ភ្នំពេញ៖ លោកនាយកសាលាបឋមសិក្សាទួលស្លែងម្នាក់ត្រូវបុរសជាអ្នកសុំទានយកកូនកាំបិតចុងស្រួច ចាក់ចំខាងក្រោមឃ្លៀកបណ្តាលឲ្យហូរឈាមស្រោចខ្លួនស្លាប់បាត់បង់ជីវិត ខណៈកំពុងរថយន្តសាមុយដឹកយកទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយសារតែលោកនាយកដេញមិនឲ្យបុរសសុំទានមកសុំទាននៅមុខសាលារៀន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ព្រឹត្តការណ៍ដ៏ឃោឃៅខាងលើនេះកើតឡើងកាលពីវេលាម៉ោង២និ៥៥ នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ នៅទល់មុខសាលាបឋមសិក្សាទួលស្លែង ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ប្រភពដដែលបានបន្តថា នាយកសាលាដែលត្រូវរងគ្រោះ រហូតស្លាប់បាត់បង់ជីវីតដោយជនព្រៃផ្សៃខាងលើនេះចាក់សម្លាប់ខាងលើនេះឈ្មោះ ស្រ៊ី ឆៃគីម ភេទប្រុស អាយុ ៦៣ ឆ្នាំ ចំណែកជនល្មើសឈ្មោះ សំ ជៀន ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរជាអ្នកសុំទាន មានស្រុកកំណើតនៅ ផ្ទះលេខ ១៦២ ភូមិភ្លៅ ឃុំព្រៃឈរ ស្រុកកំពងត្របែក ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅជិតចំណុចកើតហេតុ ។
ជុំវិញករណីឃាតកម្មនេះ សាក្សីនៅកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុលោកនាយក ឈ្មោះ ស្រ៊ី ឆៃគីម បានដើរមកខាងក្រៅសាលាហើយឃើញជនល្មើសឈ្មើ សំ ជៀន កំពុងដើរសុំទានសិស្សសាលា នឹងអ្នកផ្សេងនៅចំពីមុខសាលា មើលទៅគួរឲ្យអនាធិបតេយ្យ នឹងបាត់បង់សណ្តាប់ធ្នាប់ជិតសាលារៀននោះ លោកនាយកបានមកនិយាយណែនាំបុរសសុំទានកុំឲ្យមកប្រព្រឹត្តសកម្មភាពនេះ នៅចំពោះមុខក្មេងៗ ជាសិស្សសាលា នឹងបាននិយាយថា រូបរាងកាយរឹងមាំ ប៉ុណ្តឹងដែរហេតុអ្វីមិនទៅរកការងារ ចាំបាច់មកដើរសុំទានបែបនេះ ។ គ្រាន់តែបានឮនៅសម្តីរបស់លោកនាយកសាលាហើយនោះបុរសសុំទានឈ្មោះ សំ ជៀន ខឹងសម្បាយ៉ាងខ្លាំងសម្រេចដកកូនកាំបិតពីក្នុងកាបូបស្ពាយ ស្ទុះមកចាក់នាយកសាលាចំខាងក្រោមឃ្លៀកមួយកាំបិត បណ្តាលឲ្យលោកនាយករងរបួសធ្ងន់ធ្ងរ ហូរឈាមស្រោចពេញខ្លួន ចំណែកជនល្មើស បានរត់គេចខ្លួន ឆ្ងាយពីកន្លែងកើតហេតុ ជិត មួយគីឡូម៉ែត្រដី ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ តាមចាប់ឃាត់ខ្លួនបានយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី ១ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបានបញ្ជាក់ថា លោកនាយកសាលាជាអកុសលបានស្លាប់បាត់បង់ជីវិតពេលរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរជុំវិញករណីនេះ ហេតុអ្វីគ្រាន់តែនិយាយបន្តិចបន្ទួចធ្វើឲ្យបុរសសុំទាន់ចិត្តសាហាវហានយកកូនកាំបិតចាក់សម្លាប់នាយកសាលា បែបនេះ ។ ជនល្មើសត្រូវបានសមត្ថកិច្ចកំពុងកសាងសំនុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ៕
ប្រភពពី៖ cambodiapage.info

