បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឈឹម ភីណា អាយុ ១៤ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះ រិន ស្រីមី អាយុ១៤ឆ្នាំ ជាសិស្ស ត្រូវបានរងរបួសធ្ងន់។ អ្នកទាំង២ រស់នៅភូមិទីមព័រ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ។ ចំណែកម្ចាស់រថយន្តបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីទាំង២នាក់ បានជិះកង់ឌុបគ្នាឆ្លងថ្នល់មកដល់អែមចិញ្ចើមផ្លូវ ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0950 ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត បើកបុកពេញទំហឹង និងអូសជាង ៥០ម៉ែត្រ រួចជ្រុលទៅបុកតូបបោះពុម្ពមួយកន្លែងទៀត បណ្តាលឱ្យតូបនោះ បាក់ខ្ទេចតែម្តង ។ ក្រោយពេលបង្កហេតុរថយន្តបានបន្ថែមល្បឿនរត់គេចបានប្រហែលជា៧គីឡូម៉ែត្រ គឺទៅដល់ចំណុចផ្លូវភ្នំធមវ័ន្ត ម្ចាស់រថយន្តក៏បានចតរថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការអន្តរាគមន៍ និងបានបញ្ជូនក្មេងស្រីដែលរងរបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងបានប្រគល់សាកសពក្មេងស្រីម្នាក់ទៀតទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
_______________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
