មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅមុខទៅស្នាក់ការគណបក្សសង្គ្រោះជាតិ នាខណ្ឌទួលគោក នៅព្រឹកនេះ ដើម្បីចុះឈ្មោះឡើងវិញ ចំពោះអ្នកដែលមិនមានឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត អណត្តិទី៥។ ក្រុមការងារគណបក្សបានរៀបចំតុចំនួន ៦ ដើម្បីឱ្យប្រជាជន ដែលមានបញ្ហាជុំវិញការបោះឆ្នោតឡើងបង្ហាញភស្ដុតាងដែលបានឆ្លងកាត់។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ មណ្ឌលបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ប្រជាពលរដ្ឋជិត ១ពាន់នាក់ បាននាំគ្នាជួបជុំដើម្បីចុះឈ្មោះ ម្តងម្នាក់ៗ មានអ្នកមួយចំនួន មានកាន់នូវអត្តសញ្ញាណប័ណ្ណ និងអ្នកខ្លះបានកាន់លិខិតឆ្លងដែនផងដែរ នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក ក្នុងគោលបំណងចុះឈ្មោះឡើងវិញ ដោយសង្ឃឹមថា នឹងអាចមានការបោះឆ្នោតឡើងវិញ នៅតាមមណ្ឌលមួយចំនួន។
គណបក្សសង្គ្រោះជាតិបានបើកវេទិកានេះឡើង ដើម្បីបង្ហាញពីភាពមិនប្រក្រតីមួយចំនួន ជុំវិញការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៨ កក្កដា។ គណបក្សខាងលើបើកឱ្យប្រជាជន មកបង្ហាញភស្ដុតាងជុំវិញការបោះឆ្នោត ដើម្បីជំរុញឱ្យមានការបង្កើតគណៈកម្មាធិការចំរុះមួយសម្រាប់ស្រាវជ្រាវរកចំណុច មិនប្រក្រតីជាច្រើន។
លោកស្រី មួរ សុខហួរ បានឱ្យដឹងថា គណបក្សសង្គ្រោះជាតិ បានបើកទ្វារប្រមូលភស្ដុតាងពីប្រជាជន ដោយមានរៀបចំ៦តុ ដើម្បីឱ្យប្រជាពលរដ្ឋបង្ហាញពីបញ្ហាផ្សេងៗគ្នា។
វេទិកាខាងលើបានចាប់ផ្ដើមបើកកាលពីព្រឹកមិញ សម្រាប់រយៈពេល ២សប្ដាហ៍ ដែលគ្រោងនឹងបញ្ចប់ ថ្ងៃទី១០ សីហា ខាងមុខ។ ដោយលោក ស្រី មួរ សុខហួរ បានអះអាងថា បន្ទាប់ពីការប្រមូលភស្ដុតាងពីប្រជាជនមក គណបក្សសង្គ្រោះជាតិនឹងចេញជារបាយការណ៍មួយ ផ្ដល់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. និងសហគមន៍អន្តរជាតិមួយចំនួន។
សូមរម្លឹកថា បន្ទាប់ពីមានការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោត នាថ្ងៃទី២៨ កក្កដា ដោយគណបក្សប្រជាជន និងគ.ជ.ប.មក គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយ មិនទទួលស្គាល់លទ្ធផលជាបឋមខាងលើ។ គណបក្សសង្គ្រោះជាតិ បានស្នើទៅ គ.ជ.ប. និងរដ្ឋាភិបាលឱ្យមានការបង្កើតគណៈកម្មាធិការចំរុះ ដើម្បីស្រាវជ្រាវនូវអ្វីដែលគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលមួយចំនួនអះអាងថាមានភាពមិនប្រក្រតី៕
ដោយ ជា ប៊ុនធឿន
ប្រភពពី វិទ្យុបារាំង
Read more: http://www.cambodiapage.info/


0 comments:
Post a Comment