ភ្នំពេញ: ក្រៅពីទទួលបានទ្រនំជ្រកដ៏កក់ក្តៅ នៅក្រោមដំបូលស៊ីធីអិន ក្នុងនាទីជាពិធីការិនីកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់ទាំងមិនបាច់ប្រឹងនិងមិនធ្លាប់មានបទពិសោធសូម្បីតែបន្ដិចពីមុនមកនោះតារាសម្តែងនាង គង់ វង្សយ៉ាទីក៏ផ្តើមមានពាក្យលេចឮចេញពីក្នុងចង្កោមអ្នកសិល្បៈថា កំពុងមានឧកញ៉ាម្នាក់ តាមស្រឡាញ់ និងជួយជ្រោមជ្រែងនាង ទាំងទ្រព្យធន និងការងារ។
គង់ វង្សយ៉ាទី បានហក់ចូលលេងសិល្បៈជាង៣ឆ្នាំមកហើយដោយត្រូវបានគេស្គាល់តាមរយៈតួឯកកាចឆ្នាសឆ្នើមក្នុងរឿងភាគ«នាងឈូកស» និងត្រូវបានផលិតកម្មសាន់ដេលើកស្ទួយតាមរយៈឈុតខារ៉ាអូខេមួយចំនួន ដែលនាងសម្តែងជាតួឯកជាមួយលោកខេមរៈសេរីមន្ត។ ទើបតែមួយរយៈចុងក្រោយតារារូបស្រស់សិចស៊ី គង់ វង្សយ៉ាទី ហាក់មានយីអ៊ុនឡើងក្រឺតៗ បន្ទាប់ពីក្លាយជាពិធីការិនីប៉ុស្ដិ៍ស៊ីធីអិនក្នុងកម្មវិធី «រាត្រីកម្សាន្ត»ដោយគេឃើញនាងកែកុនសម្រស់ស្អាតប្លែក កាន់តែសិចស៊ី ហ៊ឺហា ជិះរថយន្តទំនើប សម្លៀកបំពាក់ថ្លៃៗ ធ្វើឲ្យអ្នកសិល្បៈដទៃទៀតខ្សឹបខ្សៀវគ្នាថានាងកំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយលោកឧកញ៉ារូបស្រស់សម្បូរទ្រព្យនិងជាអ្នកជំនួញល្បីក្នុងស្រុកម្នាក់ដោយឧកញ៉ារូបនេះបានឧបត្ថម្ភគ្រប់បែបយ៉ាងឲ្យម្ចាស់ស្នេហ៍ស្រីវ័យក្មេងរស់ដោយស្រួលនិងបានកាន់តំណែងជាពិធីការិនីនេះដែរ។
ប៉ុន្តែផ្ទុយពីការលើកឡើងនេះ គង់ វង្សយ៉ាទីបដិសេធទាំងហួសចិត្តថា៖ «ខ្ញុំដូចជាឆ្ងល់ដែរ ចាប់តាំងពីខ្ញុំមកធ្វើជាពិធីការិនីនៅទូរទស្សន៍ស៊ីធីអិនមកមានព័ត៌មានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំច្រើនដល់ហើយ»។
នាងលើកឡើងទៀតថា៖«ខ្ញុំចូលស៊ីធីអិនមិនទាន់បានប៉ុន្មានខែមុននោះ ក៏មានព្យុះព័ត៌មានអសោចមួយផ្ទុះឡើងថា ខ្ញុំមានកូនមួយកាលដែលខ្ញុំអវត្តមានពីសិល្បៈកាលពីឆ្នាំ២០១១នោះ ខ្ញុំទៅសម្ងំកើតកូនអីណា ហើយមួយទៀតខ្ញុំចូលស៊ីធីអិនមានអ្នកធំជួយហើយអ្នកធំនោះ ក៏ជាម្ចាស់ស្នេហ៍ខ្ញុំនិងជួយទំនុកបម្រុងដល់សព្វថ្ងៃនេះ»។
ក្នុងពាក្យសម្ដីដ៏ប្រាកដប្រជានោះ គង់ វង្សយ៉ាទីបានអះអាងថា៖ «ពិតណាស់បើនិយាយពីបទពិសោធធ្វើជាពិធីការិនីក្នុងអាជីពសិល្បៈប៉ុន្មានឆ្នាំនេះ ខ្ញុំមិនដែលមែន ហើយខ្ញុំក៏មិនដែលបានរៀនជំនាញនេះនិងក៏មិនដែលស្រមៃចង់ធ្វើដែរ ក្រៅពីការសម្តែងនោះ»។
ប៉ុន្តែនាងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ឱកាសកាន់តំណែងជាពិធីការិនីគឺខ្ញុំពិតជាទទួលបានដោយសមត្ថភាពខ្លួនមែនពុំមាននរណាជួយជ្រោមជ្រែងនោះឡើយ។ ចំណែករឿងស្នេហាក៏ដូចគ្នាបេះដូងរបស់ខ្ញុំនៅទំនេរស្អាតមិនទាន់មានបុរសណាឡើយ»។
នាងបានបញ្ជាក់ថា៖ «វាជារឿងមួយចាំបាច់ណាស់សម្រាប់អ្នកសិល្បៈ ត្រូវតែធ្វើខ្លួននិងមានការកែកុនខ្លះហើយ។ ចំពោះរឿងស្នេហាឬក៏រឿងគូអនាគតយ៉ាងណានោះ ខ្ញុំក៏មិនហ៊ានសម្រេចដោយចិត្តឯងដែរ ព្រោះថា ខ្ញុំមានម៉ែមានឪពុក គាត់រៀបចំទុកឲ្យខ្ញុំទៅនរណា ខ្ញុំចាំតែតាមគាត់ទេ»៕
____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍

