ភ្នំពេញៈ ក្នុងចំណោមគណបក្សនយោបាយចំនួន ៨ ដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិនាខែក្រោយ មានតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនិងគណបក្សសញ្ជាតិកម្ពុជា ប៉ុណ្ណោះ ដែលមិនបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ នៅពេលដែលខ្លួនជាប់ឆ្នោត។គណបក្សនយោបាយដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មានគណបក្សសង្គ្រោះជាតិ ហ៊្វុនស៊ិនប៉ិច សម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាធិបតេយ្យ ខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ អត្ថន័យជាទូទៅនៅក្នុងសេចក្តីថ្លែងការណ៍ដែលគណបក្សទាំង៦ បានចុះហត្ថលេខា រួមមានការជំរុញឲ្យមានការដាក់វិធានការប្រកាសទ្រព្យសម្បត្តិ និងសិទ្ធិទទួលបានព័ត៌មានជាសាធារណៈ ដើម្បីលាតត្រដាងអំពើពុករលួយ និងដើម្បីអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការយកជនល្មើសទាំងនោះទៅផ្តន្ទាទោស។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ របស់អង្គការតម្លាភាព ដែលចេញផ្សាយភ្លាមៗ បន្ទាប់ពីតំណាងគណបក្សនយោបាយទាំងនេះ បានចុះហត្ថលេខានៅក្នុងវេទិកាមួយនៅសាលមហោស្រពចតុមុខកាលពីម្សិល។ វេទិកាប្រឆាំងអំពើពុករលួយរយៈពេលពីរថ្ងៃ ដែលបញ្ចប់កាលពីម្សិលមិញ ហើយមានការចុះហត្ថលេខារបស់គណបក្សនយោបាយនេះ មានការចូលរួមពីយុវជនមកពីទូទាំងប្រទេសប្រមាណ ៦០០ នាក់ គណប្រតិភូនៃអង្គការតម្លាភាពអន្តរជាតិមកពី ២៦ ប្រទេស ពីតំបន់អាស៊ីប៉ាស៊ីហ្វិក មន្ត្រីការទូត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា៖«គណបក្សដែលមិនបានចូលរួមមិនបានពន្យល់ អំពីមូលហេតុនោះទេ ហើយយើងមានការសោកស្តាយផងដែរ»។
លោកបន្តថា ការចុះហត្ថលេខារបស់គណបក្សនយោបាយកម្ពុជា ដោយមានគណៈប្រតិភូមកពី២៦ប្រទេសចូលរួមនេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានហើយនិងជាការបើកទំព័រប្រវត្តិសាស្រ្តដែលមេដឹកនាំគណបក្សនយោបាយ ហ៊ានធ្វើការសន្យានិងប្តេជ្ញាជាសាធារណៈចំពោះប្រជាពលរដ្ឋដោយមានបរទេសធ្វើជាសាក្សីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ។
កាសែតភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងទៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន ហើយមន្រ្តីម្នាក់ដែលលើកទូរស័ព្ទ បានមានប្រសាសន៍ នៅមុនពេលបិទទូរស័ព្ទថា គណបក្សលោក បានទទួលលិខិតអញ្ជើញ ប៉ុន្តែមិនបានចូលរួមទេ។ ចំណែក លោកឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនបានបដិសេធមិនធ្វើការអត្ថាធិប្បាយឡើយ។
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរិះគន់តាំងពីយូរមកហើយថា បានរីករាលដាលនៅគ្រប់ផ្នែកនៃសង្គមនោះ បានធ្វើឲ្យបាត់បង់ថវិកាជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដែលជាឧបសគ្គធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេស។
កាលពីឆ្នាំ ២០១២ អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទៅក្នុងលេខរៀងទី១៥៧ ក្នុងចំណោម១៧៦ ប្រទេសដែលចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែមានអំពើពុករលួយយ៉ាងខ្លាំងនៅឡើយ។
គណបក្សនយោបាយទាំង ៦ ដែលបានចុះហត្ថលេខាកាលពីម្សិលមិញ បានសន្យាថា ប្រសិនបើពួកគេជាប់ឆ្នោត នៅក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខ ពួកគេនឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីកាត់បន្ថយភាពអយុត្តិធម៌នៅក្នុងសង្គម និងបង្កើតនូវប្រព័ន្ធប្រជាធិបតេយ្យមួយ ដោយផ្អែកលើតម្លាភាព និងសុចរិតភាព៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

