ក្រុមអ្នកគាំទ្រទាំងនោះក៏កំពុងត្រៀមខ្លួនផងដែរ នឹងទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមសម រង្ស៊ី ដែលនឹងមកដល់ប្រទេសកម្ពុជា វិញនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង ០៩ និង ០៥ នាទីព្រឹកខាងមុខ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ។
ទោះជាយ៉ាងនេះក្តីក៏មានក្រុមអ្នកគាំទ្រឯកឧត្តមសម រង្ស៊ី មួយចំនួនទៀតដែលជាប្រភេទបញ្ញវន្តបានសម្តែងនូវការខកចិត្តចំពោះជម្រើសរបស់ឯកឧត្តមសម រង្ស៊ី ចង់វិលចូលមាតុភូមិវិញតាមរយៈការលើកលែងទោស ដោយមានការ «បើកភ្លើងខៀវ» ពី «សម្តេចតេជោសែន» ដែលប្រាសចាកពីការអះអាង និងភាពក្លាហានរបស់ឯកឧត្តមសម រង្ស៊ី កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៣ ប្រកាសពីទីក្រុងប៉ារី ប្រទេសបារាំង។
ក្រុមអ្នកគាំទ្រដែលខកចិត្តបានលើកឡើងថា «អ្នកគាំទ្រលោកប្រធានសម រង្ស៊ី បាននិងកំពុងពង្រឹងនូវសេចក្តីក្លាហានយ៉ាងពុះកញ្ជ្រោល នៅក្នុងស្រុកខណៈពេលដែលលោកប្រធានបង្ហាញនូវសេចក្តីក្លាហានពីក្រៅប្រទេសថា នឹងវិលមកមាតុភូមិវិញដោយភ្ជាប់នឹងពាក្យអះអាងថា ស៊ូស្លាប់ខ្លួនឯង ឬហ៊ានប្រឈមនឹងការចាប់ខ្លួន ឃុំខ្លួនពីសំណាក់អាជ្ញាធរ … ។ ឥឡូវចាំបាច់និយាយអំពីភាពក្លាហានធ្វើអ្វីទៀតបើទទួលបានការលើកលែងទោសរួចទៅហើយនោះ ហើយក៏មានន័យថា រវាងលោកប្រធាន សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ប្រាកដជាបានទំនាក់ទំនងគ្នា និយាយគ្នា ត្រូវរ៉ូវគ្នាជាមុន ទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទន់ឥរិយាបទពីរឹងកំព្រឹសមកទន់យល់ព្រមធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រស្នើសុំលើកលែងទោសឲ្យលោកប្រធាន សម រង្ស៊ី ដោយប្រើរូបមន្តបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ…។ តាមពិតសន្លឹកបៀរបង្រួបបង្រួមជាតិ ឬផ្សះផ្សាជាតិក្នុងរង្វង់អ្នកនយោបាយខ្មែរ ត្រូវបានអ្នកនយោបាយប្រើប្រាស់អស់ទៅហើយចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយដល់ឥឡូវនេះអ្នកនយោបាយខ្មែរទាំងអស់នោះមិនមែនជាកូនក្មេងឬទើបរៀនធ្វើនយោបាយ ដើម្បីឈានទៅធ្វើជានាយករដ្ឋមន្ត្រី ឬជាអ្នកតំណាងរាស្ត្រឯណា…»។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះ «សម្តេចតេជោសែន» គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ និងរឹតតែគ្មានអ្វីត្រូវខាតបង់ទៅទៀត គឺមានតែចំណេញប្រជាប្រិយភាពនយោបាយថែម ទាក់ទងទៅនឹងជម្រើសដែលឯកឧត្តម សម រង្ស៊ី បានជ្រើសរើសយកក្នុងការចង់វិលមកមាតុភូមិវិញតាមវិធីលើកលែងទោសដូចកាលពីអំឡុងដើមឆ្នាំ២០០៦ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រីជាអ្នកចង និងរុញច្រានឲ្យឯកឧត្តម សម រង្ស៊ី បាត់បង់អ្វីៗទាំងអស់នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៣ បានមកដល់ជាអាទិ៍៖ បាត់បង់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតព្រមទាំងបាត់បង់សមាជិកភាពក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា…។ លើសពីនេះ «សម្តេចតេជោសែន» អាចរំលេចឲ្យមជ្ឈដ្ឋានអន្តរជាតិមើលឃើញផងដែរថា ការបោះឆ្នោតជាតិខាងមុខប្រព្រឹត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សនយោបាយប្រឆាំងដ៏ធំមួយបានចូលរួម ក៏ដូចជាឯកឧត្តម សម រង្ស៊ី បានដើរចូលអន្ទាក់ ឬជាប់លក្ខខណ្ឌរបស់ «សម្តេចតេជោសែន» រួចទៅហើយ ពីព្រោះទម្លាប់ឬវប្បធម៌របស់ «សម្តេចតេជោសែន» បើមិនចំណេញគឺមិនធ្វើ និងមិនព្រមជាដាច់ខាត។ នេះគឺជារូបភាពមួយបង្ហាញឲ្យឃើញថា «សម្តេចតេជោសែន» អនុវត្តន៍នូវវិធី «ចងហើយស្រាយដើម្បីការពារខ្សែក្រវាត់ឈ្នះ-ឈ្នះ» រីឯឯកឧត្តម សម រង្ស៊ី «ខ្លាំងរួចហើយខ្សោយដើម្បីបានចូលស្រុកសាកកម្លាំងចុងក្រោយជាមួយគណបក្សប្រជាជនកម្ពុជា»។
ក្រុមអ្នកវិភាគនយោបាយ និងអ្នកវិភាគផ្នែកច្បាប់ បានលើកឡើងរួមគ្នាថា ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ ប្រាកដជាអះអាងថា ធ្វើនយោបាយដើម្បីសង្គ្រោះជាតិដោយផ្ទាល់នៅកម្ពុជា ខណៈដែលមុននេះ «មុនពេលទទួលបានព្រះរាជក្រឹត្យលើកលែងទោសតាមសំណើរបស់នាយករដ្ឋមន្ត្រី» ឯឧត្តម សម រង្ស៊ី មិនមានលទ្ធភាពនឹងគ្មានសេចក្តីក្លាហានហ៊ានចូលស្រុកទេ ប៉ុន្តែក្រោយមកត្រូវបាន «សម្តេចតេជោសែន» យល់ព្រមសង្គ្រោះទើបឯកឧត្តម សម រង្ស៊ី មានឱកាសអាចវិលចូលស្រុកវិញបាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ដូចការប្រកាសរបស់ឯកឧត្តមរូបនេះ។
ដូច្នេះ សរុបសេចក្តីមកនេះគឺជាក្រឡាអុកនយោបាយចុងក្រោយហើយ ដែលឯកឧត្តម សម រង្ស៊ី ដើរតួជាអ្នកសង្គ្រោះជាតិ ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ រីឯ «សម្តេចតេជោសែន» ជាអ្នកមានសមត្ថភាពនិងលទ្ធភាពសង្គ្រោះឯកឧត្តម សម រង្ស៊ី៕
ប្រភពពីដើមត្នោត
