ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ពៅ ម៉េ អាយុ៤០ឆ្នាំ ចំណែកប្រពន្ធរងគ្រោះមានឈ្មោះ វ៉ា សាម៉ន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល៣រសៀល ស្ត្រីជាប្រពន្ធបានយកទង់សម្គាល់របស់គណបក្សប្រជាជនកម្ពុជាទៅដោតនៅមុខផ្ទះ បន្ទាប់មកបុរសជាប្តីក៏បានទៅដកចេញវិញ។
ពេលនោះប្រពន្ធខឹងចំពោះទង្វើរបស់ប្តីបែបនេះ ក៏ទៅរៀនគូសសន្លឹកឆ្នោតនៅទីស្នាក់ការរបស់គណបក្សប្រជាជន។ ភ្លាមៗនោះបណ្តាលឲ្យបុរសជាប្តីផ្ទុះកំហឹងយ៉ាងខ្លាំង ក៏ដើរទៅផឹកស្រាបាត់ រហូតដល់ពេលយប់ត្រឡប់មកផ្ទះវិញក៏បានកាន់ដំបង វាយទៅលើស្ត្រីរងគ្រោះចំនួន៣ដំបង បណ្តាលឲ្យបែកក្បាលហូរឈាមជោកខ្លួន។
ក្រោយពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋានស្រុករមាសហែក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
_______________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
