ប្រទេសថៃ ៖ បើតាមប្រភពព័ត៌មានពីបាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានឲ្យដឹងថា កម្មករសំណង់២នាក់ ដែលជាជនជាតិខ្មែរ ត្រូវបានកម្មករជនជាតិថៃបានសម្លាប់កាលពីយប់ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៣ នៅក្នុងខេត្ត ឈុនបុរី ប្រទេសថៃ។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ហួច ញឿម ភេទប្រុស អាយុ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡា អាយុ ២៨ឆ្នាំ ជាជនជាតិខ្មែរ និងបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករសំណង់នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះទាំង២នាក់ បានផឹកស៊ីនិងបានចាក់ភ្លេងរាំកម្សាន្ត។ ខណៈនោះក៏មានជនជាតិថៃ២នាក់ បានដើរឆ្លងកាត់ទីនោះ ហើយបានធ្វើការស្តីបន្ទោសឲ្យជនរងគ្រោះទាំង២នាក់ ពីរឿងចាក់ភ្លេងនាំឲ្យរំខានដល់អ្នកជិតខាង ប៉ុន្តែត្រូវបានជនរងគ្រោះតបតទៅវិញ ក៏បង្កើតទៅជាជម្លោះពាក្យសម្តីនឹងគ្នាមួយប្រាវ។
បន្ទាប់ពីឈ្លោះគ្នារួចហើយ ជនជាតិថៃទាំង២នាក់នោះក៏បានដើរត្រឡប់ទៅហៅបក្ខពួកមកធ្វើការព្រួតវាយលើជនរងគ្រោះទាំង២នាក់។ ក្នុងហេតុការណ៍វាយប្រតាយប្រតប់គ្នានោះ ជនជាតិថៃបានដកភ្លើងបាញ់សំដៅទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យដួលប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយពេលបង្កហេតុពួកគេក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
បន្ទាប់ពីកើតហេតុ ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ប៉ាតាយ៉ា ចាប់ខ្លួនបាន និងកំពុងតែធ្វើការសាកសួរដើម្បីស្វែងរកបក្ខពួកដទៃទៀតយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ប្រភពពី វត្តភ្នំ
Read more: http://www.cambodiapage.info/


0 comments:
Post a Comment