ភ្នំពេញៈ សព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នករត់ម៉ូតូឌុប និងកម្មករកំពុងតែជាប់ចិត្តយ៉ាងខ្លាំងជាមួយនឹងរសជាតិសាច់ពិសេស (ឆ្កែ) ឬសន្ដិសុខភូមិ ដែលត្រូវបានគេយកទៅចម្អិនធ្វើគ្រឿងក្លែម។ គួរឲ្យកត់សម្គាល់ មានហាងលក់សាច់ឆ្កែតូចធំជាច្រើនកំពុងរីកដូចផ្សិតក្នុងតំបន់ជាយរាជធានីភ្នំពេញ ក្រោមរូបភាពគួរឲ្យទាក់ទាញជាទីបំផុត ដែលអ្នកលក់ភាគច្រើនបានតាំងក្បាលឆ្កែដែលគេចម្អិនរួចដាក់ក្នុងទូរកញ្ចក់យ៉ាងត្រឹមត្រូវ ដើម្បីធ្វើឲ្យអ្នកចូលចិត្តហូបសាច់នេះលេបទឹកមាត់ ទ្រាំមិនចូលហូបមិនបាន។
តាមការសង្កេត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាច់ឆ្កែបានក្លាយទៅជាទំនិញត្រូវប៉ាន់ ត្បិតអ្នកបរិភោគសាច់នេះកាន់តែមានចំនួនច្រើនឡើងៗគួរឲ្យកត់សម្គាល់ ហើយសាច់ឆ្កែត្រូវបានគេច្នៃធ្វើគ្រឿងក្លែមបានជាច្រើនមុខ ដូចជា អាំង ស្លរម្ជូរគ្រឿង ការី ខ្វៃ រីឯគ្រឿងក្នុងត្រូវបានគេស្ងោរជ្រលក់ទឹកប្រហុកជាដើម។
បុរសជាអ្នកលក់សាច់ឆ្កែឆ្អិនម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សព្វថ្ងៃគាត់លក់សាច់ឆ្កែអស់ពី ២០ ទៅ ៣០គីឡូក្រាម ដោយក្នុងនោះហាងរបស់លោកមានលក់សាច់ឆ្កែអាំង ស្លរម្ជូរគ្រឿង ចំណែកគ្រឿងក្នុងលោកស្ងោរជ្រលក់ទឹកប្រហុក ហើយចំពោះតម្លៃវិញគឺមួយចានចាប់ពី ៥០០០រៀលឡើងទៅ។ លោកបានបន្ដទៀតថា ទីផ្សារសាច់ឆ្កែនាពេលបច្ចុប្បន្ន គឺសាច់ដែលគេធ្វើរួចមានតម្លៃ ១.៥០០០រៀល ក្នុង ១គីឡូក្រាម ប៉ុន្ដែបើទិញទាំងមូលដោយមិនធ្វើគឺ ១គីឡូ តម្លៃ ៥០០០រៀល ហើយជារៀងរាល់ព្រឹកគាត់តែងទៅទិញសាច់នេះនៅម្ដុំកៅដាយ ដែលជាដេប៉ូប្រមូលទិញឆ្កែពីកសិដ្ឋានសាធារណៈគ្រប់ខេត្តក្រុង។
ជាការព្រួយបារម្ភមួយ ប្រសិនបើអ្នកទទួលទានសាច់ឆ្កែកាន់តែមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ នោះចំនួនសត្វឆ្កែនឹងត្រូវថយចុះជាក់ជាមិនខាន ព្រោះប្រទេសយើងមិនទាន់មានកសិដ្ឋានចិញ្ចឹម និងផ្គត់ផ្គង់សាច់ឆ្កែនៅឡើយ ហើយឆ្កែដែលគេលក់សព្វថ្ងៃគឺបានមកពីការដើរទាក់តាមផ្ទះ និងតាមសាធារណៈប៉ុណ្ណោះ បន្ថែមទៅទៀតនោះ មានពលរដ្ឋមួយចំនួនបានប្រកបមុខរបរថ្មីសន្លាងមួយដែលក្នុងសង្គមខ្មែរមិនធ្លាប់មានពីមុនមក នោះគឺរបរដើរទិញឆ្កែតាមផ្ទះ ដោយមានកម្រិតតម្លៃតាមស្ដង់ដារទៀតផង។
កត្តានេះនឹងត្រូវជះឥទ្ធិពលផងដែរចំពោះសន្ដិសុខសង្គម ត្បិតសត្វឆ្កែមានតួរនាទីសំខាន់ខ្លាំងណាស់ក្នុងការគាំពារទ្រព្យសម្បត្តិ និងយាមផ្ទះជាពិសេសនៅពេលយប់ ហើយប្រសិនបើចំនួនសត្វឆ្កែមានការថយចុះ នោះជនឆ្លៀតឱកាសអាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗនាពេលរាត្រី ដោយមិនមានការរំខានពីអ្វីឡើយ ដោយសារតែឧបសគ្គធំរបស់ពួកគេត្រូវបានក្លាយទៅជាគ្រឿងក្លែមដ៏ឆ្ងាញ់ពិសារទៅហើយ។ ដោយ សន្យា
ប្រភពពី៖ ABC+



0 comments:
Post a Comment