ភ្នំពេញ: ក្រុមកីឡាល្បុក្កតោនៃសហព័ន្ធកីឡាល្បុក្កតោ កម្ពុជាសរុបចំនួន៧នាក់នឹងចាកចេញទៅប្រកួតសម្តែងក្បាច់គុននៅក្រុង តូក្យូនៃប្រទេសជប៉ុននៅថ្ងៃសៅរ៍ទី២៩មិថុនាឆ្នាំ២០១៣ដើម្បី អបអរសាទរខួបទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនដែលនឹងប្រារព្ធ ឡើងនៅថ្ងៃអង្គារ ទី២ខែកក្កដាខាងមុខ។
លោកហុកឈាងគីមអគ្គលេខាធិការនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជាដែលជា ប្រធានប្រតិភូកីឡាករល្បុក្កតោទៅចូលរួមក្នុងកម្មវិធីខាងលើបាន បញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កីឡាករដែលត្រូវធ្វើដំណើរទៅជប៉ុន មាន៤នាក់និងកីឡាការិនីចំនួនពីរនាក់ហើយរូបលោកគ្រូផ្ទាល់ធ្វើជា ប្រធានប្រតិភូដឹកនាំកីឡាផងជាគ្រូបង្វឹកផង និងជាកីឡាករសម្តែងក្បាច់គុនដំបងផ្កាឈូកផង។
លោក បានបន្ថែមថា ចំពោះការចំណាយសោហ៊ុយទៅមកហូបចុកស្នាក់នៅទាំងអស់ត្រូវបានលោក ឯកអគ្គរាជទូតកម្ពុជាជាអ្នករ៉ាប់រងទាំងស្រុង។
លោកគ្រូព្រឹទ្ធាចារ្យកីឡាល្បុក្កតោឈាងគីម បានឲ្យដឹងថានេះគឺជាព្រឹត្តិការណ៍ប្រកួតសម្តែងកីឡាក្បាច់គុនបុរាណ ខ្មែរ(ល្បុក្កតោ)ជាមួយក្បាច់គុនបុរាណជប៉ុនឈ្មោះButokan។ លោក បានបន្ថែមថាគម្រោងកម្មវិធីដែលបានឈានដល់ការអញ្ជើញប្រភេទកីឡា ល្បុក្កតោទៅចូលរូមនេះ គឺកើតឡើងពីការពេញចិត្តរបស់ឯកអគ្គរាជទូតនៃប្រទេសទាំងពីរ។
ទាក់ទងទៅនឹងវិញ្ញាសាយកទៅសម្តែងលោកបានប្រាប់ថា៖ «យើងបានជ្រើសរើសយកវិញ្ញាសាប្រកួតសម្តែងសំខាន់ៗចំនួន១២វិញ្ញាសា ដោយមានជាក្រុមជាឯកត្តជននិងសម្តែងប្រយុទ្ធទោល»។
លោកបានប្រាប់ពីវិញ្ញាសាទាំង១២នោះថាទី១មានឈ្មោះថា ទ្វារមេគុនគ្រឹះព្រលឹងល្បុក្កតោ(ដែលសម្តែងជាក្រុម)។ ទី២មានឈ្មោះថាទ្វារមេគុនបំបែកទិសសម្តែងដោយឯកត្តជនដោយកុមារា វឌ្ឍនៈ។
ទី៣មានឈ្មោះថាសមយុទ្ធខែលល្បុក្កតោនិងដំបងខ្លីដែលសម្តែងដោយ សេងហ៊ននិងវ៉ាន់ដេត។ទី៤មានឈ្មោះថាទ្វារមេគុនដំបងខ្លីភ្លោះនិង ដំបងឆ្មាព្រៃសម្តែងឯកត្តជនដោយកញ្ញាថារ័ត្ន។
ទី៥មានឈ្មោះថាទ្វារមេគុនដំបងខ្លាក្រាបសម្តែងឯកត្តជនដោយកុមារាវឌ្ឍនៈ។
ទី៦មានឈ្មោះថាសមយុទ្ធដាវទោលសម្តែងដោយកញ្ញាម៉ាឡានិងថារ័ត្ន ហើយទី៧មានឈ្មោះថាមេគុនដំបងខ្លីភ្លោះខ្មែរអង្គរសម្តែងដោយកញ្ញា ម៉ាឡានិងថារ័ត្ន។ ទី៨មានឈ្មោះថា មេគុនដំបងខ្យល់កួចសម្តែងឯកត្តជនដោយកុមារាវឌ្ឍនៈ។ ទី៩មានឈ្មោះថាសមយុទ្ធដាវនិងដំបងម្នាក់ទល់ម្នាក់សម្តែងដោយ កញ្ញាម៉ាឡា និងថារ័ត្ន។
ទី១០មានឈ្មោះថាក្បាច់ដំបងផ្កាឈូកនិងក្បាច់ក្រមាខ្មែរសម្តែង ឯកត្តជនដោយលោកគ្រូហុកឈាងគីម ផ្ទាល់។ទី១១ក្បាច់ការពាររបស់កុមារសម្តែងឯកត្តជនដោយកុមារាវឌ្ឍនៈ និងទី១២សមយុទ្ធស្រីការពារខ្លួនម្នាក់ទល់នឹងបុរស៣នាក់ដែលនឹង ត្រូវសម្តែងដោយកញ្ញាថារ័ត្ន និងយុវជនស៊ីហ៊នមនោនិងវ៉ាន់ដេត។
លោកហោមុន្នីរ័ត្នឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ ព្រះរាជាណាចក្រជប៉ុនបានឲ្យដឹងថា៖ «កីឡាល្បុក្កតោរបស់កម្ពុជាជាកីឡាយុទ្ធសិល្ប៍មួយដែលបរទេសនិយមចូល ចិត្តទស្សនាណាស់ហើយការសម្រេចចិត្តនាំកីឡាប្រភេទខ្មែរបុរាណដែល ជាសម្បត្តិវប្បធម៌ប្រពៃណីរបស់ខ្មែរតាំងពីបុរាណកាលគឺដើម្បី ផ្សព្វផ្សាយឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ជាពិសេសនៅក្នុងពិធីទិវា អបអរសាទរខួបទី៦០ទំនាក់ទំនងការទូតកម្ពុជាជប៉ុននេះតែម្តង»។
លោកបានបន្តថា៖«ចំណែកឯភាគីជប៉ុននឹងដាក់កីឡាយុទ្ធសិល្ប៍របស់ គេដែលមានឈ្មោះថាButokan មកសម្តែងជាមួយយើងដើម្បីផ្លាស់ប្តូរបទពិសោធនិងស្វែងយល់ពីវប្បធម៌ ជាតិនៃប្រទេសយើងទាំងពីរ»។
លោកបានបញ្ជាក់ថា៖«នៅពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង លើល្បុក្កតោប្រទេសអង់គ្លេស ក៏បានបង្ហើបពីចេតនាចង់ឃើញល្បុក្កតោខ្មែរទៅសម្តែងនៅប្រទេសគេ ក្នុងពេលខាងមុខដែរ។
គួរកត់សម្គាល់ថាល្បុក្កតោធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អលើការ ប្រកួតប្រជែងក្នុងកីឡាក្បាច់បុរាណយុទ្ធសិល្ប៍កម្រិតពិភពលោកប៉ុន្តែ អ្វីដែលធ្វើឲ្យនិស្សិតបញ្ញវន្ត និងអ្នកតាមដានកំពុងតែឆ្ងល់នោះគឺថា ល្បុក្កតោត្រូវបានផ្អាកការប្រកួតជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ ដែលជាកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡារយៈពេលបីឆ្នាំជាប់ៗ គ្នាមកហើយ។
ចំណែកមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកកីឡាក្រសួងអប់រំ យុវជននិងកីឡាគ្មានអ្នកណាហ៊ានចេញមុខមកធ្វើការស្រាយពីការបិទ ល្បុក្កតោនេះឡើយ ហើយវាហាក់បីដូចនៅតែជារឿងអាថ៌កំបាំងនៅឡើយ៕
ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

