គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:18 PM
1894D47E-14CD-4902-B544-0CE3B1B71C83_w640_r1_ss-e1373568598411ភ្នំពេញ៖ នៅ​សល់​តែ​ជាង​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អណត្តិ​ទី​៥​នឹង​ឈាន​មក​ដល់​ក៏ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ ការបោះ​ឆ្នោត​ទើប​តែចេញ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង​លើបញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២។​
ភាព​យឺតយ៉ាវ​នៃ​ការចេញ​របាយការណ៍​សវនកម្ម​នេះ​ត្រូវបាន​មើល​ឃើញថា ​មាន​រយៈពេលខ្លី​ពេក​ដែល​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ ​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ការបោះ​ឆ្នោតគ្មាន​ឱកាស​ក្នុង​ការធ្វើការ​តវ៉ា​របស់​ខ្លួន​ចំពោះ​ការ​បង្ហាញ​លទ្ធផល​នេះ។​
នៅ​ក្នុង​របាយការណ៍​សវនកម្ម​ដែល​ គ.ជ.ប ​ចែក​ជូន​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឱ្យ​ដឹង​ថា​អ្នកដែល​អះអាង​ថា​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​៩១%​ ហើយ​អ្នក​ដែល​អះអាង​ថា​មិនបាន​ចុះឈ្មោះបោះ​ឆ្នោត​មាន​ចំនួនតែ​៩%​តែប៉ុណ្ណោះ។
ប៉ុន្តែ​លោក ​អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប​បាន​បញ្ជាក់​ថា​ក្នុងចំណោម​អ្នក​អះអាង​ថា ​បាន​ចុះ​ឈ្មោះបោះឆ្នោត​តែ​ចំនួន​៩១​%​ គឺ​ការពិត​មាន​រហូត​ដល់​ចំនួន​៩៧%​ នៅ​ពេល​ផ្ទៀងផ្ទាត់​នៅ​ក្នុង​បញ្ជី​របស់​គ.ជ.ប​ធ្វើ​ឱ្យ​អ្នក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ធ្លាក់​ចុះ​មក​ចំនួន​តែ​៣%​ប៉ុណ្ណោះ។​
របាយការណ៍​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​គ.ជ.ប​ បាន​ជួល​ក្រុម​ហ៊ុន​ឯកជន​មួយ​ដោយ​ចំណាយ​រយៈពេល​ចុះសិក្សា​ស្រាវជ្រាវ​ចំនួន​១ខែ​ដោយ​ចំណាយ​អស់​ប្រមាណ​៣ម៉ឺន​ដុល្លារ​ ហើយ​គ.ជ.ប​បាន​ផ្តល់​បុគ្គលិក​ចំនួន​៥នាក់​និង​កុំព្យូទ័រ​ចំនួន​៥​គ្រឿង​សម្រាប់​ជួយ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី។​
មាន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុចាប់​ពី​១៨​ឆ្នាំ​ទៅ​២៤​ឆ្នាំ​បាន​ចុះឈ្មោះបោះឆ្នោត​ចំនួន​៦៧%​ ។​ អ្នកដែលមាន​អាយុ​ពី​២៥ទៅ​៣៤​ឆ្នាំ​បាន​ចុះឈ្មោះ​៩៦%។ ​អ្នកមាន​អាយុពី​៣៥​ឆ្នាំ​ទៅ​៤៤​ឆ្នាំ​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​៩៩%​ហើយ​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​ពី​៤៥​ទៅ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៩៩%។​
លោក​អ៊ឹម សួស្តី​បាន​បន្តថា​ខេត្ត​ដែល​ចុះឈ្មោះ​ច្រើន​ជាង​គេ​គឺ​មាន​ចន្លោះ​ពី​៩៥​ភាគរយ​ដល់​៩៧​ក្នុង​នោះ​មាន​ខេត្ត​ព្រះ​វិហារ​ ក្រចេះ​ រតនៈគីរី​ កំពង់ធំ​ និង​តាកែវ។ ​ចំណែក​ខេត្ត​ដែល​ចុះឈ្មោះ​តិចជាង​គេ​មាន​ចន្លោះ​ពី​៦៥​ភាគរយ​ដល់​៨៥​ភាគរយ​មាន​ខេត្ត​ប៉ៃលិន​ សៀមរាប​ បន្ទាយមានជ័យ​ ក្រុងព្រះសីហនុនិង​កោះកុង។​
ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​ បានចុះ​ឈ្មោះបោះឆ្នោត​ មាន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​ទីមួយ​ចំនួន​៦%។ ​អ្នកមាន​បំណង​ទៅបោះ​ឆ្នោត​មាន​ចំនួន​៩៦%​លើអ្នក​ដែល​អះអាងថា​មាន​ឈ្មោះបោះ​ឆ្នោត​ចំនួន​៩១%។​
ឆ្លើយ​តប​ទៅនឹង​សំណួរ​ដែល​បាន​សួរថា​ហេតុ​អ្វី​បាន​ជា​គជប​ទើប​តែ​ចេញ​របាយការណ៍​សវនកម្ម​នៅ​ពេល​ថ្ងៃ​បោះឆ្នោត​ខិតជិត​មកដល់?​លោក​អ៊ឹម សួស្តី​បាន​និយាយថា៖
«យើង​មិន​អាច​ធ្វើបាន​ទេ​ច្បាប់​បាន​និយាយ​ហើយ​ ពេល​ដែល​ឱ្យ​សុពលភាព​ហើយ​គឺបញ្ជី​ផ្លូវការ​គឺ​ចប់​តែម្តង។​យើងអាច​កែតម្រូវ​នៅ​ពេល​ដែល​ចុះ​ឈ្មោះ​សារ​ក្រោយ​តើធ្វើ​យ៉ាង​ម៉េច​ដើម្បី​កែលម្អ»។​
មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩លាន​៦សែន​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅក្នុង​អណត្តិ​ទិ​៥នេះ។ក៏ប៉ុន្តែ​មាន​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​ប្រមាណ​ជាង​១លាន​២សែន​នាក់​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​បោះ​ឆ្នោត​និង​គណបក្ស​ប្រឆាំងបាន​រក​ឃើញ​ថា​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតប្រមាណ​១០%មិន​ត្រឹមត្រូវ។​
លោក​ សំ សុផល​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​សាក​សួរ​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​រៀប​ចំឡើង​ដោយ​គ.ជ.ប​ថា​ប័ណ្ណព័ត៌មាន​អ្នក​បោះឆ្នោត​ដែល​ចេញ​ដោយ​គ.ជ.ប​មិន​ត្រឹម​ត្រូវ​ទេ។​
លោក​ សុផល​កើត​នៅឆ្នាំ​១៩៦០​តែប័ណ្ណព័ត៌មាន​ចេញ​ផ្សាយថា​លោក​កើត​នៅឆ្នាំ​១៩៧២​ទៅវិញ។
​លោក​ ជា​មនុស្ស​ប្រុស​ តែ​ក្នុង​ប័ណ្ណ​ព័ត៌មាន​ដែល​ចេញ​ដោយ​គ.ជ.ប​បញ្ជាក់​ថា​ លោក​មាន​ភេទ​ស្រី​ ចំណែក​ឯ​ការិយាល័យ​បោះ​ឆ្នោត​ថា ​លោក​ធ្លាប់​បោះ​នៅ​ក្នុង​ការិយាល័យ​០៧០៧​ តែ​ប័ណ្ណ​បង្ហាញ​ថា​ លោក​បោះ​នៅ​ការិយាល័យ​០៦០៧​ទៅ​វិញ។​
លោក​អ៊ឹម សួស្តី​ប្រធាន​គ.ជ.ប​បាន​និយាយ​ថា​បញ្ហា​នេះ​យើង​នឹង​ពិនិត្យ​ឡើង​វិញ។​
កញ្ញា​ គង់ រ៉ាវិន​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​ថា​ ខុមហ្វ្រែល​ និយាយ​ថា ​មិន​ទាន់​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​នេះ​បានទេ​។​
កញ្ញា​បាន​និយាយ​ថា ​រង់ចាំ​មើល​ថា​ តើក្រុម​ហ៊ុន​ដែល​ធ្វើ​សវនកម្ម​នោះ​មាន​វិធី​សាស្ត្រ​បែប​ណា​ដើម្បី​ធ្វើ​សំណាក​ទាំង​អស់​នោះ។​
កញ្ញា​និយាយថា៖
«​ខាង​ខ្ញុំ​ចាំមើល​វិធីសាស្ត្រ​ជាពិសេស​ចាំមើល​កម្រិត​នៃ​ភាព​ត្រឹម​ត្រូវ​របស់​ការ​ស្រាវ​ជ្រាវ​ហ្នឹង​មួយ​ទៀត​កំហុស​ខុសប្រក្រតី​តើ​កម្រិត​លម្អៀង​របស់​វិធីសាស្រ្ត​ហ្នឹង​យ៉ាង​ម៉េច​ដែរ»។

មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចូលរួម​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ហើយ​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​នេះ​គ.ជ.ប​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​ជាង​១៥០​ករណី​ក្នុង​ចំណោម​បណ្តឹង​ទាំង​នោះ​គ.ជ.ប​បាន​ដោះ​ស្រាយ​ចំនួនជាង​៥០%ហើយ។

លោក​ទេព នីថា​ អគ្គលេខាធិការ​គ.ជ.ប​បាន​និយាយថា​ រហូត​មកដល់​ពេលនេះ​មាន​អ្នក​អង្កេត​ការណ៍​ជាតិបាន​កើន​ចំនួន​២០.៥៤៦ដែល​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២៥ ​អ្នក​អង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន​៤១​នាក់​មក​ពី​អង្គការ​និង​ប្រទេស​ចំនួន​៩៕
ប្រភពពី វីអូអេខ្មែរ