ភ្នំពេញៈ សកម្មជនវ័យក្មេងរបស់បក្សប្រឆាំង ដែលនិយាយឥតសំចៃនិងជាបេក្ខជនតំណាងរាស្រ្ត លោក សួង សុភ័ណ្ឌ កាលពីថ្ងៃម្សិលមិញ បានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្ខពួកបណ្តោយឲ្យជនអន្តោប្រវេសន៍«ខុសច្បាប់»ជាច្រើនពីវៀតណាម មករស់នៅលើទឹកដីកម្ពុជា។
នៅខាងក្រៅសាលាដំបូងរាជធានីបុរសវ័យ២៦ឆ្នាំ ដែលក៏ជាប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ រូបនេះបានថ្លែងថា លោក ហ៊ុន សែន បានរៀបចំឲ្យមន្រ្តីក្រសួងមហាផ្ទៃចេញអត្តសញ្ញាណប័ណ្ណក្លែងក្លាយ។ ដោយសំដៅដល់ជនជាតិវៀតណាម លោក សុភ័ណ្ឌ ថ្លែងថា៖«ខ្ញុំ មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា(លោក ហ៊ុន សែន)បានចេញអត្តសញ្ញាណប័ណ្ណក្លែងក្លាយឲ្យទៅយួន»។
លោក បានបន្ថែមថា៖«ផ្ទុយទៅវិញ កូនខ្មែរខ្លះដែលកើតនៅស្រុកខ្មែរមិនមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ទេ»។
ការដាក់ពាក្យប្តឹងរបស់លោក សួង សុភ័ណ្ឌនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានថ្លែងជាសាធារណៈថា ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចមានប្រមាណពី ៧ ទៅ ៨ ម៉ឺននាក់ប៉ុណ្ណោះ មិនមែនមានដល់ទៅរាប់លាននាក់ដូចអ្នករិះគន់និយាយនោះឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងថា លោក សុភ័ណ្ឌ គ្រាន់តែធ្វើឲ្យគណបក្សប្រជាជន មានការខឹងសម្បានៅមុនពេលបោះឆ្នោតតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖«ប្រសិនបើតុលាការ រកឃើញថា សម្តេចនាយករដ្ឋមន្រ្តី(ហ៊ុន សែន)បញ្ជា ឲ្យគេចេញអត្តសញ្ញាណប័ណ្ណឲ្យទៅយួនឬជនបរទេសផ្សេងទៀតមែនខ្ញុំ នឹងកាត់កខ្ញុំ»។ លោកបានធ្វើការព្រមានថា លោក សុភ័ណ្ឌ គួរតែប្រយ័ត្នអំពីការបរិហារកេរ្តិ៍អ្នកដទៃ។
សកម្មជនបក្សប្រឆាំងរូបនេះបានដាក់ពាក្យប្តឹងស្រដៀងគ្នានេះដែរទៅតុលាការ កាលពីឆ្នាំមុនដោយចោទប្រកាន់លោកនាយករដ្ឋមន្រ្តីពីបទមនុស្សឃាតដោយចេតនាជុំវិញការរត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១១ ដែលបានសម្លាប់មនុស្សជាង ៣០០នាក់។ បណ្តឹងនោះត្រូវបានតុលាការច្រានចោល៕ NR
_____________
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

