នៅលើទឹកដីខេត្តកំពង់ចាម នៅវេលាព្រឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់ចាម និងក្បែរៗក្រុងចំនួនប្រមាណ១សែន «១០០.០០០» នាក់ បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិក្រោមវត្តមានរបស់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងសហការីគណបក្សជាច្រើននាក់ទៀត។
មនុស្សម្នាដែលមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ហួសពីការស្មាននៅលើទឹកដីខេត្តកំពង់ចាម នាព្រឹកនេះគឺសុទ្ធតែអ្នកគាំទ្រគណបក្សនយោបាយប្រឆាំងដោយស្ម័គ្រចិត្ត និងដោយឆន្ទៈមោះមុតបំផុត។
សូមបញ្ជាក់ថា មណ្ឌលខេត្តកំពង់ចាម មានអាសនៈចំនួន ១៨ ដែលតម្រូវឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោតនានាប្រកួតប្រជែងដណ្តើមយករៀងៗខ្លួន។ ដោយឡែកសម្រាប់គណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមនេះគឺមានឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្សឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី១តែម្តង។
កាលពីសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ «២០០៨-២០១៣» កន្លងមក ខណៈដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមិនទាន់ច្របាច់បញ្ចូលគ្នាជាគណបក្សនយោបាយប្រឆាំងតែមួយឈ្មោះគណបក្សសង្គ្រោះជាតិនោះ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ទទួលបាន១១អាសនៈ, គណបក្ស សម រង្ស៊ី ទទួលបាន៥អាសនៈ, គណបក្សសិទ្ធិមនុស្សទទួលបាន១អាសនៈ និងគណបក្សនរោត្តម រណឬទ្ធិ ទទួលបាន១អាសនៈ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា នៅពេលដែលគណបក្សនយោបាយប្រឆាំងនៅកម្ពុជា បានរួមកម្លាំងគ្នាជាគណបក្សនយោបាយតែមួយឈ្មោះ គណបក្សសង្គ្រោះជាតិ នាពេលនេះគឺសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ «២០១៣-២០១៨» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ គណបក្សសង្គ្រោះជាតិអាចនឹងទទួលបានអាសនៈយ៉ាងតិចបំផុតចំនួន៧ នៅមណ្ឌលខេត្តកំពង់ចាម ដែលមានអាសនៈសរុបចំនួន១៨៕
- ប្រភពពីដើមត្នោត


0 comments:
Post a Comment