នៅព្រឹកថ្ងៃទី២២ កក្កដា ២០១៣ នៅមុខផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង យុវជនជើងដំរីបាននិយាយរៀបរាប់អោយដឹងថា៖ រូបគេមានឳពុកឈ្មោះ លី ម៉េងធី អាយុ៥៨ឆ្នាំ (ទូរស័ព្ទលេខ០៩២ ៨៤៣ ៩៤៩) និងមានម្តាយឈ្មោះ វ៉ាត សាម៉េត អាយុ៦០ឆ្នាំ មានមុខរបរជាកសិករដែលមានជីវភាពខ្សត់ខ្សោយ ពួកគាត់មានកូនទាំងអស់៤នាក់ យុវជនជើងដំរីរូបនេះជាកូនទី៤។
លោក លី ម៉េងធី បាននិយាយអោយដឹងថា៖ កូនគាត់ឈ្មោះលី សុថេត ពេលកើតមកមានជើងដូចគេដូចឯងធម្មតាទេ ប៉ុន្តែគេអាយុបាន៥ឆ្នាំ ក៍ស្រាប់តែជើងខាងឆ្វេងធំឡើងៗខុសពីធម្មតា ដោយសារតែជីវភាពក្រីក្រពួកគាត់មិនបានយកចិត្តទុកដាក់ព្យាបាលរូបគេទេ ក្រោយមកពេលគេធំពេញវ័យ ជើងខាងឆ្វេងរបស់គេក៍បានធំឡើងៗផងដែរ។ ក្រោយមកមានអង្គការមួយបានជួយបញ្ជូនរូបគេទៅមន្ទីរពេទ្យឯកជនមួយនៅក្នុងទីក្រុងភ្នំពេញជួយពិនិត្យនិងធ្វើការវះកាត់។
ជំងឺនេះត្រូវនេះលោកគ្រូពេទ្យប្រាប់អោយដឹងថាជាជំងឺព្រូនអំបោះក្នុងសសៃឈាម ប៉ុន្តែគ្រូពេទ្យនៅទីក្រុងភ្នំពេញក្រោយពេលពិនិត្យបានប្រាប់ថាជាជំងឺដុះសាច់ពិបាកធ្វើការព្យាបាលនិងវះកាត់ណាស់ ព្រោះជើងខាងឆ្វេងនោះវារីកធំតាំងពីចុងជើងដល់ត្រគៀកតែម្តង។ប្រសិនបើធ្វើការវះកាត់ទាល់តែវះកាត់ជើងមួយចំហៀងរហូតដល់ត្រគៀកតែម្តង ដូច្នេះគ្រូពេទ្យពុំមានលទ្ធភាពវះកាត់បានឡើយ។
បច្ចុប្បន្នយុវជនជើងដំរីនេះមានការលំបាកក្នុងការធ្វើដំណើរខ្លាំងណាស់ពេលដើរម្តងៗមានការឈឺចាប់យ៉ាងខ្លាំង រូបគេនិងក្រុមគ្រួសារសំណូមពរដល់សប្បុរសជន អង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេស និងក្រៅប្រទេសមេត្តាជួយសង្គ្រោះព្យាបាលដល់រូបគេអោយផុតពីគ្រោះថ្នាក់នៃជំងឺដុះសាច់នេះផង បើពុំនោះទេរូបគេមិនអាចរស់នៅបានយូរអង្វែងឡើយ៕
ប្រភពពី Technology 2day.
