុស្សម្នាក់តាមបណ្ដាញអ៊ីនធឺណិត ដែលចង់បោះពុម្ពឯកសារ ឬខិត្តប័ណ្ណមួយចំនួន។
ទាក់ទិននឹងករណីនេះ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានថា ជនសង្ស័យទាំង ៤នាក់ កំពុងធ្វើសកម្មភាពចែកចាយខិត្តប័ណ្ណជាច្រើនរយសន្លឹក ដែលមានខ្លឹមសារញុះញង់អោយមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ ការចែកចាយខិត្តប័ណ្ណនោះធ្វើតាមបញ្ជារបស់លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ដ្បិតលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី១៤ ខែសីហា បានថ្លែងការណ៍ដូចខ្លឹមសារខិត្តប័ណ្ណដែលសមត្ថកិច្ចរឹបអូសបាន៕
ប្រភពពី RFA
Read more: http://www.cambodiapage.info/


0 comments:
Post a Comment