កំពត+ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានរន្ទះដ៏កំណាចបានផ្តាច់យកជីវិតភ្លាមៗនៅក្បែររោងគោ ខណៈពេលដែលគាត់ដឹកគោយកទៅចង ស្របពេលដែលកំពុងតែមានភ្លៀងធ្លាក់ស្រិចៗ។ ហេតុការណ៍ដ៏គួររន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ នេះ នៅភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ ឃួន ទូច អាយុ៤៣ឆ្នាំ មានទីកន្លែងរស់នៅក្នុងតំបន់កើតហេតុខាងលើ ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គឺបុរសរងគ្រោះខាងលើបានដឹកគោយកទៅចងនៅក្បែរអូរមួយមិនឆ្ងាយពីផ្ទះគាត់ ខណៈពេលមេឃកំពុងភ្លៀងស្រិចៗ ក៏ស្រាប់តែមានរន្ទះបាញ់លាន់ស្នូរគគ្រើកដី បណ្តាលឱ្យគាត់ដេកស្លាប់នៅនឹងកន្លែងតែម្តង។
ចំណែកឯករណីផ្សេងមួយទៀត គឺរន្ទះដ៏កំណាចបានធ្វើឲ្យក្មេងស្រីម្នាក់ ស្រីរ័ត្ន អាយុ៨ឆ្នាំ ត្រូវរងរបួសត្រង់ភ្លៅដល់ចុងជើង និងបណ្តាលឲ្យសសរជើងតាងផ្ទះ និងជញ្ជាំងបែកជា២ ចំណែកផ្ទះក្បែរនោះក៏ឆេះបារ៉ែតភ្លើង ដោយសាររន្ទះបាញ់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
គួររំលឹកផងដែរថា ចាប់តាំងពីចូលដើមរដូវវស្សានេះមក មានករណីគ្រោះធម្មជាតិជាច្រើនបានកើតឡើង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងបានឆក់យកជីវិតមនុស្ស សត្វ ថែមទៀតផង។ បញ្ហានេះគឺទាមទារឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន រាល់ពេលដែលមានភ្លៀងធ្លាក់ម្តងៗត្រូវតែទៅរកទីដែលសុវត្ថិភាព ដើម្បីចៀសផុតពីគ្រោះថ្នាក់ទាំងឡាយ៕
_____________
ប្រភពពី វត្តភ្នំ


0 comments:
Post a Comment