ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិបានប្រកាសកាលពីម្សិលមិញថា នឹងចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ភ្លាមៗ ទៅតាមសាលដីការបស់តុលាការ នៅពេលដែលមេបក្សប្រឆាំងរូបនេះ វិលត្រឡប់មកដល់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យដែលបានថ្លែង។
ការប្រកាសចាប់ខ្លួនលោកសម រង្ស៊ី ដែលត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងព្រំដែនកម្ពុជា វៀតណាមដ៏ចម្រូងចម្រាសនេះ គឺធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងល្បីឈ្មោះរូបនេះ បានផ្ញើសារប្រាប់ប្រជាពលរដ្ឋ កាលពីថ្ងៃសៅរ៍ថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោត គឺថ្ងៃអាទិត្យទី ២៨ ខែកក្កដាខាងមុខ។
ផ្អែកតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិ បានថ្លែងកាលពីម្សិលមិញថា នគរបាលនឹងអនុវត្តដីកាចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ភ្លាមៗ ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា។
លោក គៀត ច័ន្ទថារិទ្ធិ បានថ្លែងថា៖«លោក សម រង្ស៊ី បាននិរទេសដោយខ្លួនឯង ដើម្បីគេចពីការចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌ។.ដូច្នេះការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី វាជាសិទ្ធិរបស់គាត់»។ លោកបន្តថា៖ «រហូតមកដល់ពេលនេះយើងមិនដឹងនោះទេថា តើគាត់នឹងមកឬមិនមកនោះទេ។ ប៉ុន្តែក្នុងករណីគាត់ពិតជាមកមែននគរបាលជាតិគឺជាស្ថាប័នអនុវត្តច្បាប់មិនមានជម្រើសណាមួយ ក្រៅពីការអនុវត្តដីការបស់តុលាការទេ»។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា លោក សម រង្ស៊ី នឹងមកប៉ុន្តែទោះយ៉ាងណាក្តី លោកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធការប្រកាសចាប់ខ្លួននេះឡើយ។ លោកសុវណ្ណ បានថ្លែងថា៖ «គាត់បានសម្រេចចិត្តរួចហើយមិនមានអ្វីផ្លាស់ប្តូរទេបើទោះបីជាមានអ្វីកើតឡើងក៏ដោយលោក សម រង្ស៊ី ត្រូវតែមក»។
បន្ទាប់ពីបានប្រកាសវិលត្រឡប់មកកម្ពុជាវិញ លោក សម រង្ស៊ី កាលពីថ្ងៃចន្ទ បានដាក់លិខិតទៅរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងអស់ដែលជា ហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ ដោយជម្រាបប្រាប់អំពីការវិលត្រឡប់របស់លោកមកកម្ពុជាវិញ។ លិខិតដែលផ្ញើទៅប្រទេសទាំងនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា ការវិលត្រឡប់មកវិញរបស់លោកគឺដើម្បីចូលរួមការបោះឆ្នោតនិងបានលើកអំពីរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលរំឭកកាលពីពេលថ្មីៗនេះថា៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កំណត់ទស្សនវិស័យយ៉ាងច្បាស់ នៃប្រទេសកម្ពុជាថ្មីមួយដែលកសាងឡើងលើមូលដ្ឋានគ្រឹះនៃ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
លោក រង្ស៊ី បានសរសេរថា៖ «ដោយពិចារណាពីការបរាជ័យ មិនគោរពតាមការសន្យាទាំងនេះ លោក ស៊ូប៊ែរឌី បានអំពាវនាវចំពោះមនសិការរបស់យើង ជាមួយនឹងពាក្យទាំងនេះ៖ កិច្ចព្រមព្រៀងក្រុងប៉ារីស នឹងនៅតែពាក់ព័ន្ធរហូតទាល់តែទស្សនវិស័យរបស់ពួកគេក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។
លោកបន្តនៅក្នុងលិខិតថា៖«ការវិលត្រឡប់មកវិញរបស់ខ្ញុំ នឹងជាឱកាសមួយដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យអភិវឌ្ឍហើយនឹងរំឭកអ្នកពាក់ព័ន្ធប្រជាជនកម្ពុជានិងមិត្តភក្តិរបស់កម្ពុជា ក៏ដូចជាកាតព្វកិច្ចរបស់ពួកគេ»។
ជាងនេះទៀត លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរថា សហភាពអឺរ៉ុប សភាអឺរ៉ុប និងក្រសួងការបរទេសអាមេរិកបានសម្ដែងក្តីបារម្ភរបស់ខ្លួននិងការខកចិត្ត អំពីស្ថានភាពរបស់លោកដែលត្រូវបានកាត់ទោសក្នុងហេតុផលនយោបាយ។
លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានថ្លែងថា គណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្សសង្គ្រោះជាតិកំពុងពិភាក្សាស្វែងរកដំណោះស្រាយការទូត ដើម្បីឲ្យមានការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ទោះយ៉ាងណាក្តី លោកស្រីមិនបានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ទេ។
លោកស្រីបន្ថែមថា គណបក្សកំពុងពិចារណាលើការកំណត់ពេលវេលាសមស្របសម្រាប់ការវិលត្រឡប់មកវិញរបស់គាត់។ លោកស្រី មូរ សុខហួរ បានថ្លែងទៀតថា៖«ខ្ញុំជឿថា មិនមានការសម្រុះសម្រួលណាមួយ[ជាមួយរដ្ឋាភិបាល]សម្រាប់ការវិលត្រឡប់របស់គាត់ទេ»។
លោក Sean Mcintosh អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមអ៊ីមែល កាលពីម្សិលមិញថា ស្ថានទូតបានដឹងអំពីការប្រកាសវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។
លោក Sean Mcintosh បានថ្លែងនៅក្នុងអ៊ីមែលនោះថា៖ «យើងជឿថា ការបោះឆ្នោតសេរី និងយុត្តិធម៌ តម្រូវឲ្យមានសង្វៀនប្រកួតប្រជែងស្មើភាពនិងការចូលរួមពេញលេញពីគណបក្សប្រឆាំងទាំងអស់រួមទាំងមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំគណបក្សប្រឆាំងនាំមុខគេ»។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថា ព្រះមហាក្សត្រ ជាលក្ខណៈបច្ចេកទេសអាចលើកលែងទោសលោកសម រង្ស៊ី ដោយឯករាជ្យពីរដ្ឋាភិបាលបើទោះបីជាការធ្វើបែបនេះផ្ទុយនឹងនីតិវិធីទូទៅនិងមិនទំនងក៏ដោយ។
លោកបន្តថា៖ «យោងតាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រអាចប៉ុន្តែបញ្ហាគឺថានឹងមានជម្លោះ[កើតឡើង]រវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តី»៕ PS
_____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍

