លោកការីនិពន្ធជាទីរាប់អាន!
ខ្ញុំពិតជារីករាយចំពោះអ្វីដែលខ្ញុំចាត់ទុកថា ជាដំណោះស្រាយឈ្នះ ឈ្នះ! ដែលសម្រេចបានដោយគណបក្សប្រឆាំង និងមេដឹកនាំកាន់អំណាចកម្ពុជា។ វាឆ្លុះបញ្ចាំងនូវស្មារតីផ្សះផ្សាជាតិជាថ្មីម្តងទៀតនិងបង្ហាញ នូវគតិបណ្ឌិត របស់ភាគីទាំងសងខាង។
ខ្ញុំជឿជាក់ថា ប្រទេសដ៏តូច និងក្រីក្រនេះ ដែលមានសមត្ថភាព នៅសេសសល់ពីរបបវាលពិឃាត កម្ពុជានឹងរួបរួមគ្នាយ៉ាងល្អ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពន្លឿនការអភិវឌ្ឍជាតិជាជាងការបែកបាក់គ្នាឯង អ្នកមានទេពកោសល្យដ៏កម្រនៅកម្ពុជាគួររួបរួមគ្នា និងធ្វើការទាំងអស់គ្នាដើម្បីដោះស្រាយកំណែទម្រង់ដ៏ពិបាកដើម្បី ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានចីរភាពសម្រាប់អ្នករាល់គ្នា។
ខ្ញុំច្បាស់ថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ហើយអាចបង្កើតរដ្ឋាភិបាលបានយ៉ាងងាយស្រួល និងធ្វើកិច្ចការរបស់ខ្លួនដូចធម្មតា។ ប៉ុន្តែនឹងមានបញ្ហាប្រឈមដ៏ធំសម្រាប់គណបក្សប្រជាជនតែម្នាក់ ឯងក្នុងការដោះស្រាយ នៅថ្ងៃអនាគត។ បើសិនជាគណបក្សប្រជាជនមិនផ្លាស់ប្តូររបៀបអភិបាលកិច្ចរបស់ខ្លួនទេនោះ ខ្ញុំគិតថា គណបក្សប្រជាជន អាចនឹងថយចុះចំនួនអាសនៈរដ្ឋសភា ដោយសារមូលហេតុផ្សេងៗ។ ខ្ញុំច្បាស់ថាមានវិធីផ្សេងទៀតដែលគណបក្សប្រជាជនអាចរក្សា ឬទទួលបានប្រជាប្រិយភាពបន្ថែមទៀត ក្រៅពីវិធីសាស្រ្តធ្វើនយោបាយបច្ចុប្បន្ន។
អ្នកបោះឆ្នោតកម្ពុជានៅដំណាក់កាលនេះ ពេញចិត្តចំពោះសន្តិសុខ ផ្លូវ ព្រែក ទឹកស្អាត អគ្គិសនី សាលារៀន សេវាសុខាភិបាល ។ល។ ការធានាផ្តល់សេវាទាំងនេះគួរជាតួនាទីរបស់រដ្ឋាភិបាលមិនមែនមន្រ្តីគណបក្សទេ។ រដ្ឋាភិបាល ត្រូវការមូលនិធិបន្ថែមទៀត និងមន្រ្តីរាជការទទួលបានប្រាក់ខែច្រើន ដើម្បីផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
ដូច្នេះ ចំណុចគន្លឹះគឺត្រូវធានាប្រមូលចំណូលនិងគ្រប់គ្រងថវិកាឲ្យបានល្អប្រសើរ។ធ្វើដំណើរឆ្ពោះទៅមុខ អាទិភាពកំពូលគឺការកែប្រែការបង់ប្រាក់ក្រៅផ្លូវការទៅជាការបង់ប្រាក់ជាផ្លូវការវិញ។ ដើម្បីឲ្យការផ្លាស់ប្តូរនេះ ទទួលបានជោគជ័យ អាជីវកម្ម ជាពិសេស អាជីវកម្មធំៗត្រូវឈប់បង់ពន្ធក្រៅផ្លូវការ។ ប្រសិនបើគណបក្សប្រជាជនយល់ថា វាពិបាកណាស់ក្នុងការធ្វើកំណែទម្រង់ដ៏ធំនេះដោយសារតែមូលហេតុមួយចំនួន នោះ រដ្ឋាភិបាលអាចប្រើប្រាស់ជំនួយ ពីគណបក្សសង្គ្រោះជាតិ
ដូច្នេះ រដ្ឋាភិបាលចម្រុះមិនមែនជាគំនិតអាក្រក់ឡើយ។ ទោះជាយ៉ាងណា ភាគីទាំងពីរត្រូវព្រមព្រៀងលើរបៀបវារៈនៃកំណែទម្រង់ជាមុនសិនដើម្បីកុំឲ្យគេជ្រើសចេញ និងពុករលួយ។ របៀបវារៈនោះគួរតែរាប់បញ្ចូលទាំងការកសាងតុលាការឯករាជ្យ និងមានសមត្ថកិច្ច និងទាហានឯករាជ្យ ហើយអនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នសិក្សា និងស្រាវជ្រាវឯករាជ្យដើម្បីឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពដែលមានប្រសិទ្ធភាពដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រសិនបើកំណែទម្រង់ដ៏ធំនេះត្រូវបានអនុវត្តឡើងដោយអ្នកស្នេហាជាតិទាំងអស់ នឹងមានលទ្ធភាពល្អប្រសើរបំផុត សម្រាប់កម្ពុជាក្លាយជាកូននាគនៅក្នុងតំបន់ ដែលមេដឹកនាំជាច្រើននាក់បានខិតខំកន្លងមក ប៉ុន្តែទទួលបរាជ័យ។ អនុផលដ៏មានតម្លៃបំផុតនៃការធ្វើអ្វីដែលល្អបំផុតសម្រាប់ប្រយោជន៍ជាតិគឺការឯកភាពជាតិពិតៗ ការជាសះ និងសាមគ្គីភាពក្នុងប្រទេស។
ឥឡូវនេះ កម្ពុជាមានឥស្សរជនល្បីឈ្មោះ និងមានអំណាចហើយ ហើយមិនយូរមិនឆាប់ ពួកគេគួរចាប់ផ្តើមក្លាយជាវីរបុរសរដ្ឋដែលកសាង និងពង្រឹងស្ថាប័នដើម្បីដំណើរឆ្ពោះទៅសម្រេចបាននូវឋានៈជារដ្ឋ អភិវឌ្ឍន៍ នៅត្រឹមឆ្នាំ ២០៥០។ បន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍នៃការធ្លាក់ចុះ និងឈឺចាប់ដែលបង្កឡើងដោយមនុស្សកម្ពុជានិងប្រជាជនកម្ពុជាឥឡូវនេះសមនឹងទទួលបាននូវយុគសម័យថ្មី។ ជម្រើសគឺស្ថិតក្នុងដៃរបស់មេដឹកនាំបច្ចុប្បន្នដែលខ្ញុំជឿជាក់ថាមានសមត្ថភាពណាស់។ សូមយើងមានក្តីស្រមៃដ៏អស្ចារ្យនេះ និងសម្រេចវាឲ្យបាន៕ TK
លោក ច័ន្ទ សុផល អតីតប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា
ប្រភពពីភ្នំពេញប៉ុស្តិ៍
