អង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី១០ កក្កដា បានចេញលិខិតប្រតិកម្មចាត់ទុកមតិអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលបានចាត់ទុករបាយការណ៍នោះថាជានិន្នាការរបស់អង្គការតម្លាភាពកម្ពុជា និងមាននិន្នាការនយោបាយ។ អង្គការតម្លាភាពកម្ពុជា ថាមតិជំទាស់នោះជាទម្លាប់មិនទទួលស្គាល់របាយការណ៍ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរ និងតថភាពសង្គម ដែលត្រូវបានធ្វើឡើងប្រកបដោយវិជ្ជាជីវៈ តាមវិទ្យាសាស្ត្រ និងដែលមានការទទួលស្គាល់នៅជុំវិញពិភពលោក។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា នេះមិនមែនជាដំណោះស្រាយល្អទេ នៅពេលដែលមានការមិនទទួលស្គាល់របាយការណ៍ណាមួយដែលឆ្លុះបញ្ចាំងនូវការលើកឡើងនូវទុក្ខកង្វល់ និងទស្សនៈរបស់ប្រជាពលរដ្ឋ។ លោកបានស្នើឲ្យអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ពិនិត្យពិចារណាទៅលើរបាយការណ៍នេះ រួចស្វែងរក និងបង្ហាញយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីពន្លឿនការអភិវឌ្ឍនៅកម្ពុជា។
លោក ព្រាប កុល៖ «ខ្ញុំ! ខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអីបានជាគ្រប់របាយការណ៍របស់សង្គមស៊ីវិល របាយការណ៍របស់អ្នកសិក្សាស្រាវជ្រាវឯករាជ្យ របាយការណ៍របស់អង្គការសហប្រជាជាតិ ឬក៏របាយការណ៍អីផ្សេងៗទាំងអស់ហ្នឹង គឺបានទទួលបានការច្រានចោល ការមិនទទួលស្គាល់គ្រប់តែទាំងអស់ហ្នឹងណាស់។ អ៊ីចឹងទៅ ការមិនទទួលស្គាល់ ឬក៏ច្រានចោលរបស់របាយការណ៍ដែលយើងខ្ញុំបានសិក្សាស្ទង់មតិប្រជាពលរដ្ឋហ្នឹង គឺមានន័យថា ហាក់ដូចជាមិនគោរពទស្សនៈរបស់ប្រជាពលរដ្ឋ ដែលគាត់ខ្វល់ខ្វាយពីបញ្ហាអំពើពុករលួយ»។
ទាក់ទងនឹងបញ្ហានេះ លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងថា របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ធ្វើឡើងគ្រាន់បានតែមួយចំហៀង គ្រាន់តែឃើញហើយថា។ លោកបានបន្តថា រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការប្រឆាំងនឹងអំពើពុករលួយ និងបង្កើនឲ្យមានតម្លាភាព ដោយបានបង្កើនយន្តការបីចំណុច។
លោក ផៃ ស៊ីផាន៖ «រាជរដ្ឋាភិបាលធ្វើបីចំណុច។ ទីមួយ ធ្វើឲ្យមានច្បាប់។ ចំណុចទីពីរ បង្កើតឲ្យមានយន្តការក្នុងការប្រឆាំងអំពើពុករលួយ។ ចំណុចទីបី គឺយើងរៀបចំយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាពតាមរយៈតម្លៃសេវាកម្មផ្តល់ឲ្យសាធារណៈ ក៏ដូចជាថេរវេលាផ្តល់ឲ្យសាធារណៈ»។
លទ្ធផលនេះបង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរនៃអ្នកផ្តល់បទសម្ភាសន៍ទាំងអស់ បាននិយាយថា ប្រជាពលរដ្ឋ ៦៥% បានសូកប៉ាន់មន្ត្រីតុលាការ និងប៉ូលិស ៦២% បានសូកដល់មន្ត្រីចុះអត្រានុកូលដ្ឋាន និង ៥៧% ដល់មន្ត្រីពាក់ព័ន្ធ និងសេវាកម្មដីធ្លី។ លើសពីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៣៨% បានសូកប៉ាន់ដល់មន្ត្រីសុខាភិបាល និង ៣០% ដល់មន្ត្រីអប់រំ៕
ប្រភពពី RFA
