គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:17 AM
image (1)មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​៩ កក្កដា បាន​ស្នើ​ឲ្យ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រប​សម្រួល​នយោបាយ​នៅ​មុន​ការ​វិល​ត្រឡប់​មក​កម្ពុជា វិញ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ទី​២៨ ខែ​កក្កដា។
លោក សម រង្ស៊ី បាន​អះអាង​ថា លោក​សុខ​ចិត្ត​ដើរ​ចូល​ពន្ធនាគារ ប្រសិន​បើ​អាជ្ញាធរ​ចង់​ឲ្យ​លោក​ជាប់​ពន្ធនាគារ។ អ្នក​វិភាគ​ឯករាជ្យ​សង្គម ​ថ្លែង​ថា ប្រសិន​បើ​លោក សម រង្ស៊ី ចូល​មក​កម្ពុជា ដោយ​គ្មាន​ដំណោះ​ស្រាយ​ជា​មុន​នោះ កម្ពុជា​ទាំង​មូល​នឹង​ខាត​បង់​ប្រយោជន៍។
ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​វិល​ត្រឡប់​ទៅ​កម្ពុជា ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​បណ្ដាល​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​សំណាក់​សហគមន៍​ជាតិ ​និង​អន្តរជាតិ។ សហរដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​គំរាម​កំហែង​ពី​ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ​ប៉ុន្តែ​លោក សម រង្ស៊ី បាន​ប្រកាស​ត្រៀម​ខ្លួន​ចូល​ពន្ធនាគារ​ ទោះ​ជា​លោក​អាច​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏​ដោយ។
លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ប្រកាស​ជា​ថ្មី​ថា ប្រសិន​បើ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក លោក​ស្នើ​ឲ្យ​សកម្មជន​គណបក្ស​កុំ​ធ្វើ​បាតុកម្ម។ លោក​បន្ត​ថា លោក​ក៏​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​បរម​រាជវាំង ជុំ​វិញ​សំណើ​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លោក​នៅ​ឡើយ​ ហើយ​រដ្ឋាភិបាល​ក៏​នៅ​មិន​ទាន់​សម្រប​សម្រួល​នយោបាយ​ណា​មួយ​ឲ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា ដោយ​គ្មាន​ការ​ចាប់​ខ្លួន។
លោក សម រង្ស៊ី៖ «ខ្ញុំ​សង្ឃឹម​ជានិច្ច​ថា នឹង​មាន​ការ​ជជែក​គ្នា ខ្មែរ​យើង​និយាយ​ត្រូវ​គ្នា ដោះ​ស្រាយ​រាល់​បញ្ហា​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង។ តែ​ឥឡូវ​នេះ មិន​ទាន់​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា វិញ មុន​ថ្ងៃ​បោះ​ឆ្នោត»
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​ពិភាក្សា​វិទ្យុ​អាស៊ីសេរី បាន​ស្នើ​ឲ្យ​លោក សម រង្ស៊ី សរសេរ​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រប​សម្រួល​នយោបាយ​អាច​ចូល​មក​កម្ពុជា វិញ​បាន។ លោក ផៃ ស៊ីផាន បន្តថា គំនាប​បរទេស​ដើម្បី​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី អាច​កម្ពុជា​វិញ​បាន ​មិន​បាន​ជោគ​ជ័យ​ទេ​នៅ​កម្ពុជា។
លោក​បន្ត​ថា មាន​តែ​លោក សម រង្ស៊ី ទេ ជា​គន្លឹះ​នៃ​ការ​សម្រប​សម្រួល​នយោបាយ៖ «លោក​អញ្ជើញ​ចេញ​ទៅ​ក្រៅ​ដោយ​ស្ម័គ្រ​ចិត្ត ​ហើយ​មាន​តែ​លោក សម រង្ស៊ី ទេ ដែល​លោក​ស្ម័គ្រ​ចិត្ត​ចូល​មក​វិញ ដោយ​សម្រប​សម្រួល​ការងារ​នយោបាយ»
រដ្ឋាភិបាល​នៅ​សប្ដាហ៍​នេះ រង​គំនាប​បរទេស​ជាច្រើន​ជុំវិញ​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត។ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៨ កក្កដា ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ចេន ផ្សាឃី (Jen Psaki) ប្រាប់​សារព័ត៌មាន អេ.ភី (AP) ថា លោក សម រង្ស៊ី ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក។ អ្នកស្រី​បន្ត​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ទាម​ទារ​ឲ្យ​មាន​ទីលាន​ប្រកួត​ស្មើ​ភាព ​ហើយ​មិន​ត្រូវ​មាន​ការ​រារាំង​គណបក្ស​ប្រឆាំង ចូល​រួម​ការ​បោះ​ឆ្នោត​ឡើយ។ សមត្ថកិច្ច​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហាក់​មិន​បាន​ស្ដាប់​សំណើ​សហរដ្ឋអាមេរិក​ទេ។
សមត្ថកិច្ច​បាន​ព្រមាន​ចាប់​ខ្លួន​របស់​លោក សម រង្ស៊ី ​ប្រសិន​បើ​លោក​មាន​វត្តមាន​នៅ​កម្ពុជា។ អ្នក​វិភាគ​សង្គម លោក កែម ឡី ​ព្រមាន​ថា​ ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​និង​លោក សម រង្ស៊ី គ្មាន​វត្តមាន​នៅ​កម្ពុជា ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់កម្ពុជា៕
ប្រភពពី RFA