ស្ទូឌីយ៉ូថតភាពយន្តវីដេអូខ្នាតធំលំដាប់ប្រទេសរបស់កម្ពុជាក៏ត្រូវបានបង្កើតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រភាពយន្តនៅកម្ពុជា ហើយតាមរយៈស្ទូឌីយ៉ូ មួយនេះប្រជាជនកម្ពុជាសង្ឃឹមថា ភាពយន្តកម្ពុជានឹងមានការរីកចម្រើន ស្ទុះងើបខ្លាំងជាងមុន ខណៈស្ទូឌីយ៉ូដែលមានមូលដ្ឋាននៅលើទឹកដីខេត្តកំពង់ស្ពឺមួយនេះ អាចផលិតភាពយន្តខ្នាតធំលំដាប់អន្តរជាតិបាន ដោយមានសម្ភារៈ និងឧបករណ៍ច្រើនតាមតម្រូវការ ហើយវាក៏ជាចំណុចទាក់ទាញផលិតកម្មភាពយន្តបរទេសនោះ។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ទាក់ទងនឹងការសាងសង់ស្ទូឌីយ៉ូថតភាពយន្តកម្ពុជានេះ ការសិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម និងគ្រោងប្លង់គ្រឿងផ្គុំ ត្រូវបានសិក្សាដោយស្ថាបត្យករដែលជាមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រីឯការសាងសង់ក៏ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងផងដែរ។
ដោយឡែកចំពោះវិសាលភាពស្ទូឌីយ៉ូ វិញ លោក ឃឹម សារិទ្ធ បានបញ្ជាក់ថា ផ្ទៃដីសម្រាប់កសាងស្ទូឌីយូថតខ្សែភាពយន្តនេះ ទាំងអស់មានចំនួន ៣៤ ៣៨១,៨១ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិសំណង់ ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment