ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ លី ចាន់វាសនា មានអាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែករថយន្តបង្កមានម៉ាកកុងតឺន័រ ពាក់ស្លាកលេខថៃ 60-1693 ក្រុងថេប អ្នកបើកបរជាជនជាតិថៃពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ បើតាមសំដីពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះជាមនុស្សដែលមានសតិមិនសូវល្អនោះទេ តែងតែដើរតាមដងផ្លូវទាំងយប់ទាំងថ្ងៃ។ លុះមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដើរពីទិសខាងជើងហើយមានឈាមនៅនិងក្បាលផងដែរ ខណៈមកដល់កន្លែងកើតហេតុជនរងគ្រោះរូបនោះ ក៏បានរត់សំដៅចូលរថយន្តកុងតឺន័រដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនថៃ យកមកលក់អោយក្រុមហ៊ុនខ្មែរ ផ្នែកខាងមុខរថយន្ត បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ភ្លាមៗនោះសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ក៏បានមកធ្វើការអន្តរាគមន៍វាស់វែង និងបាននាំយករថយន្តកុងតឺន័រទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត រីឯសាកសពជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ក្រុងយកទៅកាន់វត្តសូរិយ៉ារាម(វត្តថ្មី)ដើម្បីរងចាំបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងរង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ដោយ ៖ ចិន្តា
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
