ខេត្ដបាត់ដំបង ៖ អ្នកទោសជាប់ចោទពីបទប្លន់ប្រដាប់អាវុធម្នាក់បានរត់គេច ចេញពីពន្ធនាគារខេត្ដបាត់ដំបងដោយ សុវត្ថិភាព កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ គ្រាដែលគេរាយការណ៍ថា អ្នកទោសរូបនេះបានចេញមកធ្វើការងារនៅ ខាងក្រៅជាមួយនឹងអ្នកទោសផ្សេងទៀត ហើយបានសុំអ្នកយាមទៅបត់ជើងធំ ។
ប្រធានពន្ធនាគារខេត្ដបាត់ដំបងលោក សំអុល ធារិទ្ធ អ្នកយកព័ត៌មាននគរវត្ដ មិនអាចសុំការពន្យល់បានទេជុំវិញអ្នក ទោសប្លន់ប្រដាប់អាវុធ បានរត់ចេញពី ពន្ធនាគារ ខណៈមានគេរាយការណ៍ថា ពេលដែលអ្នកទោសម្នាក់នេះបានរត់គឺ មានរថយន្ដ១គ្រឿងបានមកចាំជាស្រេច ដើម្បីគេចខ្លួន ។
ទោះជាយ៉ាងនេះក្ដីគេបានដឹងថា អ្នកទោសដែលបានរត់រួចពីពន្ធនាគារស្រួល ដូចបកចេកនេះមានឈ្មោះសួម វុទ្ធី អាយុ ៣៣ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់ រតនៈ ក្រុង-ខេត្ដបាត់ដំបង ត្រូវបានចាប់ ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទប្លន់ប្រដាប់អាវុធ ។
តាមមន្ដ្រីតុលាការខេត្ដបាត់ដំបង ម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជនជាប់ទោសរូបនេះត្រូវបានតុលាការ សម្រេចឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ហើយចាប់តាំងពីការសម្រេចទោសមក ទល់នឹងថ្ងៃដែលអ្នកទោសរូបនេះរត់គឺ បានជាប់ពន្ធនាគារចំនួន១៨ខែ ។ នៅព្រឹក កើតហេតុឆ្មាំគុកបាននាំអ្នកទោសផ្សេង ទៀតដែលបានអនុវត្ដទោសក្នុងពន្ធនាគារ ច្រើនខែច្រើនឆ្នាំមកហើយនោះ ចេញពី បន្ទប់ឃុំឃាំងដើម្បីទៅធ្វើពលកម្មផ្សេងៗ រួមជាមួយនឹងអ្នកទោសដែលរត់រួចនោះ ផង ។ ប្រភពពីមន្ដ្រីអ្នកយាមម្នាក់បាន និយាយថា ជនជាប់ចោទនៅពេលដែល អ្នកទោសផ្សេងទៀតកំពុងធ្វើពលកម្មគេ ក៏បានសុំទៅបត់ជើងធំ រួចក៏គេចខ្លួន បាត់តែម្ដង ។
ជុំវិញការរត់របស់អ្នកទោសជាប់ចោទ ពីបទប្លន់ប្រដាប់អាវុធនេះដែរ គេបាន ឃើញរថយន្ដ១គ្រឿងមកចាំជាស្រេច ហើយពេលដែលទណ្ឌិត សួម វុទ្ធី គេច ខ្លួនពីភ្នែកសមត្ថកិច្ចហើយនោះក៏បាន ឡើងជិះរថយន្ដឆ្ពោះទៅភូមិ-ឃុំឈើ ទាល ស្រុកបាណន់ ខេត្ដបាត់ដំបង ។
ជាមួយនឹងព័ត៌មាន មានរថយន្ដមក ចាំទទួលអ្នកទោសជាស្រេចនេះត្រូវបាន គេលើកឡើងថា ការរត់គេចខ្លួនរបស់ ទណ្ឌិតជាប់ចោទពីបទប្លន់ប្រដាប់អាវុធ ហាក់បីដូចជាមានការរៀបចំទុកជាមុន ណាមួយ ទើបទណ្ឌិតរូបនេះមានឱកាស រត់យ៉ាងស្រួលបែបនេះ ខណៈមានអ្នក យាមដ៏តឹងតែងនោះ ។
គួរបញ្ជាក់ថា នៅក្នុងពន្ធនាគារខេត្ដ បាត់ដំបងធ្លាប់មានករណីបែបនេះកើត ឡើងផងដែរ ។ មិនតែប៉ុណ្ណោះក៏មាន ការរិះគន់ដល់មេគុកផងដែរ ចំពោះអ្នក ទោសមួយចំនួនមានជំងឺ ប៉ុន្ដែអ្នកគ្រប់ គ្រងនៅទីនោះមិនបានបញ្ជូនអ្នកទោស មានជំងឺមកព្យាបាលបានទាន់ពេលវេលា នោះទេ គឺបានបណ្ដែតបណ្ដោយឱ្យមាន អ្នកទោសខ្លះស្លាប់ព្រោះតែការយឺតយ៉ាវ បញ្ជូនមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕
____________________
ប្រភពព័ត៌មានពី៖ នគវត្ត


0 comments:
Post a Comment