សមត្ថកិច្ចនៅតែបន្តពង្រឹងកម្លាំង ដើម្បីការពារសុវត្ថិភាព និងសន្តិសុខទូទៅ ជាពិសេសនៅរាជធានីភ្នំពេញ បើទោះណាជាគម្រោងនៃការវិលត្រឡប់ចូលក្នុងប្រទេសរបស់លោក សម រង្ស៊ី ត្រូវបានប្រកាសលើកពេលក៏ដោយ។ ការពង្រឹងសន្តិសុខតាមរយៈការពង្រាយកំលាំងសមត្ថកិច្ចនោះ ត្រូវបានគេមើលឃើញថា មានច្រើននៅម្តុំវត្តបុទុមវតី ទីតាំងដែលធ្លាប់ជា គោលដៅធ្វើបាតុកម្មកន្លងមក។
កំលាំងសមត្ថកិច្ចនគរបាលទាំងក្រុមៗ ត្រូវគេដាក់ពង្រាយនៅពាសពេញរាជធានី បន្ទាប់ពីមានការប្រកាសកាន់តែសន្ធាប់ទៅ ពីសំណាក់មេដឹកនាំគណបក្សប្រឆាំងថានឹងត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើភាពមិនប្រក្រតីនៃការបោះឆ្នោត មិនត្រូវបានដោះស្រាយ។
ជួនពេលដែលគណបក្សសង្គ្រោះជាតិប្រកាសថា មេដឹកនាំរបស់ខ្លួនលោក សម រង្ស៊ី នឹងវិលត្រលប់ចូលប្រទេសវិញ នៅថ្ងៃ ប្រហស្បតិ៍ទី ១៥ សីហានេះ កងកំលាំងសន្តិសុខហាក់ដូចត្រូវបានបង្កើនយ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះណាជាការវិលត្រលប់របស់លោក សម រង្សី ត្រូវបានលើកទៅថ្ងៃក្រោយក៏ដោយ។
នៅលើសួនច្បារវត្តបុទុមវតី នគរបាលទាំងកងៗ ត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្ន។ មេបញ្ជាការបានកោះប្រជុំជួរជាញឹកញាប់ ដើម្បីធ្វើការណែនាំនៅក្រោមសំពត់តង់ព័ណ៌សរាងទ្រវែង ដែលមើលទៅហាក់ដូចជាជំរំទ័ព ដែលបោះទីតាំងដើម្បីត្រៀមប្រយុទ្ធនឹងអ្វីមួយ។ ក្រឡេកទៅមើលក្បែរផ្លូវចូលទៅកាន់សួនកុមារ នៅទល់មុខអគាររដ្ឋសភាចាស់វិញ រថយន្តអគ្គីភ័យព័ណ៌ក្រហមឆេះ ពីបីទៅបួនគ្រឿងក៏ត្រូវគេដាក់តម្រៀបគ្នាជាមួយនឹងវត្តមានកងកំលាំងជាច្រើននៅទីនោះផងដែរ។
រូបភាពបែបនេះគ្មាននរណាមួយមិនដឹងនោះទេ ដោយអ្នកលក់ដូរនៅទីនោះនិយាយដូចៗគ្នាថា ជាការដាក់កំលាំងសមត្ថកិច្ចខុសពីប្រក្រតីភាព ចំពេលដែលមានការប្រកាសធ្វើបាតុកម្មរបស់លោក សម រង្ស៊ី។ ជាងថតរូបចល័តជាច្រើនមុខព្របរមរាជវាំង មិនឆ្ងាយប៉ុន្មានពីកន្លែងនោះ រអ៊ូថា ពុំសូវមានមនុស្សដើរកំសាន្ត ជាហេតុធ្វើឲ្យពួកគាត់ពុំសូវមានម៉ូយថតរូបនោះទេ រយៈពេលប៉ុន្មានថ្ងៃមកហើយ រួមទាំងថ្ងៃនេះផងដែរ។
មន្ត្រីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដែលកំពុងជាប់រវល់ប្រជុំនោះ មិនអាចធ្វើអត្ថាធិប្បាយបានទេ កាលពីព្រឹកម៉ិញ ក៏ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសកន្លងមកនេះថា ការពង្រាយកំលាំងសន្តិសុខជាច្រើនកន្លែង គឺក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលមានការផ្សព្វផ្សាយពីមេដឹកនាំគណបក្ស ជាច្រើនដង ពីគំរោងធ្វើមហាបាតុកម្ម តវ៉ានឹងលទ្ធផលបោះឆ្នោត៕
ប្រភពពី RFI
Read more: http://www.cambodiapage.info/


0 comments:
Post a Comment