ភ្នំពេញៈ បើទោះបីជាបណ្តាញសង្គម ហ្វេសប៊ុក បាននិងកំពុងធ្វើការរិះគន់វាយប្រហាររដ្ឋាភិបាល កាន់តែខ្លាំងឡើងៗចាប់តាំងពីមុនពេលបោះឆ្នោតយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនមានគោលការណ៍ដើម្បីរឹតបន្តឹង ឬបង្កើតច្បាប់គ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមមួយ នេះនៅឡើយនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងអំឡុងពេលបោះឆ្នោត មានការប្រើ ហ្វេសប៊ុក អនាធិបតេយ្យជាច្រើន ដែលរួមមានទាំងការជេរបញ្ចោរគ្នា និងការកាត់តរូបភាពផ្សេងៗ ដូចជា រូបលោកក៏ត្រូវបានគេកាត់តដែរ។
លោកបានបញ្ជាក់ថា៖ «ហ្វេសប៊ុក ម៉ាបោះឆ្នោតនេះ ជេរសម្បើមហើយ។ ដល់យូរទៅចង់ខ្ជិលមើលដែរខ្ញុំ។ វាហាក់ដូចអាក្រក់ដែរ តែអ្នកសរសេរអាក្រក់ មិនដែលដាក់ឈ្មោះខ្លួនឯងនោះទេ»។ លោករដ្ឋមន្ត្រីបានថ្លែងថា ដោយសារតែមានអ្នកខ្លះគិតថា វិទ្យុ និងទូរស្សន៍ ក្នុងស្រុក ផ្សាយតែព័ត៌មានម្ខាង (ពីរដ្ឋាភិបាល) ហេតុនេះទើបបានជាគេប្រើ ហ្វេសប៊ុក សម្រាប់គាំទ្រអ្នកម្ខាងទៀត។ ដោយសារតែមានការសរសេរបញ្ចេញមតិរិះគន់រដ្ឋាភិបាលបែបនេះ ធ្វើឲ្យសាធារណមតិមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាល មិនបិទបណ្តាញសង្គម ហ្វេសប៊ុក មួយនេះ។ ប៉ុន្តែលោករដ្ឋមន្ត្រីបានថ្លែងថា៖ «គេថាម៉េចក៏មិនបិទ? ម៉េចមិនដាក់ទោស? ខ្ញុំថា មិនចំណេញអីហ្នឹងបិទ ហ្វេសប៊ុក នោះទេ ហើយយើងអត់ទាន់មានច្បាប់ព្រហ្មទណ្ឌ ឬឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធឺណិតទេ។ ឆ្កួតសុទ្ធតែម្តង បើយើងគ្រប់គ្រងអ៊ីនធឺណិត»។
លោកបានបញ្ជាក់ថា គេបង្កើត ហ្វេសប៊ុក គឺសម្រាប់កម្សាន្ត និងចែកព័ត៌មានគ្នា មិនមែនយកមកជេរគ្នានោះទេ។ ទោះយ៉ាងណា កន្លងមករដ្ឋាភិបាល ក៏មិនទាន់មានគម្រោងធ្វើច្បាប់ ដើម្បីគ្រប់គ្រងអ៊ីនធឺណិតនោះដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថា ការជេរតាមប្រព័ន្ធសង្គមមួយនេះ មិនមានច្រើនទៀតទេ បន្ទាប់ពីបោះឆ្នោតរួចមក ដែលជាបន្តបន្ទាប់ អ្នកប្រើ ហ្វេសប៊ុក បានចាប់ផ្តើមយល់ ហើយមានអ្នកខ្លះនាំគ្នាអំពាវនាវឲ្យបញ្ឈប់សកម្មភាពជេរបញ្ចោរ ឬបង្ហោះរូបកាត់ត តទៅទៀត។ អ្នកខ្លះពូកែជេរក៏គេលែងមើលហើយ យូរៗទៅគេបិទចោលដោយខ្លួនឯង។
លោក ខៀវ កាញារីទ្ធ បានចាប់ផ្តើមប្រើ ហ្វេសប៊ុក តាំងពីឆ្នាំ ២០១០ មក ដែលការប្រើនេះបានជួយលោកយ៉ាងច្រើន ក្នុងការឆ្លើយបំភ្លឺ ដល់ក្រុមអ្នកសារព័ត៌មាន នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកបាននិយាយថា៖ «ពីមុនខ្ញុំទទួលទូរស័ព្ទជាង ១០០ ដង លើរឿងតែមួយ។ និយាយឡើងរេចមាត់ឡើងក្តៅត្រចៀកតែដល់ពេលមាន ហ្វេសប៊ុក ដាក់ទៅគេមើល ហើយបើមានគេឆ្ងល់ គេសួរទៀតខ្ញុំឆ្លើយបន្ថែម»។
លោក រដ្ឋមន្រ្តី បានចាត់ទុកព័ត៌មានក្នុងបណ្តាញ ហ្វេសប៊ុក ថាជាផលិតផលពាក់កណ្តាលសម្រេចដែលអ្នកលេងសរសេរពីចិត្ត ចំណង់របស់គេ ឬចែករំលែកព័ត៌មានគ្នាមើលប៉ុណ្ណោះ។ ប៉ុន្តែមិនមានអ្នកទទួលខុសត្រូវនោះទេ ព្រោះវាមានទំហំធំពេកដែលវាមិនដូចសារព័ត៌មានប្រពៃណីដូចជា កាសែត វិទ្យុ និងទូរទស្សន៍នោះឡើយ។ លោកបញ្ជាក់ថា កាសែត វិទ្យុ និង ទូរទស្សន៍ចេញផ្សាយព័ត៌មានខុសគឺគេត្រូវទទួលទោសចំពោះមុខច្បាប់។
លោករដ្ឋមន្ត្រីបានផ្តល់យោបល់ថា ហ្វេសប៊ុក មិនមែនជាកន្លែងផ្តល់ព័ត៌មានពិតប្រាកដ ដែលអាចយកជាការបានទាំងស្រុងនោះទេ ដែលអ្នកប្រើប្រាស់បើចង់ទទួលព័ត៌មានពិត គឺត្រូវតែធ្វើការស្រាវជ្រាវបន្ថែមទៀត៕
-____________________
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment