ក្នុងខណៈការបោះឆ្នោតអាណត្តិទី៥នៅសល់តែជាង ១០ថ្ងៃទៀតនោះ សមាគមក្នុងស្រុកចំនួន២ និងសមាគមក្រៅស្រុកមួយ ដែលមាននិន្នាការទៅកាន់គណបក្សប្រឆាំង បានស្នើឱ្យសមាជិករបស់ខ្លួនបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃពុធទី១០ កក្កដានេះ។
សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា លោក ម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រួមទាំងលោក ស៊ាន ប៉េងសែ កំពុងរស់នៅបរទេសនោះ បានស្នើឱ្យសមាជិករបស់ខ្លួនទាំងអស់ទៅបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។
តែសម្រាប់លោក សោម អូន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាវិញ ដែលមាននិន្នាកាគាំទ្ររដ្ឋាភិបាលវិញ ក៏បានប្រកាសគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណកប្សកាន់អំណាចដែរ។
គួររំលឹកថា ការបោះឆ្នោតនៅអាណត្តិទី៥នេះ ដែលកំពុងឈានមកដល់នេះ ស្ថានភាពនយោបាយកំពុងពុះកញ្ជ្រោល ព្រោះថា លោកសម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ កំពុងនិរទេសខ្លួននៅប្រទេសបារាំងនោះ ក៏ប្រកាសវិលចូលកម្ពុជានៅមុនការបោះឆ្នោតថ្ងៃ២៨កក្កដាដែរ។ ដែលការវិលចូលនេះ គឺលោក សម រង្ស៊ី ហ៊ានប្រឈមការជាប់ពន្ធនាគារនៅកម្ពុជា។
តែទោះជាយ៉ាងណា ទាក់ទិននឹងការប្រកាសគាំទ្រគណបក្សនីមួយៗនោះ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា របស់លោក អាត ធន់ ដែលអះអាងថាមិនចូលបក្សសម្ព័ន្ធនោះ ធ្លាប់បានប្រាប់វិទ្យុបារាំងRFI ថា ការប្រកាសគាំទ្ររបស់សមាគម គឺបាត់បង់នៅឯករាជភាព និងជំនឿ ព្រោះសមាគមគឺជាអង្គការមួយរក្សាភាពអព្យាកឹត មិនចូលបក្សសម្ព័ន្ធ៕
ប្រភពពី RFI
