ពលករខ្មែររងគ្រោះដោយការជួញដូរ នៅសន្និសីទកាសែត នៅសមាគមអាដហុកកាលពីម្សិលមិញ។ រូបថត មិនា
ភ្នំពេញៈ រឹម វណ្ណៈ នៅតែស្ថិតក្នុងស្ថានភាពទន់ខ្សោយ បន្ទាប់ពីយុវជនអាយុ១៨ឆ្នាំរូបនេះ បានស៊ូទ្រាំស្ទើរស្លាប់ធ្វើការងារដូចជាទាសករ ក្នុងមួយថ្ងៃ២១ម៉ោងហើយត្រូវគេវាយដំបង្ខំឲ្យធ្វើការ អស់រយៈពេលប្រហែល២ឆ្នាំនៅលើទូកនេសាទកណ្តាលសមុទ្រ ក្នុងប្រទេសហ្វីជី ដោយមិនទទួលបានប្រាក់ឈ្នួលអ្វីសោះ។
វណ្ណៈ ដែលមកពីស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានថ្លែងនៅពេលមកចូលរួមសន្និសីទ នៅសមាគមអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា ខ្លួនបានទៅធ្វើការជាកម្មករនេសាទនៅប្រទេសហ្វីជីតាមរយៈក្រុមហ៊ុន Giant Ocean ចាប់តាំងពីឆ្នាំ ២០១១ ហើយទើបតែត្រូវបានគេជួយសង្គ្រោះឲ្យត្រឡប់មកវិញកាលពីពេលថ្មីៗមកនេះ។
ឈ្មោះ Lin Yu Shin ជាម្ចាស់ក្រុមហ៊ុន Giant Ocean ដែលយុវជន វណ្ណៈ ធ្វើការឲ្យត្រូវបានគេ សង្ស័យថា បានលក់ជនជាតិកម្ពុជា ទៅក្នុងការងារជាទាសករហើយឥឡូវនេះ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីខែឧសភាពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស។
បើតាមរបាយការណ៍ថ្មីពីអង្គការសិទ្ធិមនុស្សអាដហុក សំណុំរឿងរបស់ Yu Shin គឺជាករណីកម្រមួយដែលជនប្រព្រឹត្តល្មើសបែបនេះ បែរជាមិនទាន់ត្រូវបានគេកាត់ទោសនៅឡើយ។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៧១ ភាគរយនៃមនុស្សដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សក្នុងចំណោម១០៩ករណី ដែលត្រូវបានរាយការណ៍មិនត្រូវបានផ្តន្ទាទោសទេ។ នេះបើតាមរបាយការណ៍អាដហុក។ របាយការណ៍ដែលចេញនៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញក៏បានលើកឡើងផងដែរថា ចំនួនករណីជួញដូរមនុស្សដែលបានរាយការណ៍បានធ្លាក់ចុះជិតពាក់កណ្តាល ក្នុងរយៈពេលដូចគ្នា បើធៀបនឹងឆ្នាំមុន។
ប្រធានអង្គការអាដហុក លោក ធន់ សារាយ បានថ្លែងថា អង្គការសិទ្ធិមនុស្សអាដហុក នៅតែមានក្តីបារម្ភយ៉ាងខ្លាំង អំពីនិទ្ទណ្ឌភាព ចំពោះក្រុមជួញដូរមនុស្សខណៈដែលការជួញដូរមនុស្សធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទាំងផ្នែក រាងកាយនិងស្មារតី ទៅដល់ជនរងគ្រោះទាំងនៅបរទេស និងក្នុងស្រុក។
លោក ធន់ សារាយ បានថ្លែងនៅចំពោះមុខពលកររងគ្រោះប្រមាណជាង១០នាក់ថា៖ «យើងរកឃើញមានករណីរហូតដល់ ៧១,៤២ ភាគរយនៃករណីជួញដូរបានត្រឹមតែសង្គ្រោះជនរងគ្រោះចំណែកឯជនប្រព្រឹត្តល្មើសបែរជាមិនមានការផ្តន្ទាទោសនៅឡើយ។ ពួកគេត្រឡប់មកវិញត្រឹមតែដៃទទេ និងស្ពាយជំងឺមកវិញដោយគ្មានបានប្រាក់សំណង»។ លោកបានជំរុញឲ្យតុលាការពន្លឿននីតិវិធី ចំពោះសំណុំរឿងជនជួញដូរមនុស្ស។
ជនរងគ្រោះម្នាក់ទៀត ក្នុងចំណោមជនរងគ្រោះដែលត្រូវ Yu Shin ជួញដូរ កំពុងស្វែងរកសំណងពីម្ចាស់ក្រុមហ៊ុន Giant Ocean ដែលមិនបានផ្តល់ប្រាក់ឈ្នួលអ្វីសោះដល់ជនរងគ្រោះរាប់រយនាក់ ដែលបានធ្លាក់ខ្លួនចូលទៅក្នុងការងារដ៏លំបាកដូចជាទាសករ ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះ។
លោក ណុប សុខា អាយុ ២៣ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានថ្លែងថា៖ «យើងត្រូវការប្រាក់ខែដែលយើងបានធ្វើការ ហើយត្រូវការឲ្យតុលាការធ្វើការផ្តន្ទាទោសម្ចាស់ក្រុមហ៊ុនដែលប្រព្រឹត្តល្មើសឲ្យបានឆាប់»។
លោកស្រី គា សុផល មេធាវីការពារពលកររងគ្រោះ បានថ្លែងថា ជនរងគ្រោះចំនួន ២៤០ នាក់ បានដាក់បណ្តឹងប្តឹងឈ្មោះ Yu Shin ដោយទាមទារប្រាក់ខែ ដែលពួកគេមិនដែលទទួលបានសោះ។ ករណីនេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។
លោកស្រីបន្តថា បើទោះបីជា លោក វណ្ណៈ ត្រូវបានជួយសង្គ្រោះ ពីពួកជួញដូរមនុស្សក៏ដោយក៏មិនមែនមានន័យថា ជនរងគ្រោះផ្សេងទៀត មានសំណាងបានវិលត្រឡប់មកស្រុកវិញដូចជាលោកវណ្ណៈដែរ។
លោក វណ្ណៈ បានថ្លែងថា៖ «ខ្ញុំត្រូវបានជួយសង្គ្រោះប៉ុន្តែខ្ញុំមានបងប្អូនប្រុសម្នាក់ទៀតនៅជាប់លើទូកក្នុងសមុទ្រប្រទេសហ្វីជីនៅឡើយ»៕ PS
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
