ភ្នំពេញៈ អ្នកតំណាងរបស់ឧស្សាហកម្មបាននិយាយកាលពីម្សិលមិញថា ទោះបីជាអាជីវកម្មនៅតែបន្តដូចធម្មតានៅថ្ងៃអាទិត្យក៏អាជីវកម្មជាច្រើននៅទីក្រុងភ្នំពេញនឹងត្រូវបានបិទដំណើរការទាំងស្រុង ឬ បិទពាក់កណ្ដាលនៅថ្ងៃបោះឆ្នោត ដោយសារតែបុគ្គលិកភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងភ្ញៀវទេសចរនឹងត្រូវទៅបោះឆ្នោត។
លោក លូ ម៉េង ម្ចាស់ភោជនីយដ្ឋានជាច្រើន និងជាប្រធានសមាគមសណ្ឋាគារកម្ពុជា បានឲ្យដឹងថា ថ្ងៃបោះឆ្នោតនឹងមិនបង្អាក់ដល់ប្រតិបត្តិការរបស់ភោជនីយដ្ឋាន និងរង្គសាលច្រើននៅក្នុងទីក្រុងនោះទេ ប៉ុន្តែពួកគេត្រូវតែរៀបចំឲ្យបុគ្គលិកអាចទៅបោះឆ្នោតបាន។
លោកបានលើកឡើងថា៖ «ម្ចាស់អ្នកគ្រប់គ្រងមួយចំនួន អាចធ្វើអ្វីដែលពួកគេចង់ធ្វើបើពួកគេចង់បិទ ឬបើពួកគេចង់បើក គឺវាស្រេចតែពួកគេតែប៉ុណ្ណោះ»។
កន្លែងជាច្រើនដូចជារង្គសាល និងភោជនីយដ្ឋាននឹងមិនត្រូវបានអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងទេនៅ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោក លូ ម៉េង បន្តថា អាជីវកម្មជាច្រើនដែលលក់គ្រឿងស្រវឹងនឹង «បើកឡើងវិញយ៉ាងឆាប់រហ័ស» នៅសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតដោយសារតម្រូវការនឹងខ្ពស់ជាងថ្ងៃធម្មតា បន្ទាប់ពីពីរ ឬបីថ្ងៃមិនមានការលក់ដូរ។
លោកបន្តថា៖ «នោះគឺជាបទពិសោធរបស់យើង»។
លោក Thiebault Nicolet អ្នកគ្រប់គ្រងនៅភោជនីយដ្ឋាន Van បានថ្លែងថាភោជនីយដ្ឋាននេះនឹងត្រូវបិទនៅពេលអាហារថ្ងៃត្រង់នៅថ្ងៃអាទិត្យ ហើយបើកដំណើរការឡើងវិញនៅម៉ោង ៥ ល្ងាចដោយសារការឲ្យបុគ្គលិកទៅចូលរួមបោះឆ្នោត។
លោកបន្ថែមថា បុគ្គលិកដែលនៅទីកន្លែងឆ្ងាយៗដូចជាខេត្ត សៀមរាប នឹងបានឈប់ ៣ ថ្ងៃ។ លោកបញ្ជាក់ថា លោករំពឹងថា អាជីវកម្មនឹងកាន់តែស្ងប់ស្ងាត់ពេលល្ងាច។
លោក សត្យា វុទ្ធី អ្នកត្រួតពិនិត្យរៀបចំទីកន្លែងនៅផ្សារទំនើបឡាក់គីបាននិយាយ កាលពីម្សិលមិញថាផ្សារទំនើបឡាក់គី ដែលជាហាងលក់រាយទូទាំងប្រទេសធំជាងគេរបស់កម្ពុជា នឹងត្រូវបិទនៅពេលព្រឹកដើម្បីឲ្យបុគ្គលិកទៅបោះឆ្នោត ប៉ុន្តែនឹងបើកឡើងវិញនៅពេលថ្ងៃត្រង់។
ពេលសួរថាតើប្រជាជនបានទិញអាហារ និងទឹកទុកច្រើនទេក្នុងពេលថ្មីៗនេះ លោក សត្យា វុទ្ធី លើកឡើងថាវា «ដូចជាធម្មតា»។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ នឹងមិនមានផលប៉ះពាល់ច្រើនដល់វិស័យទេសចរណ៍នោះទេ។ លោកលើកឡើងថា៖ «តាមដែលខ្ញុំដឹងគ្មាននរណាម្នាក់នឹងបិទ ឬផ្លាស់ប្តូរម៉ោងបើកដំណើរការនោះទេនៅតាមទីកន្លែងភ្ញៀវទេសចរ និងទីផ្សារធំៗនៅទីក្រុងភ្នំពេញដូចជាផ្សាររុស្ស៊ីជាដើម»។
លោកថ្លែងថា៖ «កាលពីម្សិលមិញខ្ញុំបានទៅប្រាសាទ អង្គរវត្ត គឺពេញដោយភ្ញៀវទេសចរ។ ពួកគេមិនខ្វល់អំពីការបោះឆ្នោតឡើយ»។
ប៉ុន្តែសារមន្ទីរជាតិគ្រោងនឹងបិទដំណើរការកន្លះថ្ងៃ។
លោក គង់ វីរៈ ប្រធានសារមន្ទីរជាតិបាននិយាយកាលពីម្សិលមិញថា៖ «យើងនឹងបិទនៅពេលព្រឹកប៉ុន្តែក្នុងករណីដែលមានភ្ញៀវទេសចរចូលមកនៅពេលរសៀលយើងមានបុគ្គលិកមួយចំនួននៅទីនោះដែលអាចធ្វើការជាមួយពួកគេបាន»។
អ្នកបោះឆ្នោតនឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃអាទិត្យអាចប្រឈមនឹងការចំណាយតម្លៃខ្ពស់ក្នុងការធ្វើដំណើរដោយសារតែអ្នកបើកបរ និងក្រុមហ៊ុនជាច្រើនព្យាយាមប្រមូលប្រាក់ពីអ្នកធ្វើដំណើរក្នុងអំឡុងពេលនេះ៕ PB
ប្រភពពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment