ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹង ង៉ោហុក ឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ដោយពន្យល់ថា មានហេតុផលចំនួនពីរដែលធ្វើឲ្យក្រសួងសម្រេចពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាប័ត្រឌីប្លូម គឺទី១ ដោយសារតែទុកពេលវេលាឲ្យសិស្សមានពេលវេលារៀនសូត្រឲ្យបានពេញលេញ តាមកម្មវិធីសិក្សា និងមួយទៀត គឺដោយសារឆ្នាំនេះប្រទេសកម្ពុជា ជាប់រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥៖ «មូលហេតុដើម្បីឲ្យសិស្សមានពេលវេលារៀនសូត្រឲ្យបានពេញលេញតាមកម្មវិធីសិក្សាផង ហើយវាពាក់ព័ន្ធនឹងការប្រឡងផង ដែលជាចំណុចរួមផ្សំដែរ»។
ជារៀងរាល់ឆ្នាំ ការប្រឡងសញ្ញាប័ត្រឌីប្លូម ធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា។ ប៉ុន្តែ សម្រាប់សម័យប្រឡងសញ្ញាប័ត្រឌីប្លូម ឆ្នាំនេះ នឹងត្រូវពន្យារពេលប្រឡងទៅថ្ងៃទី១៦ ខែកញ្ញា វិញ ពោលគឺក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
លោក អ៊ឹង ង៉ោហុក បញ្ជាក់ថា ការប្រឡងឌីប្លូម នៅឆ្នាំនេះ មានបេក្ខជនប្រឡងប្រមាណ ១២ម៉ឺននាក់។ ចំនួននេះ ប្រហាក់ប្រហែលនឹងបេក្ខជនប្រឡងឌីប្លូម កាលពីឆ្នាំមុន។
ជុំវិញការពន្យារពេលប្រឡងសញ្ញាប័ត្រឌីប្លូម នេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់ថា លោកបានទទួលព័ត៌មាននៃការពន្យារពេលនេះ ប៉ុន្តែមិនបានឃើញលិខិតណែនាំណាមួយចេញពីក្រសួងអប់រំ ជាផ្លូវការទេ។ យ៉ាងណា លោកយល់ថា ការពន្យារពេលនៃការប្រឡងឌីប្លូម យឺតជាងរាល់ឆ្នាំនៅក្នុងឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីដល់ការប្រឡងឡើយ៖ «ជុំវិញការលើកពេលប្រឡងខែកក្កដា លើកទៅខែកញ្ញា វិញ យើងមើលឃើញថា ដោយសារតែខែកក្កដា ត្រូវគាប់ជួនជាមួយការបោះឆ្នោតនីតិកាលទី៥ ជ្រើសរើសតំណាងរាស្ត្រ។ អ៊ីចឹងហើយបានជាធ្វើឲ្យក្រសួងមានការលើកពេល ការលើកពេលនេះមិនមានប៉ះពាល់ស្អីទេ»។
ប្រភពពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ការផ្លាស់ប្ដូរការប្រឡងនៅពេលមានការបោះឆ្នោត ជារឿងធម្មតា។ ប្រភពដដែលបញ្ជាក់ថា ក្រសួងអប់រំសម្រេចលើកពេលប្រឡងសញ្ញាប័ត្រឌីប្លូម សម្រាប់ឆ្នាំនេះ ប៉ុន្តែសម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ដែលរាល់ឆ្នាំត្រូវប្រឡងនៅថ្ងៃទី៥ ខែសីហា នៅរក្សាទុកដដែល៕
ប្រភពពី RFA
