រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីទាបភ្លឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានបណ្តាលឲ្យដេប៉ូលក់ឈើចំនួន២ខ្នង ត្រូវបានរងការខូចខាត។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន និងក្រុមពន្លត់និងបង្ការអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ឡានទឹកអស់ប្រមាណជាង១០គ្រឿង ដើម្បីសម្រុកបាញ់ពន្លត់អណ្តាតភ្លើងនេះ កុំឲ្យរាលដាលធ្ងន់ធ្ងរដល់លំនៅឋានប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅក្បែរកន្លែងកើតហេតុនោះ។
បើតាមប្រភពពីសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីការទុស្សេប្រអប់ភ្លើង ធ្វើឲ្យផ្ទុះមានសំឡេងលាន់ឮយ៉ាងខ្លាំង បង្កឲ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។
សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នេះ អណ្តាតភ្លើងក៏បានរលត់សូន្យសុងទៅវិញភ្លាមៗផងដែរ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតបាននៅឡើយទេ ដោយសារពេលនេះសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការគណនា៕
______________
ប្រភពព័ត៌មាន៖ វត្តភ្នំ
ប្រភពព័ត៌មាន៖ វត្តភ្នំ




0 comments:
Post a Comment