ភ្នំពេញៈ ក្រុមមន្រ្តី បាននិយាយថា ប៉ូលិសរាជធានីភ្នំពេញ បានដាក់ពង្រាយឡានបាញ់ទឹកជាច្រើនគ្រឿង ចាប់ពីខណ្ឌ ចំការមន ខណ្ឌ ដង្កោ និងខណ្ឌ ឫស្សីកែវ រហូតដល់ខាងក្រៅវត្ត បទុម ក្នុងខណ្ឌ ដូនពេញ ខណៈដែលមានការបារម្ភអំពីការតវ៉ា។ ជាមួយគ្នានេះ នៅខណ្ឌ មានជ័យ កាលពីម្សិលមិញ នគរបាលក៏បានប្រជុំជួរកងកម្លាំងរបស់ខ្លួន ដែលប្រដាប់ដោយខែល និងដំបងឆក់ យ៉ាងច្រើនខុសពីធម្មតាផងដែរ នៅតាមផ្លូវខាងមុខអធិការដ្ឋានខណ្ឌ ធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍មានការភ្ញាក់ផ្អើល។
ប្រធាន ប៉ូលិសពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក នេត វន្ថាថា បាននិយាយថា៖ «ខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់មន្រ្តីថ្នាក់លើតែប៉ុណ្ណោះ។ ខ្ញុំគិតថា វាក៏សម្រាប់រារាំងក្រុមជនពាល ឬក្រុមជ្រុលនិយម មិនឲ្យធ្វើអ្វីដែលគ្រោះថ្នាក់ដល់កន្លែងសំខាន់ៗផងដែរ។ មិនមានបញ្ហាទេ (នៅពេលនេះ)។ យើងគ្រាន់តែដាក់ឡានទឹក ដើម្បីទប់ស្កាត់ឧបទ្ទវហេតុ មិនឲ្យកើតឡើងក្បែរទីនេះតែប៉ុណ្ណោះ»។
កាលពីសប្តាហ៍មុន មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងថា នឹងធ្វើមហាបាតុកម្ម ប្រសិនបើលទ្ធផលការបោះឆ្នោត មិនបានឆ្លុះបញ្ចាំងពីជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ។
ជាការឆ្លើយតប រដ្ឋាភិបាលបានព្រមានថា ក្រុមមេដឹកនាំបក្សប្រឆាំងនឹងត្រូវទទួលខុសត្រូវ ដល់ការខូចខាតដែលនឹងកើតឡើងក្នុងអំឡុងការតវ៉ា។ ជាមួយគ្នានោះ មានសេចក្តីរាយការណ៍ជាច្រើនថា ទាហានត្រូវបានគេចល័តពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញ ហើយកងកម្លាំងនៅភ្នំពេញ ក៏បានត្រៀមរួចជាស្រេចផងដែរ។
អ្នកនាំពាក្យអគ្គស្នងការប៉ូលិសជាតិលោក គៀត ច័ន្ទថារិទ្ធ បាននិយាយកាលពីថ្ងៃម្សិលមិញថា ទំនងជា «មិនមានសញ្ញាថា នឹងមានបាតុកម្មទេ» នៅពេលនេះ ប៉ុន្តែថា ឡានទឹក ជាផ្នែកមួយនៃការដាក់ពង្រាយ «ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាស្ថានភាពឲ្យមានស្ថិរភាព»។ លោក បន្ថែមថា៖ «មិនមានក្របខ័ណ្ឌយកឡានទឹកចេញនៅឡើយទេ»។
កាលពីថ្ងៃសុក្រ លោក សម រង្ស៊ី បានប្រើពាក្យសម្តីខ្លាំងៗ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ដោយអំពាវនាវឲ្យទាហានដែលត្រូវបានគេដាក់ពង្រាយដើម្បីរារាំង ការតវ៉ា ប្តូរភក្តីភាព។ លោកបានសរសេរថា៖ «ក្មួយៗទាំងអស់ សូមជួយជំរុញឲ្យកម្លាំងប្រដាប់អាវុធទាំងអស់រួមកម្លាំងជាមួយពលរដ្ឋយើងដែលរួមមានយុវជន ដែលស្រឡាញ់ប្រទេស ដើម្បីទាមទារការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅឆ្នាំនេះ»។ សម្តីទាំងនេះ បានទាក់ទាញការឆ្លើយតបខ្លាំងៗ ពីរដ្ឋាភិបាល ដោយក្រុមមន្រ្តីព្រមានថា សម្តីបែបនេះអាចជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ដោយមិនបានពន្យល់ សម្តីទាំងនេះ ត្រូវបានគេលុបចេញពីទំព័របណ្តាញសង្គមរបស់លោក សម រង្ស៊ី កាលពីថ្ងៃម្សិលមិញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយលើសម្តីដែលផ្សាយលើគេហទំព័ររបស់លោក សម រង្ស៊ី បានទេ ហើយបានបង្វែរសំណួរទាំងនេះទៅលោក សម រង្ស៊ី ដែលកំពុងតែស្ថិតនៅតាមផ្លូវពីក្រុង ប៉ារីសមករាជធានីភ្នំពេញ។
លោក សម រង្ស៊ី ត្រូវបានគេរំពឹងថា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញនៅម៉ោង ៩ ព្រឹក នេះ ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីម្សិលមិញថា នឹងមិនមានការតវ៉ាណាមួយកើតឡើងទេ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment