ភ្នំពេញៈ នៅថ្ងៃនេះ យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនានា ជាពិសេសគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនឹងឈានដល់កម្រិតកំពូល បន្ទាប់ពីពួកគេ បានបើកធ្វើយុទ្ធនាការឃោសនា រយៈពេលមួយខែ ដែលនឹងត្រូវបិទបញ្ចប់នៅម៉ោង ១២ យប់នេះ ខណៈដែលថ្ងៃសៅរ៍ស្អែកជាថ្ងៃស ដែលគ្រប់គណបក្សត្រូវស្ងប់ស្ងាត់ មុននឹងត្រូវបោះឆ្នោតនៅថ្ងៃអាទិត្យ។
គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាគូប្រកួតប្រជែងខ្លាំងក្លាក្នុងការបោះឆ្នោតលើកនេះ ខណៈដែលអ្នកគាំទ្រគណបក្សទាំងពីរ ក្នុងចំនួនរាប់សែននាក់ បានចេញមកបង្ហាញខ្លួនតាមដងផ្លូវនានាដើម្បីធ្វើការឃោសនា។
លោក សុន ឆ័យ បេក្ខជនតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើងនឹងសប្បាយបន្តិចហើយ នៅថ្ងៃចុងក្រោយនេះ»។
បន្ទាប់ពីបានធ្វើការឃោសនា នៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនឹងទៅឃោសនា ក្នុងខេត្ត កំពង់ចាម នៅពេលព្រឹក ហើយពេលថ្ងៃ នៅខេត្ត កណ្តាល និងនៅពេលល្ងាច មកបិទបញ្ចប់នៅរាជធានី ភ្នំពេញ។
ទន្ទឹមនឹងនេះ លោក ខៀវ កាញារីទ្ធ បេក្ខជនតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា គណបក្សប្រជាជន គ្រោងរៀបចំការឃោសនាខ្នាតធំ នៅស្ទើរគ្រប់ខេត្ត.សំខាន់ៗទាំងអស់នៅថ្ងៃចុងក្រោយនេះ។ លោក ខៀវ កាញារីទ្ធ បានថ្លែងថា៖«សម្រាប់ថ្ងៃយុទ្ធនាការចុង ក្រោយនេះ ក្រៅពីហែធំក្នុងទីក្រុង យើងផ្តោតលើការពង្រឹងអ្នកគាំទ្រ នៅថ្នាក់ស្រុក និងភូមិ»។
ចំណែកឯគណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បានថ្លែងថា ពួកគេរំពឹងថា អ្នកគាំទ្ររាប់ម៉ឺននាក់ នឹងប្រមូលផ្តុំគ្នាធ្វើការឃោសនាក្នុងរាជធានីភ្នំពេញ ខេត្ត បន្ទាយមានជ័យ និងនៅខេត្ត កំពង់ចាម។
អ្នកអង្កេតការណ៍ ជាច្រើននាក់បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ សាធារណជន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងខុសប្លែកពីការបោះឆ្នោតកាល ពីលើកមុនៗ។
លោកស្រី Laura Thornton នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានថ្លែងថា៖«ទាក់ទងនឹងយុទ្ធនាការឃោសនា ខ្ញុំមិនដែលឃើញមានភាពសកម្មបែបនេះទេ ដែលមានការចូលរួមរបស់យុវជន និងការឃោសនាតាមផ្លូវ»។ លោកស្រី និងអ្នកដទៃទៀត បានគូសបញ្ជាក់នូវអវត្តមានទាំងស្រុង នៃអំពើហិង្សា ក្នុងបរិយាកាសមុនពេលបោះឆ្នោត។ ករណីមួយចំនួន ដែលរួមមានអ្នកគាំទ្រ ពីគណបក្សប្រឆាំងនឹងគណបក្សកាន់អំណាច គប់ដបទឹកសុទ្ធដាក់គ្នា គ្រាប់កាំភ្លើងបាញ់ចូលក្នុងការិយាល័យគណបក្សសង្គ្រោះជាតិ និងការវាយតប់គ្នារវាងសកម្មជនវ័យក្មេង គឺជាករណីដាច់ដោយឡែក ហើយពុំមានរងរបួសធ្ងន់ធ្ងរឡើយ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា៖ «វាជាការកែប្រែ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំរីករាយ ដែលមើលឃើញការកែប្រែនេះ។ ខ្ញុំមានអារម្មណ៍ថា មានការចាប់កំណើតឡើងវិញ នូវវប្បធម៌សន្តិភាព។ វាអាចជាជំហានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ»។
គណបក្សនយោបាយទាំង ៨ នឹងប្រជែងដើម្បីអាសនៈរដ្ឋសភាចំនួន ១២៣ នៅទូទាំងខេត្ត រាជធានីទាំង ២៤ នៃប្រទេសកម្ពុជា។
គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលទើបតែបានរួមបញ្ចូលគ្នាវិញ ជាមួយគណបក្សនរោត្តម រណឫទ្ធិបន្ទាប់ពីបែកបាក់គ្នា ដែលកាលពីក្នុងការបោះឆ្នោតជាតិ ឆ្នាំ ២០០៨ គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ២ អាសនៈហើយគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ២ អាសនៈក៏ដោយ ក៏ប៉ុន្តែមន្រ្តីគណបក្សនេះ មានក្តីសង្ឃឹមខ្ពស់ក្នុងពេលអនាគត។
