គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:01 AM

នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៣​ វេលា​ម៉ោង​០៨​ព្រឹក​នេះ​ លោក​ សយ​ សុភាព​ ចាងហ្វាង​កាសែត​ដើម​អម្ពិល​ នឹង​ត្រូវ​ឡើង​តុលាការ​សាលាឧទ្ធរណ៍​ ដើម្បី​ជំនុំជម្រះ​រឿង​ក្ដី​ព្រហ្មទណ្ឌ​ក្រោម​បណ្ដឹង​របស់​លោក​ ទូច​ គង្គា​ ថៅកែ​កា​សែត​នគរវត្ដ​ដែល​ប្ដឹង​ចោទប្រកាន់​ពី​បទ​បរិហារកេរ្ដិ៍​ និង​បទ​ប៉ះពាល់​ដល់​ការ​ឆ្លើយឆ្លង​តាម​លិខិត​ ។​
​ការ​កំណត់​ពេលវេលា​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍​ក្នុង​សំណុំរឿង​ទំនាស់​ដ៏​ក្ដៅ​គគុក​រវាង​លោក​ សយ​ សុភាព​ និង​លោក​ ទូច​ គង្គា​ នា​ពេល​នេះ​ គឺជា​លើក​ទី​២​ហើយ​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​ពន្យារពេល​សវនាការ​លើក​ទី​១​កាលពី​ថ្ងៃ​ទី​២២​ខែឧសភា​ឆ្នាំ​២០១៣​កន្លង​មក​ ។​
​កាលពី​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ​២០១១​ លោក​ ទូច​ គង្គា​ នាយក​គ្រប់គ្រង​កាសែត​នគរវត្ដ​ និង​ជា​នាយការិយាល័យ​ព័ត៌មាន​ទូទៅ​ នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្ដិ​សុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ប្ដឹង​លោក​ សយ​ សុភាព​ នាយក​គ្រប់គ្រង​កាសែត​ដើម​អម្ពិល​ និង​ជា​អ្នកវិភាគ​ព័​ត៌​មាននៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ (​អតីត​អ្នកវិភាគ​នៅ​ស្ថានីយ៍​ទូរ​ ទស្សន៍​ស៊ី​ធី​អិន​)​ និង​ជា​អ្នក​ល្បី​ជាប់​ឈ្មោះ​ថា​ “​អ្នកកាសែត​មិន​ចំ​ជា​អ្នកកាសែត​”​ ពី​បទ​បរិហារកេរ្ដិ៍​ និង​ពី​បទ​ប៉ះពាល់​ដល់​ការ​ឆ្លើយឆ្លង​តាម​លិខិត​“​សារ​អេ​ឡិច​ត្រូ​និ​ច​”​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ។​
ក្នុង​បណ្ដឹង​របស់​ លោក​ ទូច​ គង្គា​ ក៏​បាន​ប្ដឹង​ទាម​ទារជំងឺចិត្ដ​ពី​លោក​ សយ​ សុភាព​ ជា​ទឹកប្រាក់​ចំនួន​៥.០០០(​ប្រាំ​ពាន់​)​ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ ។​ ​ថ្វី​ដ្បិត​ទទួល​រង​ការ​ប្ដឹង​ចោទ​ប្រកាន់​របស់​លោក​ ទូច​ គង្គា​ បែប​ នេះ​ក្ដី​ ក៏​លោក​ សយ​ សុភាព​ ដែល​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ មិន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អ្វី​ទេ​ ហើយ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​ជនជាប់ចោទ​ឈ្មោះ​ សយ​ សុភាព​ បាន​រួច​ផុត​ពី​បទចោទប្រកាន់​ថែម​ទៀត​ផង​ កាលពីដើម​ឆ្នាំ​២០១២​កន្លង​មក​ ។​ ប៉ុន្ដែ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​លោក​ ទូច​ គង្គា​ ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ ដាក់​ពាក្យ​បណ្ដឹងឧទ្ធរណ៍​បន្ដ​ទៀត​ ទើប​បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៥៧​ ចុះ​ថ្ងៃ​ទី​២៣​ខែមេសា​ឆ្នាំ​២០១២​ របស់​សាលាឧទ្ធរណ៍​ទល់​បច្ចុប្បន្ន​ ។​
