ពេលនេះដល់ផ្លូវបំបែកហើយសម្រាប់លោក សម រង្ស៊ី ក្នុងឆាកនយោបាយ ថាតើលោក រង្ស៊ី នៅក្រៅស្រុកចំណេញជាងឬក៏ចូលស្រុកវិញចំណេញជាងការឃោសនាប្រកួតប្រជែងរកសំឡេងឆ្នោតធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៥ខាងមុខនេះទើបតែនឹងចាប់ផ្តើម?
នយោបាយស្រុកខ្មែរសព្វថ្ងៃ ប្រៀបដូចរឿង តុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) នៅលើកញ្ចាក់ទូរទស្សន៍អ៊ីចឹង។ សត្វទំាងពីរនេះហាក់ដូចជាមិនត្រូវគ្នាទាល់តែសោះ ហើយកណ្តុរហាក់បីដូចជារប៉ិលរប៉ូចណាស់នៅពេលដែលឆ្មានៅដេកស្ងៀមសុខៗកណ្តុរក៏តាំងយកឈើទៅចាក់គូទ ឆ្មា ហើយដល់ពេលឆ្មាក្រោកឡើងដេញវ៉ៃតាំងរកគេឯងជួយវ៉ៃឆ្មាវិញ ឬដាក់អន្ទាក់ដើម្បីធ្វើយ៉ាងណាឲ្យឆ្មានោះមានគ្រោះថ្នាក់វិញហើយកណ្តុរក៏សប្បាយចិត្តណាស់នៅពេលដែលឆ្មាត្រូវបានគេវ៉ៃយ៉ាងដំណំ ឬក៏ជាប់អន្ទាក់វិញគឺកណ្តុរនោះតាំងឈរសើចឌឺដងឲ្យឆ្មាពីចម្ងាយ។ តែនៅពេលដែលឆ្មាសម្លុត និងចាប់បានកណ្តុរវិញឆ្មាចាប់ផ្តើមធ្វើបាបកណ្តុរដោយប្រើហិង្សាវិញម្តងហើយសើចឌឺដាក់វិញ។ តែពេលខ្លះ នៅពេលដែលឆ្មាដេញវ៉ៃខ្លាំងពេកអត់អីតដៃ កណ្តុរក៏រត់ចូលរន្ធខាងមុខតូចប៉ុនតែខ្លួនឯងរួចចេញតាមរន្ធចំហៀងបាត់ទៅ ឯឆ្មាវិញចូលមិនរួចក៏នៅតែចាំតែមុខរន្ធនោះ ឲ្យតែកណ្តុរនោះហ៊ានចេញមកគឺចាប់ធ្វើបាបមួយឆ្អែតតែម្តង។
មិនដឹងថា លោក សម រង្ស៊ី បន្តដើរតួជាកណ្តុរកំសាកដល់ពេលណាទៀតទេ បើខ្លាចឈ្លក់ទឹក ក៏មិនគួរតាំងខ្លួនជាអ្នកក្លាហាន ឬជាអ្នកហែលទឹកអាជីពទេ ហើយប្រសិនបើជាអ្នកនយោបាយពិតប្រាកដក៏មិនបាច់ឈរស្រែកពីចម្ងាយដែរ។ លោក សម រង្ស៊ី គួរមើលតាមគំរូអ្នកនយោបាយក្នុងលោកមួយចំនួន ដែលធ្លាប់ទទួលបានជោគជ័យតាមរយៈការហ៊ានលះបង់សុភមង្គលផ្ទាល់ខ្លួន ដើម្បីសម្រេចជោគជ័យក្នុងសង្វៀននយោបាយ។ រហូតមកដល់ពេលចាប់ផ្តើមបើកឆាកឃោសនារកសំឡេងឆ្នោតហើយតែលោក សម រង្ស៊ី នៅតែនៅក្រៅសង្វៀនដដែល។ តើលោក រង្ស៊ី ចង់ជ្រើសរើសរបៀបធ្វើបដិវត្តដូចអ្នកដឹកនាំពិភពលោកតាមបែប អតីតប្រធានាធិបតីប្រទេសរុស្ស៊ី លោក វីឡាដឺនៀ ឡេនីន ឬក៏តាមបែបអតីតប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក ណែលសុន ម៉ាន់ដឺឡា?។
ជារឿងមួយល្អដែរបើលោក សម រង្ស៊ី ជើងខ្លាំងចិត្តជាអ្នកលេងពិតមែនសម្រេចចិត្តយកតាមបដិវត្តន៍លោក ឡេនីន ដែលជាអ្នកនយោបាយត្រូវនិរទេសខ្លួនចេញពីប្រទេសរបស់ខ្លួន តំាងពីមុនសង្គ្រាមលោកលើកទី១មកម៉្លេះហើយលោកបានធ្វើការតស៊ូនៅខាងក្រៅប្រទេស នៅអឺរ៉ុបខាងលិចដូចជាប្រទេសអាល្លឺម៉ង់ ប្រទេសអង់គ្លេស និងប្រទេសស្វ៊ីសជាដើម។ រហូតមកដល់ឆ្នាំ១៩១៧ លោកបានវិលត្រឡប់មកចូលស្រុកវិញក្លាយជាមេបក្សសង្គមនិយមហើយក៏បានឡើងកាន់អំណាចពីឆ្នាំ១៩២២ ដល់១៩២៤។ ចំណែកឯសម្តេចឪយើងក៏តស៊ូនៅក្រៅប្រទេសដែរក្រោយមកបានឡើងគ្រងរាជ្យធ្វើជាព្រះមហាក្សត្រជាថ្មី នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤ ដែរ។
