ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិរស្ស៊ី២នាក់ និងអ៊ុយក្រែនម្នាក់ ពីបទឃុំឃាំងមនុស្ស និងធ្វើទារុណកម្មខុសច្បាប់ នៅក្នុងផ្ទះ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីម៉ោង២០យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យជនទាំង៣នាក់ ទី១ឈ្មោះ SUNDAROY VADYM ជនជាតិអ៊ុយក្រែន អាយុ៣៣ឆ្នាំ ជាម្ចាស់ផ្ទះ ទី២ឈ្មោះ KULLKOV ALEXANDR ជនជាតិរុស្ស៊ី អាយុ២៥ឆ្នាំ និងម្នាក់ទៀតជាសហការី ជនជាតិរុស្ស៊ីដែរ។
លោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា បានប្រាប់បណ្តាញព័ត៌មានអប្សរាANNថា ជនបរេទសទាំង៣នាក់នេះ បានប្រព្រឹត្តបទឧក្រិដ្ឋ៤ករណី ទី១.ចាប់បង្ខាំងមនុស្ស ខុសច្បាប់ក្នុងផ្ទះ ទី២.យកខ្សែទុយយូទឹកចងបិទមាត់ ទី៣. ដាក់ច្រវាក់ កជើង កដៃ និងទី៤ បង្អត់អាហារ ធ្វើទារុណកម្ម។
ជនរងគ្រោះឈ្មោះ មុំ រិទ្ធី អាយុ២៨ឆ្នាំ មានទីលំនៅ ក្រុម២០ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ បានចូល ទៅក្នុងផ្ទះដែលជនបរទេសទាំង៣នាក់ស្នាក់នៅ លូចទូរសព្ទ័ដៃម៉ាកណូគា អិនចុចពិល ។ ពេលជនជាតិបរទេសទាំង៣នាក់ចាប់បាន ក៏ធ្វើទារុណកម្ម ដូចជា យកកន្ត្រៃកាត់ដែក កាត់មេដៃខាងស្តាំ និងយកកាវវិទ្យាសាស្ត្រចាក់លើដៃឲ្យឈឺផ្សារ និងយកច្រវ៉ាក់ទាក់ករដូចសត្វឆ្កែ យកបំពង់ទីបជ័រចងបិទមាត់មិនឲ្យនិយាយកើត ចងដៃទៅក្រោយ និងចងជើង។ ជនបរទេសទាំង៣នាក់នោះ ឃុំខ្លូនជងរងគ្រោះចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ រហូតដល់យប់ថ្ងៃទី១៨ ខែមិនា ទើបអាចជួយសង្គ្រោះបាន ដោយសារនៅពេលនោះ ជនរងគ្រោះ មុំ រិទ្ធី បានរើបម្រះរបូតមាត់ ហើយកស្រែកឲ្យគេនៅជិតខាងជួយ ។
ក្នុងហេតុការណ៍នោះ មានការភ្ញាក់ផ្អើលពីប្រជាជនដែលរស់នៅជិតខាង បានមើលឃើញនូវសកម្មភាពអមនុស្សធម៌របស់ជនបរទេស៣នាក់ ដែលបានធ្វើទារុណកម្មទៅលើប្រជាជនខ្មែរដូច្នេះ ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍ បានទាន់ពេលវេលា។
បច្ចុប្បន្នជនបទេសទាំង៣ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ដើម្បីព្យាបាល៕
___________
ប្រភពពី៖ ann