​រឿងរ៉ាវ​លោក​ សយ​ សុភាព​ ឡើង​តុលាការ​សាលាឧទ្ធរណ៍​នា​ពេល​នេះ​ គឺ​ចំ​ពេល​ដែល​លោក​ សយ​ សុភាព​ បាន​និង​កំពុង​ទទួល​រង​ការ​វាយប្រហារ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រិ​យ​មិត្ដ​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook​)​ ដោយ​មានការ​ទាក់ទង​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​លម្អៀង​ និង​ខ្វះ​ភាព​ការ​ពិត​ត្រឹមត្រូវ​ផង​ និង​ទាក់ទង​នឹង​ការ​ធានា​អះអាង​ជុំវិញ​ដំណើរ​ មាតុភូមិនិវត្ដន៍​របស់​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ ដ្បិត​ប្រិ​យ​មិត្ដ​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ថា​ លោក​ សយ​ សុភាព​ ធ្លាប់​អះអាង​ថា​ ឯកឧត្ដម​ សម​ រ​ង្ស៊ី​ មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន​ទេ​ ប៉ុន្ដែ​បើ​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ ស្រុក​វិញ​បាន​មែន​នោះ​ គឺ​លោក​នឹង​កោរ​ត្រងោល​ ។​​ ឥឡូវ​ ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​មាតុភូមិ​និវត្ដន៍​មក​ដល់​ព្រះរាជាណាចក្រ​ បាន​រយៈពេល​៤​ថ្ងៃ​ហើយ​ ប៉ុន្ដែ​គេ​មិន​ទាន់​ឃើញ​លោក​ សយ​ សុភាព​ គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​ ដើម្បី​ធ្វើការ​កោរ​ត្រងោល​នៅ​ឡើយ​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​សារ​ព័ត៌មាន​នានា​កំពុង​ទន្ទឹងរង់ចាំ​តាមដាន​មើល​អំពី​ដំណើររឿង​ក្ដី​រវាង​លោក​ សយ​ សុភាព​ និង​ លោក​ ទូច​ គង្គា​ តើ​នរណា​ជា​អ្នក​ឈ្នះ​ ?​ ឈ្នះ​ទាំង​ពីរ​នាក់​ ?​ ឬ​ក៏​ចាញ់​ទាំង​ពីរ​នាក់​ ?​ ដ្បិត​អ្នក​ទាំង​ពីរ​ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​សម័យ​“​សម្ដេច​តេ​ជោ​សែន​”​ ដូច​គ្នា​ ។​
​លោក​ ទូច​ គង្គា​ ជានា​យក​គ្រប់គ្រង​កាសែត​នគរវត្ដ​ផង​ និង​ជាម​ន្ដ្រី​អាវុធហត្ថ​ មាន​បក្ខពួក​សែ​ស្រ​ឡាយ​ខាង​ទាហាន​ផង​ ព្រម​ទាំង​ជា​អ្នកមាន​លុយកាក់​ផង​ រីឯ​លោក​ សយ​ សុភាព​ ជានា​យក​គ្រប់គ្រង​កាសែត​ដើម​អម្ពិល​ផង​ និង​ជា​មនុស្ស​ដែល​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្ដល់​ចំហាយ​អំណាច​ឬ​ឥទ្ធិ​ពល​ឱ្យ​ផង​ ព្រមទាំង​ជា​អ្នកមាន​លុយកាក់​ផង​ ។​ ដូច្នេះ​ អ្នក​ទាំង​ពីរ​ដែល​ធ្លាប់​ល្អូក​ល្អឺ​ន​ចែក​ផលប្រយោជន៍​គ្នា​ពី​អតីត​កាលនោះ​ សុទ្ធតែ​ជា​គីឡូ​អ្នក​ខ្លាំង​ ឬ​ជា​អ្នកមាន​ឥទ្ធិពល​ដូច​គ្នា​ ដែល​អាច​ធ្វើ​ឱ្យ​ស្ថាប័ន​តុលាការ​កម្ពុជា​សម្រេចសេចក្ដី​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ ។​
​យើង​ចាំ​មើល​ទាំងអស់​គ្នា​ !​ តើ​តុលាការ​សម័យ​“​សម្ដេច​តេ​ជោ​សែន​”​នឹង​កាត់ក្ដី​ឱ្យ​ចេញ​ជា​លទ្ធ​ផល​បែប​ណា​ទៅ​លើ​មនុស្ស​ខ្លាំង​នា​សម័យ​“​សម្ដេច​តេ​ជោ​សែន​”​ ទាំង​ពីរ​នាក់​ដូច​លោក​ សយ​ សុភាព​ និង​លោក​ ទូច​ គង្គា​ នេះ​?​ ៕
ប្រភពពីដើមត្នោត