ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចាត់វិធានការផ្អាកការធ្វើ អាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេនានាដើម្បីធ្វើការត្រួតពិនិត្យ ទៅលើភាពស្របច្បាប់របស់អាជីវកម្មទាំងនោះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹងថា កិច្ចប្រជុំកាលពីម្សិលមិញ ក្រៅពីពិភាក្សាពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងរាជធានី លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ក៏បានលើកឡើងនូវបញ្ហានៃការធ្វើអាជីវកម្មបូមខ្សាច់អនាធិបតេយ្យ ផងដែរ ហើយបានស្នើភ្លាមៗឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការផ្អាកអាជីវកម្មទាំងនោះ។
ដោយមិនប្រាប់ឲ្យដឹងថា តើមានអាជីវកម្មប៉ុន្មានដែលកំពុងដំណើរការបូមខ្សាច់លក់ នៅរាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បាននិយាយថា ៖ «ឯកឧត្តមអភិបាលឲ្យផ្អាកជាបន្ទាន់អាជីវកម្មបូមខ្សាច់ ដើម្បីធ្វើការត្រួតពិនិត្យប័ណ្ណអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ ថាតើមានច្បាប់ឬអត់? ខ្លះគេសុំនៅក្រុង ខ្លះសុំនៅមន្ទីរ និងខ្លះសុំក្រសួង»។
លោកបានបន្តថា ៖ «អាជីវកម្មបូមខ្សាច់ដូចជា ការរុករកធនធានរ៉ែក្នុងទន្លេមួយដែរ អ៊ីចឹងពួកគេត្រូវតែមានច្បាប់អនុញ្ញាត។ កន្លងមកមានការបូមខ្សាច់ដោយអនាធិបតេយ្យតែមានក្រុមហ៊ុនខ្លះមានច្បាប់»។ បើតាមលោក ឡុង ឌីម៉ង់ អាជីវកម្មបូមខ្សាច់ ដែលគេមើលឃើញភាគច្រើន មាននៅតាមដងទន្លេ ក្នុងទឹកដីខណ្ឌ ឫស្សីកែវ និងខណ្ឌ មានជ័យ។
ប៉ុន្តែ លោក គួច ចំរើន អភិបាលខណ្ឌ មានជ័យ បានថ្លែងថា ក្នុងខណ្ឌរបស់លោកពុំមានអាជីវកម្មបូមខ្សាច់ទេ គឺមានតែអាជីវកម្មលក់ខ្សាច់ប៉ុណ្ណោះ។
លោកនិយាយថា៖ «គេបូមនៅកណ្តាលទន្លេ តែខ្ញុំក៏មិនដឹងថា ក្នុងទឹកដីណាដែរ គ្រាន់តែខណ្ឌយើង ច្រើនតែមានគេដឹកខ្សាច់ឆ្លងកាត់យកមកចាក់បំពេញដើម្បីធ្វើអាជីវកម្មលក់ដូរ។ អាជីវកម្មប្រភេទនេះ មានប្រមាណ ៥ ឬ ៦ កន្លែងប៉ុណ្ណោះហើយសុទ្ធតែមានច្បាប់ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល»។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មានសេចក្តីរាយការណ៍ជាច្រើនថា ច្រាំងទន្លេជាច្រើន នៅរាជធានីភ្នំពេញ និងខេត្ត កណ្តាល បានបាក់ធ្លាក់ចូលទន្លេ រួមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។ អ្នករស់នៅតាមដងទន្លេ ដែលពេលខ្លះបានធ្វើការតវ៉ានោះ បានបន្ទោសការបាក់ច្រាំងទន្លេនេះ ទៅលើការធ្វើអាជីវកម្មបូមខ្សាច់ហួសប្រមាណ។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា ៖ «ការធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងរដូវត្រីពង កូន បង្កឲ្យមានផលប៉ះពាល់មួយចំនួន ដូចជា ធ្វើឲ្យប្រភេទត្រី ដែលរកចំណីនៅតាមបាតទន្លេ អាចប្រឈមនឹងការងាប់ផុតពូជ និងបាត់បង់ចំណីត្រីជាដើម»។ តែទោះជាយ៉ាងណា លោកបញ្ជាក់ថា ការបូមខ្សាច់ក៏មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនោះដែរ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment