អ្នកស្រី មុំ មុត អាយុ ៤៩ ឆ្នាំ ដែលជាម្តាយចិញ្ចឹមរបស់កុមារា ឈួន សំណាង អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី៤ ដែលត្រូវយាយចិញ្ចឹមបញ្ជាឲ្យកូនប្រសាប្រុស វាយឲ្យរបួសពេញរាងកាយនោះ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែ ឧសភា ម្តាយបង្កើតរបស់អ្នកស្រី បានបាត់កូនវិទ្យុមួយ ដែលមានតម្លៃ៦ម៉ឺនរៀល ហើយបានចោទមកលើកូនអ្នកស្រីថា ជាអ្នកលួចបើទោះបីជាកូនអ្នកស្រីបានប្រកែកយ៉ាងណាក៏ដោយ។
អ្នកស្រីបានថ្លែងថា៖«កូនប្រុសខ្ញុំបានទៅរៀននៅពេលថ្ងៃស្រាប់តែ ប៊ូ នី ដែលត្រូវជាឪពុកមា បានទៅសាលា ដោយនិយាយកុហកគ្រូថា ខ្ញុំឈឺហើយដួលសន្លប់ ត្រូវការឲ្យកូនខ្ញុំមកជួយមើល បើទោះបីជាគ្រូប្រាប់ថាឲ្យកូនខ្ញុំធ្វើលំហាត់ប្រឡងឆមាសឲ្យចប់សិនក៏ដោយ ក៏គេពុំព្រមដែរគឺបានចាប់ដៃកូនខ្ញុំចេញពីសាលាហើយដឹកយកទៅវាយនៅកណ្តាលព្រៃតែម្តង»។
អ្នកស្រីបានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះគឺនៅវេលាម៉ោង ៣ និង ៣០ នាទី ប៊ូ នី បានយកកូនរបស់អ្នកស្រីចេញពីសាលាយកទៅវាយនៅក្នុងព្រៃដោយចងដៃស្លាបសេកទៅក្រោយ ហើយក៏បានយកដែកព្យួរខោអាវ ទៅវាយកូនរបស់អ្នកស្រីរហូតដល់គេដួលសន្លប់។
អ្នក ស្រីនិយាយថា ៖ «នៅពេលដែលខ្ញុំទទួលបានទូរស័ព្ទពីអ្នកជិតខាងថា កូនខ្ញុំត្រូវគេចងវាយ ខ្ញុំខំរត់ទៅ ក៏ឃើញគេដេកចងស្លាបសេកហើយឈាមពេញខ្លួនខ្ញុំស្ទើរតែដួលសន្លប់ ពីព្រោះអាណិតកូន។ កូនខ្ញុំនេះ ខ្ញុំរើសយកមកចិញ្ចឹម តាំងតែពីមានអាយុ ៣ ខែ បន្ទាប់ពីឪពុកម្តាយគេបានបោះបង់ចោល»។
អ្នកស្រីបន្តថា បន្ទាប់ពីថ្ងៃកើតហេតុមក អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅប៉ូលិសឃុំ ស្រុករួចហើយ ហើយអស់រយៈពេល ៧ សប្តាហ៍មកហើយនៅតែពុំទាន់មានដំណោះស្រាយរីឯជនប្រព្រឹត្ត ក៏បានរត់គេចខ្លួន។
អ្នកស្រីបន្តថា៖ «ប៉ូលិសហៅម្តាយខ្ញុំ និងខ្ញុំ ទៅសម្រួលគ្នា ដោយឲ្យដកពាក្យបណ្តឹងវិញ គាត់បង់លុយព្យាបាល ១លានរៀលតែខ្ញុំបដិសេធ។ ខ្ញុំមិនគិតថា ម្តាយ ឬក៏អ្វីនោះទេ គឺខ្ញុំចង់រកយុត្តិធម៌ឲ្យកូនរបស់ខ្ញុំ»។
លោក គឹម សានី អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ពាក្យបណ្តឹងនោះ លោកបានបញ្ជូនបន្តទៅតុលាការរួចហើយកាលពីថ្ងៃទី៨ ខែកក្កដា។
លោកនិយាយថា៖«យើងបានស៊ើបអង្កេតរួចរាល់អស់ហើយដូច្នេះនៅពេលណា ដែលមានដីការចាប់ខ្លួនពីតុលាការ យើងនឹងស្វែងរកចាប់ខ្លួនជនល្មើស»។
លោក ឈិន ឡុង ក្រឡាបញ្ជីតុលាការខេត្តកោះកុង បានឲ្យដឹងថា សំណុំរឿងនេះទើបតែបញ្ជូនចូលមកដល់តុលាការកាលពីល្ងាចថ្ងៃអង្គារ ហើយនៅថ្ងៃពុធនេះ ទើបបញ្ជូនរឿងនេះទៅព្រះរាជអាជ្ញា។
លោក នាង បូរាទីណូ មន្ត្រីសម្របសម្រួលអង្គការអាដហុកខេត្តកោះកុង បានឲ្យដឹងថា រឿងនេះគឺជារឿងតូចតាចមួយដោយគ្រាន់តែបាត់វិទ្យុ ហើយចោទកុមារារងគ្រោះថា ជាអ្នកលួចហើយត្រូវចាប់ចងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា៖«អាជ្ញាធរ គួរតែពន្លឿននីតិវិធី ដើម្បីស្វែងរកចាប់ជនល្មើសមកផ្តន្ទាទោសឲ្យទាន់ពេលវេលាដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ»។
កាលពីឆ្នាំ ២០០៩ មានករណីគ្រួសារគ្រូបង្រៀនមួយនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទិញកូនគេម្នាក់មកចិញ្ចឹមធ្វើជាកូនធម៌ ហើយបានធ្វើទារុណកម្មក្មេងស្រីរូបនោះ ចាប់តាំងពីនាងមានអាយុ៨ ឆ្នាំរហូតដល់នាងមានអាយុ ១១ ឆ្នាំ។ ក្នុងករណីនេះស្ត្រីដែលជាជនដៃដល់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៥ ឆ្នាំ ចំណែកឯបុរសជាប្តីជាប់គុក ៥ឆ្នាំ។ រីឯស្ត្រីដែលបានលក់កូននេះ ឲ្យគ្រួសារគ្រូបង្រៀននោះក៏ជាប់គុក ៥ ឆ្នាំផងដែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
