នៅតាមផ្លូវ ព្រះមហាក្សត្រកម្ពុជា និងមន្ត្រីអមដំណើរបានយាងទត និង សំណេះសំណាលជាមួយកម្មករ នៅរោងចក្រកិនស្រូវ របស់ក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់ដែលមានទីតាំងស្ថិតនៅឃុំពើកស្រុក អង្គស្នូល ខេត្តកណ្តាល។ រោងចក្រកិនស្រូវនេះត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០០ មកម្ល៉េះ។
ក្នុងជំហានទី១ រោងចក្រនេះ មានម៉ាស៊ីនកិនស្រូវតែមួយគ្រឿងប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតអង្ករបាន ១០តោន ក្នុង១ម៉ោង ហើយនៅឆ្នាំ២០១២ -២០១៣ ក្រុមហ៊ុនបានបំពាក់បន្ថែមនូវម៉ាស៊ីនកិនស្រូវ ១គ្រឿងទៀត ដែលមានសមត្ថភាព ផលិតអង្ករ ក្នុង១ម៉ោង បាន ២០តោន។
នៅក្នុងខណៈស្តេចយាងដល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានយាងទតពិព័រណ៍ផលិតផលកសិកម្ម រូបភាពគោលការណ៍ខ្សែសង្វាក់ផលិតកម្ម របស់រោងចក្រកិនស្រូវជាពិសេស ប្រភេទអង្ករល្អៗជាច្រើនមុខ ដែលមានតម្លៃ ខ្ពស់ដូចជា អង្ករផ្កាម្លិះ សែនពិដោ ផ្ការំដួល ផ្ការំដេង ផ្ការមៀត ផ្កាច័ន្ទសែនស រាំងជ័យ ជលសា អ៊ីអ៊ែរ ៦៦, ពូជស្រូវធ្ងន់ខា៤ ស្រូវខា៦ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិទាំងនៅអាស៊ី និង អ៊ឺរ៉ុប។
ព្រះករុណា និងប្រតិភូ បានទតទស្សនាស្រែពិសោធន៍ពូជស្រូវនាងម្លិះ និងបានទត និងទស្សនាខ្សែសង្វាក់ផលិតកម្មផលិតអង្ករ និងបានជួបជាមួយកម្មករនៅទីនេះផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសមាជិកកសិករប្រមាណជាង៥ម៉ឺននាក់ ក្នុងខេត្តចំនួន ៤ ដូចជាខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តកំពត និង ខេត្តតាកែវ ដែលជាតំបន់ដីសំបូរជីធម្មជាតិ និង ដីល្បាយខ្សាច់ឡោមព័ន្ធទៅដោយភ្នំ ដែលអាចដាំដុះស្រូវ នាងម្លិះ ដែលមានគុណភាពខ្ពស់ តាមរបៀបដាំដុះ បែបបុរាណ ដោយមិនប្រើថ្នាំឬជីគីមី។ ដោយប្រតិបត្តិតាមតួនាទីដូចជា ការផ្គត់ផ្គង់ ពូជស្រូវ នាងម្លិះសុទ្ធ ១០០ ភាគរយឱ្យកសិករ , ការផ្តល់ចំណេះដឹងកសិកម្ម បច្ចេកទេស និង ឧបករណ៍ឱ្យសមាជិក, ការផ្តល់ជីគ្មានជាតិគីមីដល់សមាជិក , ទិញស្រូវទាំងអស់វិញពីសមាជិកជាមួយនឹងតម្លៃដែលត្រូវបានធានា។
នៅក្នុងបញ្ហានេះ បើយោងតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទក៏បានឱ្យដឹងផងដែរថា៖ តម្រូវការអង្ករក្នុងពិភពលោក នឹងកើនដល់ ៤៩៦ លានតោនក្នុងឆ្នាំ ២០២០ និង ៥៥៣ លានតោនក្នុងឆ្នាំ ២០៣៥ គឺស្មើនឹង១៣ ភាគរយ និង ២៦ ភាគរយច្រើនជាងឆ្នាំ ២០១០ ដែលមានតែ ៤៣៩ លានតោន។ ទាក់ទងនឹងការផលិតស្រូវ និង នាំចេញអង្ករនេះក្នុងចំណោមប្រទេស ៣ នៅអាស៊ានបើនិយាយកាលពីឆ្នាំ ២០០៦ប្រ ទេសថៃដែលមានប្រជាជន ៦២ លាននាក់ផលិតស្រូវបាន៣០.៩០០.០០០ តោន និង នាំអង្ករចេញបាន ៨លាន តោន ។ វៀតណាមដែលមានប្រជាជន ៨៣.០០០.០០០ នាក់ ផលិតស្រូវបាន ៣៥.៨០០.០០០ តោន និង នាំអង្ករចេញបាន ៤.៥០០.០០០ តោន ដោយឡែកកម្ពុជាដែលមានប្រជាជន១៤លាននាក់ផលិតស្រូវបាន៦.២០០.០០០ តោន ,នាំអង្ករចេញបាន៣០០.០០០តោន និង នាំស្រូវចេញបាន១.៦០០.០០០តោន។
តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃទី ៨ ខែកក្កដានេះ ព្រះមហាក្សត្រ ក៏បានយាងទតរោងចក្រចម្រាញ់ប្រេងដូង នៅក្នុងខេត្តព្រះសីហនុ និងបន្តយាងទស្សនាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុផងដែរ៕
ប្រភពពី CEN