តែបើលោក សម រង្ស៊ី ជ្រើសរើសយកតាមបដិវត្តន៍លោក ម៉ាន់ដឺឡា ចិត្តជាអ្នកមែនក៏មិនខុសដែរ គឺ លោក រង្ស៊ី ចូលស្រុកវិញមានតែផ្លូវចូលពន្ធនាគារទេ ព្រោះលោក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំឯណោះដោយសារតែរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមនៅខេត្តស្វាយរៀងតាំងពីខែតុលា ឆ្នាំ២០០៩ មកម៉្លេះ។ ការធ្វើបដិវត្តតាមបែបលោក ម៉ាន់ដឺឡា ដែលជាអ្នកនយោបាយចិត្តសឿងបឿងតស៊ូរឿងការប្រកាន់ពណ៌សម្បុរ មិនខ្ចីរត់ទៅណាមកណាទេនៅក្នុងស្រុកឲ្យរដ្ឋាភិបាលចាប់ដាក់គុករហូតដល់ទៅ២៧ឆ្នាំឯណោះ។ គ្រាន់តែចេញមកពីពន្ធនាគារវិញស្វាងចែស ហើយទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩៣ហើយត្រូវគេបោះឆ្នោតឲ្យកាន់អំណាចឆ្នាំ១៩៩៤-១៩៩៩។ ឥឡូវលោក ក្លាយជាវីរបុរសរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកឯលោកស្រី អ៊ុងសាន ស៊ូជី របស់ប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលពានរង្វាន់សន្តិភាពនៅឆ្នាំ១៩៩១ ក៏មិនណយដែរសុខចិត្តនៅជាប់ក្នុងផ្ទះអស់រយៈពេល២១ឆ្នាំ។ បន្ទាប់ពីបានចេញមានសេរីភាពនៅឆ្នាំ២០១០ ឥឡូវលោកស្រីជាប្រធានបក្សប្រជាធិបតេយ្យនិងជាបេក្ខជនប្រធានាធិបតីជាថ្មីម្តងទៀតនៅឆ្នាំ២០១៥ខាងមុខនេះ។
ឯលោក រង្ស៊ី ដែលតាំងខ្លួនជាបុរសក្លាហានទៅដកតម្រុយបង្គោលព្រំដែនហ៊ានដេកអត់បាយនៅវត្តបទុម ហ៊ានប្រកាសថា ខ្លួននឹងចូលស្រុកមុនបោះឆ្នោតហ៊ានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំសាកញី ខ្លួនលោកផ្ទាល់តែបែរទៅជាមិនហ៊ានចូលពន្ធនាគាទៅវិញ? តើអ្នកណាកំសាកជាងអ្នកណាឥឡូវនេះ?
តែផ្ទុយទៅវិញការធ្វើដំណើររបស់មេដឹកនាំបក្សប្រឆំាងមិនមែនជាកត្តាចៃដន្យនោះទេ។ ដូចលោក ហ៊ុន សែន មានប្រសាសន៍ថ្មីៗនេះថា លោកមានសិទ្ធិចេញចូលប្រទេសដោយសេរី ចេញមិនប្រាប់គេ ចូលវិញក៏មិនចាំបាច់ប្រាប់គេដែរ។ តែគួរចាំថា បើលោកចូលស្រុកគឺពន្ធនាគារបើកទ្វារង់ចាំ។ តែបើជ្រុលហក់លោតដូចសត្វកញ្ចាញ់ចេកពីជើងមេឃដល់ជើងមុង ហើយនៅខ្លាចពន្ធនាគារដល់ណាទៀតបើចូលពេលនេះ អាចចំណេញច្រើនអាចទាក់ទាញប្រជាប្រិយភាពរកសំឡេងឆ្នោតជានាយករដ្ឋមន្ត្រីបាន ដូច លោក ម៉ាន់ដឺឡាដែរ ហើយក៏មិនធ្វើឲ្យសមាជិកបក្សសង្គ្រោះជាតិថ្មីសន្លាងរបស់លោក ជ្រួលច្របល់ណាស់ណាដែរ។ សម្រាប់បរិបទស្រុកខ្មែរបើលោក សម រង្ស៊ីធ្វើតាមលោក ឡេនីន នៅប្រយុទ្ធក្រៅសង្វៀន ហាក់បីដូចជាទ្រង់យ៉ាប់ច្រើនហើយទៅរកឱកាសធ្វើនាយករដ្ឋមន្ត្រីឯណាទេគឺ៖
១) សិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវបាត់បង់។ ប្រសិនបើបក្សសង្គ្រោះជាតិឈ្នះឆ្នោត តើលោក សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីយ៉ាងដូចម្តេច?
