ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃពុធនេះ បានប្រកាសសាលក្រម និងផ្ដន្ទាទោសនិស្សិតពេទ្យឆ្នាំទី៦ម្នាក់នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត និងសុខាភិបាលឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំប៉ុន្តែការអនុវត្តទោសត្រូវបានអនុវត្តតែរយៈពេលបីខែ និង១៥ថ្ងៃប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន៦លានរៀលពាក់ព័ន្ធនឹងការបើករថយន្តបុកបណ្ដាលឲ្យក្មេងបីនាក់ស្លាប់ និង១១នាក់ទៀតបានរងរបួសធ្ងន់កាលពីដើមខែមីនាឆ្នាំ២០១៣នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
លោក កោ វណ្ឌី ដែលជាអនុប្រធាន និងចៅក្រមជំនុំជម្រះនៅតុលាការក្រុងភ្នំពេញបានអានសាលក្រមថា៖«ផ្អែកតាមសវនាការ និងចម្លើយសារភាពរបស់ជនជាប់ចោទ តុលាការបានរកឃើញថា ឈ្មោះ គាម ពិសិដ្ឋ ណារីតា ពិតជាបានប្រព្រឹត្តបទល្មើសដូចជាការចោទប្រកាន់មែន។ ប៉ុន្តែដោយសារតែនាងមនុស្សមានជំងឺស្កន់និងស្ពឹកដោយមានវេជ្ជបញ្ជាផ្លូវការពីក្រុមគ្រូពេទ្យ តុលាការសម្រេចផ្ដន្ទាទោសនាងឲ្យជាប់ពន្ធនាគារបីឆ្នាំតែការអនុវត្តទោសជាក់ស្ដែងគឺរយៈពេលបីខែនិង១៥ថ្ងៃប៉ុណ្ណោះ ហើយទោសនៅសល់ត្រូវព្យួរ ទាំងអស់និងពិន័យជាប្រាក់ចំនួន៦លានរៀលដាក់ចូលក្នុងថវិការដ្ឋ»។
លោកបានបន្ថែមថា៖«តុលាការបានហាមឃាត់មិនឲ្យឈ្មោះ គាម ពិសិដ្ឋណារីតា បើកបររថយន្តគ្រប់ប្រភេទចាប់ពីពេលនេះតទៅ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ប្រភពពី៖ cambodiapage.info