លោកទុំ សម្បុរ អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច បានថ្លែងថា៖«ឥឡូវនេះយើងរួមគ្នាជាគណបក្សរាជានិយមតែមួយ…អាសនៈ របស់យើងនឹងមានការកើនឡើងក្នុងអាណតិ្តនេះ។ យើងរំពឹងទទួលបានអាសនៈពី ១៣ ទៅ ១៥»។
លោក ឡៅ ម៉ុងហៃ បានថ្លែងថា ដោយសារតែរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ពុំមានការបង្ហូរឈាម ដូចកាលពីពេលមុនៗ ប្រជាជនច្រើនថែមទៀត មានអារម្មណ៍សុខស្រួល ក្នុងការប្រើប្រាស់សេរីភាពរបស់ខ្លួន ដើម្បីទៅបោះឆ្នោតទៅតាមឆន្ទៈរបស់ពួកគេ។ លោកបានថ្លែងទៀតថា៖«ពេលនេះបរិយាកាស និងបរិស្ថានខុសពីការបោះឆ្នោតលើកមុន។ មានការរឹតដ្បិតតិចតួចលើបក្សប្រឆាំង និងមានការបំភិតបំភ័យតិចតួច។ ខ្ញុំរំពឹងថា នឹងមានមនុស្សច្រើនជាងមុនចូលរួមបោះឆ្នោត»។
ការរំពឹងទុក
វាច្បាស់ណាស់ គណបក្សប្រជាជននឹងឈ្នះ។ ប៉ុន្តែជាលើកទី ១ ចាប់តាំងពីឆ្នាំ ១៩៩៣ មក គណបក្សកាន់អំណាចយូរអង្វែងនេះអាចនឹងថយចុះនូវចំនួនអាសនៈ។ ចំណែកគណបក្សប្រឆាំង នឹងកើននូវចំនួនអាសនៈ។ នេះបើយោងតាមអ្នកវិភាគបានព្យាករណ៍។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា ដែលបានព្យាករថា គណបក្សសង្គ្រោះជាតិ នឹងកើនអាសនៈនៅក្នុងខេត្ត កណ្តាល ខេត្ត ព្រៃវែង ខេត្ត កំពង់ស្ពឺ ខេត្ត កំពង់ចាម និងខេត្ត តាកែវនោះ ថ្លែងថា៖«បក្សប្រឆាំង នឹងមានការផ្លាស់ប្តូរធំ ព្រោះរូបមន្តអំណោយផលដល់គណបក្សធំៗ។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ មិនអាចជ្រាបដល់បណ្តាខេត្តដាច់ស្រយាល ដែលមានអាសនៈតែ ១ នោះឡើយ»។ លោក អ៊ូ វីរៈ បានថ្លែងបន្តទៀតថា៖«គណបក្សសង្គ្រោះជាតិ គឺកំពុងធ្វើល្អ។ ក្នុងទីក្រុង ភ្នំពេញ គេអាចស្តាប់បានតាមវិទ្យុពីសកម្មភាពរបស់គណបក្សនេះ»។
ការផ្លាស់ប្តូរប្រជាសាស្រ្ត
អ្នកបោះឆ្នោត ៤ លាននាក់ បានចុះឈ្មោះក្នុងឆ្នាំនេះច្រើនជាងឆ្នាំ ១៩៩៨។ ខណៈដែលចំនួនប្រជាជនកើនឡើង និងនគរូបនីយកម្មកំពុងរីក ការបែងចែកអាសនៈរដ្ឋសភានៅតែដដែល។
លោកស្រី Laura Thornton នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍ មុនថា៖«វាមានរយៈពេល ១០ ឆ្នាំហើយ ហើយមានការផ្លាស់ប្តូរខ្លាំង នៃចំនួនប្រជាជនក្នុងខេត្ត។ ប្រសិនបើអ្នកមិនបង្កើនចំនួនអាសនៈទេ អ្នកកំពុងផ្តល់ទម្ងន់ធ្ងន់ ឬស្រាលលើសំឡេងឆ្នោត»។
ចំនួនយុវជនចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេលមួយខែកន្លងមកនេះ បានគូសបញ្ជាក់នូវកំណើននៃសកម្មភាពនយោបាយក្នុងទីក្រុង។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះនឹងជាការបោះឆ្នោតលើកទីមួយរបស់យុវជន។ មនុស្ស ៣,៥ លាននាក់អាយុ ពី ១៨ ទៅ ៣០ ឆ្នាំ នឹងមានឱកាសបោះឆ្នោតហើយសម្រាប់ចំនួនពាក់កណ្តាល នេះគឺជាការបោះឆ្នោតលើកទី ១ របស់ពួកគេ។ រយៈពេល ៥ ឆ្នាំ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមានរយៈពេលវែង។ បច្ចេកវិទ្យាជឿនលឿនយ៉ាងឆាប់រហ័ស ហើយការងើបឡើង នៃបណ្តាញសង្គម ដូចជា ហ្វេសប៊ុក នៅកម្ពុជា ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០០៨ មកមានន័យថា យុវជនកាន់តែច្រើនឡើង កំពុងតែទទួលបានព័ត៌មានពីប្រភពផ្សេងៗ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងស្ទើរតែផ្តាច់មុខដោយរដ្ឋាភិបាល៕ TK
រាយការណ៍បន្ថែម SHANE WORRELL ជាង សុខា ABBY SEIFF, SEAN TEEHAN, KEVIN PONNIAH, STUART WHITE និង ឆាយ ចន្ទនីដា ភ្នំពេញ ប៉ុស្តិ៍


0 comments:
Post a Comment