គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:08 AM
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាសថា នឹង​ផ្តល់​លុយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អចិន្ត្រៃយ៍ ក្នុង​ខេត្ត​ព្រៃវែង​ច្រើន​ជាង​ចំនួន​ទឹកប្រាក់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់ចេញ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​នោះ​។​
​សេចក្តីជូនដំណឹង របស់​ខុទ្ទកាល័យលោក ស ខេង សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យដឹងថា ចាប់ពីពេលនេះ រហូតដល់​ចប់​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា លោក​នឹង​ប្រើប្រាស់​មូលនិធិ​របស់​លោក​ផ្ទាល់ ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ឧបត្ថម្ភ​ដល់​ចាស់ៗ បុណ្យសព និង​ស្ត្រី​សម្រាល​កូន​។​
សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ២០០១៣​នេះ បន្តថាលោក ស ខេង នឹងឧប​ត្ថ​ម្ភ​ចាស់ៗ​អាយុ​៦៥​ឆ្នាំ​ឡើង ដែល​មាន​ជម្ងឺ​សម្រាក​នៅ​មន្ទីរពេទ្យ ម្នាក់ៗ​ពី​ម្ភៃ​ម៉ឺន​រៀល​ទៅ​ហាសិប​ម៉ឺន​រៀល​។ ចំណែក​ស្ត្រី​សម្រាលកូន​នឹង​ទទួល​បាន​ចំនួន​ដប់​ម៉ឺន​រៀល​។ រីឯ​គ្រួសារ​សព​មួយ ចំនួន​ម្ភៃ​ម៉ឺន​រៀល​។​
​ការដាក់ចេញ​គោលនយោបាយ ​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ចំ​យុទ្ធនាការ​បោះឆ្នោត​នេះ គឺធ្វើឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ចេញ​រួច​ហើយ​នូវ​គោលនយោបាយ ​ផ្តល់​លុយ​ដល់​ចាស់ៗ​ អាយុ​៦៥​ឆ្នាំ​ឡើង ចំនួន​បួន​ម៉ឺនរៀល ដែល​នាំ​ឲ្យ​សន្ទុះ​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ​ កើនឡើង​ខ្លាំង​។​
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មានប្រសាសន៍ថា គោលនយោបាយ​របស់​លោក ស ខេង ចម្លង​តាម​គោលនយោបាយ​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ៖ “​បើ​ចេះ​ធ្វើ​អញ្ចឹង ធ្វើ​តាំងពី​ម្ភៃ​ឆ្នាំ​កន្លងផុត​ទៅ​ហើយ នេះ​គ្រាន់តែ​រត់តាម​ក្រោយ​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជាពលរដ្ឋ​លោក​បាន​ដឹង បាន​ឮ​ហើយ​លោក​គាំទ្រ ពី​ការជួយឧបត្ថម្ភ​ចាស់ៗ ពី​រឿង​សំរាប់​យុវជន សំរាប់​មន្ត្រីរាជការ តំលៃ​កម្មករ ជាដើម​តែ​ប៉ុណ្ណោះ​ទេ​”​។​
​អ្នកសម្របសម្រួល​ បណ្តា​ញ​គណនេយ្យ​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ីភិ​ច លោក សន ជ័យ មានប្រសាសន៍ថា ការប្រកាស​ផ្តល់​លុយ​របស់​គណបក្ស​កាន់អំណាច ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នេះ មិន​មាន​តម្លាភាព​ទេ ព្រោះ​មិនមែន​ជា​គោលនយោបាយ​ថ្នាក់ជាតិ ពោល​ធ្វើឡើង​សម្រាប់​តែ​តំបន់​មួយ ​ដែល​ខ្លួន​ប្រឈម​នឹង​ចាញ់ឆ្នោត ៖ “​ការសន្យា​មុខ​បោះឆ្នោត​នេះ វា​គួរតែ​ជា​សន្យា​មួយ​មាន​ដាក់​នៅក្នុង គោលនយោបាយ​របស់​គ​ណ​បក្សនយោបាយ និ​មួយៗ​ឲ្យបាន​ជាក់លាក់​។ ការ​ចេញ​ជា​លិខិត​ដាច់​ដោយ​លែ​ក ដែល​មិន​ចែង​ក្នុង​គោលនយោបាយ វា​ហាក់បីដូចជា​មាន​ចរិក​ទាក់ទាញ តំបន់​គោលដៅ​ខ្លាំង ជាជាង​អ្វីដែល​ឃើញថា​ជា​ផលប្រយោជន៍​ទូទៅ អញ្ចឹង​ទាំងអស់នេះ ជា​ចំនុច​មួយ​មិនទាន់​ល្អ​ឡើយ សំរាប់​អ្នកនយោបាយ ហើយ​នឹង​គណបក្សនយោបាយ ជា​ពិសេស​គណបក្ស​ប្រជាជន​”​។​
​នៅ​ខេត្ត​ព្រៃវែង​មាន​១១​អាសនៈ ហើយ​កាលពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ដណ្តើម​បាន​មេឃុំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​គោលនយោបាយ​ ផ្តល់​រថយន្ត​ដឹក​អ្នក​ជម្ងឺ​ទៅ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​៕​
 ប្រភពពី វិទ្យុVOA