២) នៅស្រុកខ្មែរពលរដ្ឋមួយចំនួនធំនៅមិនទាន់មានគំនិតស៊ីជម្រៅដូចនៅបណ្តាប្រទេសអឺរ៉ុបនៅឡើយទេ គឺមានន័យថា បើឃ្លាតកាយណាយចិត្តហើយ។
៣) មានមតិរិះគន់ក្នុងបក្សសង្គ្រោះជាតិមួយចំនួនធំថា លោក កឹម សុខា ដែលជាអនុប្រធានបក្សក៏កំពុងទាញប្រជាប្រិយខ្លួនឯងដែរ។ នៅពេលចុះឃោសនាកម្រលើកយកឈ្មោះ លោក សម រង្ស៊ី ដែលជាមេបក្សដែលត្រូវបានបក្សតែងតាំងឲ្យឈរជាតំណែងនាយករដ្ឋមន្ត្រីនោះ។ សួរថាអ្នកនយោបាយ ដែលខ្លួនមិនចង់ធ្វើជានាយករដ្ឋមន្រ្តីនោះបើខំប្រឹងចង់ស្លាប់ ចង់រស់ទៅហើយបើពេលបានឈ្នះឆ្នោតទៅឲ្យគេដោយស្រួលៗនោះ? បើប្រៀបធៀបជាមួយនឹងគណបក្សប្រជាជនវិញគឺបក្សហាក់បីដូចជាមានគោលការណ៍ច្បាស់លាស់ បើទោះបីជាមេដឹកនាំបក្សមិនចុះឃោសនាក៏ដោយក៏សមាជិកបក្សរំឭកពីការសួរសុខទុក្ខពីសម្តេចទាំងបីដែរ ឬក៏យ៉ាងហោចណាស់ ក៏លើកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីអាណត្តិទី៥នេះដែរមិនដូចសម្ព័ន្ធភាពបក្សសង្គ្រោះជាតិឃោសនាដូចជាបន្លែបន្លំមិនច្បាស់ថា នរណាជាមេបក្សឲ្យពិតប្រាកដនោះ។
ជាសរុបមកវិញ មិនដឹងថាតើ លោក សម រង្ស៊ី សម្រេចចិត្តយកតាមម៉ូដែលនយោបាយលោក ឡេនីន ឬក៏លោក ម៉ាន់ដឺឡា។ ឯ រឿងឆ្មា និងកណ្តុរ ក៏មិនដឹងថា ចប់ត្រឹមកណ្តុរចូលរន្ធហ្នឹងឬក៏នៅបន្តទៅទៀតយ៉ាងណាទេ ប្រហែលជាចំាមើលវគ្គបន្តទៀតព្រោះឆ្មាមិនសូវសប្បាយចិត្តទេ អត់មានអ្នកណាមកលេងជាមួយ។ តែអ្វីដែលសំខាន់នោះគឺប្រទេសជិតខាងខ្លះ គេចាំតែមើលសើចចំអកនៅពេលបោះឆ្នោតនៅស្រុកខ្មែរម្តងៗទេ ហើយរឿងដែលបារម្ភមួយទៀតគឺពលរដ្ឋប្រទេសខ្លះទៀតពេលមានឱកាសមកធ្វើទេសចរណ៍នៅស្រុកខ្មែរហើយខ្ជិលទៅផ្ទះខ្លួនវិញ ឬក៏ចាំតែស៊ីឡាក់ទេ ឲ្យតែយើងប្រហែសតែបន្តិចគឺត្របាក់ឃឹប ប្រៀបដូចជាសត្វកណ្តូបវាស៊ីសត្វរៃ សត្វកង្កែបហក់មកត្របាក់ស៊ីសត្វកណ្តូបបន្តគ្នានោះ ក្រោយមកសត្វពស់ដ៏ធំនិងសាហាវរង់ចាំឱកាសល្អត្របាក់ស៊ីលេបទាំងអស់គឺទាំងសត្វរៃ ទាំងកណ្តូប និងទាំងកង្កែបនោះអាចជាចំណីរបស់ពស់ទាំងអស់៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

.jpg)